រាជធានីភ្នំពេញ៖ ធនាគារ ABA មានកត្តិយសប្រកាសការបរិច្ចាគជាមួយថវិកាសរុបចំនួន 10,000 ដុល្លាអាមេរិក ជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលជាអង្គការអន្តរជាតិមិនរកប្រាក់កម្រៃ ដែលប្តេជ្ញាចិត្តក្នុងការផ្តល់សេវាព្យាបាលជំងឺ ឥតគិតថ្លៃជូនកុមារទូទាំងប្រទេសកម្ពុជា។ ការរួមចំណែកដ៏ធំធេងនេះ នឹងជួយដល់បេសកម្មរបស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងការពង្រីកសេវាកម្មថែទាំសុខភាព ជាមួយការសាងសង់មជ្ឈមណ្ឌលព្យាបាលទី2របស់ពួកគេ ។
មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន ដែលនឹងគ្រោងបើកដំណើរការនៅក្រុងតាខ្មៅ ក្នុងខែតុលា ឆ្នាំ 2025 មានសេវាឯកទេសផ្នែកជំងឺទូទៅ ផ្នែកសល្យសាស្ត្រ និងជំងឺមហារីកកុមារ។ គម្រោងពង្រីកមណ្ឌលព្យាបាលនេះ ជាចំណែកដ៏សំខាន់ ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការការថែទាំសុខភាពប្រកបដោយគុណភាព និងធានាថាកុមារជាច្រើនរូបនឹងទទួលបានការសង្គ្រោះជីវិតតាមរយៈការព្យាបាល ។
ពិធីប្រគល់ថវិកាឧបត្ថម្ភនេះ បានប្រព្រឹត្តឡើងនៅថ្ងែទី11 ខែធ្នូ ឆ្នាំ2024 ក្រោមវត្តមានរបស់លោក Zhiger Atchabarov ប្រធានប្រតិបត្តិការនៃធនាគារ ABA និង លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ព្រមទាំងក្រុមការងារនៃភាគីទាំងពីរ នៅមជ្ឈមណ្ឌលផ្ទាល់ ក្នុងស្រុកឧដុង្គ ខេត្តកណ្តាល ។
លោក Zhiger Atchabarov មានប្រសាសន៍ថា៖ «ថ្ងៃនេះ ធនាគារ ABA មានកត្តិយសក្រៃលែង ក្នុងការរួមចំណែកដល់ការពង្រីកសាខាទី២ របស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងក្រុងតាខ្មៅ ។ យើងខ្ញុំ យល់ច្បាស់ថាការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរបស់បុគ្គលម្នាក់ៗ និងសហគមទាំងមូល» ។
លោកក៏បានបន្តថា៖ «ពេលវេលានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចក្ខុវិស័យរួមគ្នា ក្នុងការផ្តល់ការថែទាំសុខភាពដែលល្អប្រសើរ និងអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។ យើងខ្ញុំសង្ឃឹមថា តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននេះ នឹងជួយសង្គ្រោះជីវិតជាច្រើនបន្តទៀត» ។
លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ ក៏មានប្រសាសន៍ថា “នៅមជ្ឈមណ្ឌលព្យាបាល យើងខ្ញុំជឿជាក់ថាកុមារគ្រប់រូបសមនឹងទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាពិសេសក្មេងៗដែលកើតជំងឺមហារីក ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ។ ប៉ុន្តែគ្រួសារជាច្រើន ប្រឈមនឹងបញ្ហាជាច្រើនក្នុងការព្យាយាមគាំទ្រការព្យាបាលកូនរបស់ពួកគាត់ ។
លោកស្រីវេជ្ជបណ្ឌិតក៏បានបន្តថា៖ «ដូច្នេះហើយ ការបរិច្ចាគនេះនឹងផ្លាស់ប្តូរជីវិតរបស់ពួកគេកាន់តែប្រសើរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ ABA សម្រាប់ការបរិច្ចាគដ៏សប្បុរសនេះ។ យើងខ្ញុំ ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នាក្នុងថ្ងៃអនាគត និងបន្តបេសកម្មរួមគ្នាក្នុងការផ្តល់ការថែទាំដល់អ្នកដែលត្រូវការបំផុត។ ជាចុងក្រោយ យើងខ្ញុំសូមសំណូមពរ អាណាព្យាបាលគ្រប់រូបដែលដឹងថាកូនៗមានអាការៈដូចនឹងកើតជំងឺមហារីកណាមួយ មកពិគ្រោះ និងទទួលព្យាបាលពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនដោយឥតគិតថ្លៃ» ។
ចាប់តាំងពីការពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2009 និងចាប់ផ្តើមផ្តល់សេវាព្យាបាលជំងឺមហារីកនៅឆ្នាំ 2018 មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងខេត្តកណ្តាល បានធ្វើការដោយឥតហត់នឿយ។ មកដល់ខែធ្នូ ឆ្នាំ 2023 មជ្ឈមណ្ឌលបានផ្តល់ការថែទាំសុខភាព និងពិនិត្យជំងឺចំនួន 98,363 និងការវះកាត់ចំនួន 8,680។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបានផ្តល់ការព្យាបាលដល់អ្នកជំងឺក្រៅចំនួន 20,000 នាក់ និងអ្នកជំងឺវះកាត់ចំនួន 3000 ករណី ។
ធនាគារ ABA នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគំនិតផ្តួចផ្តើមថែទាំសុខភាពប្រកបដោយគុណភាព ដែលជាសមិទ្ធផលយូរអង្វែងមួយដែលគិតលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ នាពេលអនាគត ។
អតិថិជនរបស់ ABA ក៏អាចរួមចំណែកក្នុងការគាំទ្រដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដោយផ្ទាល់ក្នុងកម្មវិធី ABA Mobile បាន ។ លោកអ្នកអាចបរិច្ចាគដោយគ្រាន់តែធ្វើតាមជំហានទាំងនេះ៖
• បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង ទូទាត់ប្រាក់
• ចូលទៅផ្នែក សប្បុរសធម៌ និងការបរិច្ចាគ និងជ្រើសរើស មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
• ជ្រើសរើសគណនីធនាគារដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់ រួចចុចប៊ូតុង បង់ឥឡូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ