ខេត្តបន្ទាយមានជ័យ ៖ សត្វកែះឈ្មោល១ក្បាលទម្ងន់ជាង៥០គីឡូក្រាម ត្រូវបានអ្នកស្រុកទៅស្រែប្រទះឃើញឆ្កែដេញធ្លាក់ទឹកអាងអន្លង់ត្រាច ក្នុងភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក៏នាំគ្នាចាប់យកទៅប្រគល់ឱ្យមន្ត្រីឧទ្យានុរក្ស ។
លោក លីវ សុគុណ មេឃុំថ្មពួក ថ្លែងថា សត្វកែះឈ្មោល១ក្បាលនេះត្រូវឆ្កែអ្នកស្រុក ដេញខាំរត់ធ្លាក់ទឹកអាងអន្លង់ត្រាច ទើបចាប់បានប្រគល់ជូនអាជ្ញាធរឃុំថ្មពួក ហើយអាជ្ញាធរប្រគល់បន្តទៅមន្ត្រីឧទ្យានុរក្សការពារទេសភាពបន្ទាយឆ្មារនិងតំបន់បេតិកភ័ណ្ឌភ្នំព្រះភ្នំវែង ដើម្បីយកទៅអភិរក្ស ។
លោកមេឃុំបញ្ជាក់ថា មុនពេលចាប់បានសត្វកែៈនេះ មានកសិករ៤ទៅ៥នាក់បណ្ដើរឆ្កែមួយហ្វូងមានពី៤ទៅ៥ក្បាលទៅមើលស្រែ ។ ពេលនោះ ឆ្កែប្រទះឃើញសត្វកែះនេះ ក៏ដេញខាំរហូតធ្លាក់ទឹកអាងអន្លង់ត្រាច និងហែលទៅទួលកណ្តាលកោះ ក៏ត្រូវកសិករទាំងនោះនាំគ្នាដេញចាប់បាន សែងយកមកប្រគល់ឲ្យអាជ្ញាធរឃុំ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា សត្វកែះនេះ ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារបានទទួលពីសហគមន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូនទៅកាន់ឧទ្យាន សួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ។
ឯកឧត្តមបានវាយតម្លៃផងដែរថា វត្តមានរបស់សត្វ«កែះ» អាចមានច្រើនជាងនេះ ដែលនេះគឺជាការល្អ ហើយមិនមែនជាការរំខាននោះទេចំពោះមនុស្ស ។ ហើយឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបើឃើញសត្វព្រៃសូមកុំឱ្យមានការបរបាញ់ ត្រូវយកចិត្តទុកដាក់ ក្នុងការអភិរក្សថែរក្សាសត្វព្រៃ ព្រោះវានិងផ្តល់សារៈប្រយោជន៍ទៅដល់សហគមន៍វិញ តាមរយៈចំណូលពីភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ។
សត្វ«កែះ»ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ដើម្បីយកសាច់ ស្នែងឆ្អឹង និងការជួញដូរ ។ «កែះ»ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCNថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា ។
លក្ខណៈជីវសាស្ត្រ«កែះ»ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិ ថ្នាក់ក្រោមច្រើន ។ «កែះ»ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រជួបប្រទះវាណាស់ ។
«កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់ ។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ ។
នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្រ បន្ទាប់ពីពពោះរយៈពេល៧ខែ ។ កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ ។ សត្វ«កែះ» គេអាចសម្គាល់បានគឺ វាមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង ។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ ។
នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង ។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ ។ សត្វ«កែះ» វាមានស្នែងដូចសត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មីល្លីម៉ែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ