រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku បានធ្វើការហ្វឹកហាត់ដោយបិទទ្វារ ដើម្បីប្រមូលផ្កុំកម្លាំង និងការផ្តោតអារម្មណ៍របស់ក្រុមឡើងវិញ ត្រៀមសម្រាប់ការប្រកួតបន្ត ពានរង្វាន់ជើងឯកអាស៊ាន AFF Championship ឆ្នាំ ២០២៤ (ASEAN Mitsubushi Electric Cup 2024)។
កម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤៥នាទីល្ងាច ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទីម័រខាងកើត មុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក នៅថ្ងៃទី២០ ខែធ្នូ ដើម្បីតទល់នឹងម្ចាស់ផ្ទះថៃ។ ដ្បិតកម្ពុជាត្រូវការឈ្នះទាំងពីរប្រកួត ដើម្បីមានឱកាសបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជំនួបនាថ្ងៃទី១៧ ខែធ្នូ គឺជាការប្រកួតទី៣របស់ក្រុមគោព្រៃកម្ពុជា នៅក្នុងពូល A តែជាប្រកួតចុងក្រោយសម្រាប់ទីម័រខាងកើត និងបង្គ្រប់កិច្ចផងដែរ ក្រោយក្រុមរបស់គ្រូបង្វឹកជនជាតិឈីលី លោក Simon Elissetche គឺជាក្រុមដំបូងគេហាលអាវពីពានរង្វាន់ AFF Championship ឆ្នាំ ២០២៤។
ឆ្លងកាត់២ប្រកួតកន្លងមក កម្ពុជាស្មើភ្ញៀវម៉ាឡេស៊ី ២-២ និងចាញ់ម្ចាស់ផ្ទះសិង្ហបុរី ២-១ ឈរនៅចំណាត់ថ្នាក់លេខ៤។ ចំណែកទីម័រខាងកើត ដែលពុំមានកីឡដ្ឋានសមស្របតាមស្តង់ដារសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយសម្រេចប្រើកីឡដ្ឋាន Hang Day របស់វៀតណាមជាទឹកដីខ្លួននោះ បានចាញ់ភ្ញៀវថៃ ០-១០ បន្តចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ៣-២ មុនចាញ់ភ្ញៀវសិង្ហបុរី ៣-០។
ក្រឡេកមកមើលពូល A ថៃក្នុងនាមក្រុមការពារតំណែងជើងឯកកំពុងឈរកំពូលតារាង ដោយមាន៦ពិន្ទុស្មើនឹងសិង្ហបុរី។ ម៉ាឡេស៊ីឈរនៅលេខ៣ មាន៤ពិន្ទុ រីឯកម្ពុជាឈរនៅលេខ៤ មាន១ពិន្ទុ ខណៈដែលទីម័រខាងកើតនៅបាតតារាងគ្មានពិន្ទុរាប់ និងហាលអាវនៅត្រឹមវគ្គចែកពូល។
ដោយឡែក ពូល B ក៏កំពុងតែប្រទាញប្រទង់ខ្លាំង ដោយវៀតណាមកំពុងកាន់កាប់កំពូលតារាង ដោយមាន៦ពិន្ទុ ឥណ្ឌូណេស៊ីឈរនៅលេខ២ មាន៤ពិន្ទុ។ ចំណែកហ្វីលីពីន ឈរលេខ៣ មាន២ពិន្ទុស្មើជាមួយឡាវឈរនៅលេខ៤ ខណៈមីយ៉ាន់ម៉ានៅបាតតារាងមាន១ពិន្ទុ។ ក្រុមលេខ ១ និងលេខ២ នៅក្នុងពូលទាំងពីរ នឹងបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស ។ បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ASEAN United FC)
ចែករំលែកព័តមាននេះ