ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​អេ​មី​រ៉ាត អា​រ៉ាប់​រួម ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នឹង​ពង្រឹង និង​ជំរុញការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ចពាណិជ្ជកម្ម

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម សា​ក័​រ ហ្គូ​បាស (Saqr Ghobash) ប្រធាន​សភា​នៃ​ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម​ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នឹង​ពង្រឹង…

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម សា​ក័​រ ហ្គូ​បាស (Saqr Ghobash) ប្រធាន​សភា​នៃ​ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម​ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នឹង​ពង្រឹង និង​ជំរុញការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរ​។

ការ​លើក​ឡើង​របស់​ប្រធាន​សភា​អេ​មី​រ៉ាត​អា​រ៉ាប់​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សា​ក័​រ ហ្គូ​បាស (Saqr Ghobash) ប្រធាន​សភា​នៃ​ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម​។
ឯកឧត្តម ប្រធាន Saqr Ghobash បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​តេ​ជោ និង​គណៈប្រតិភូ និង​ក្តី​រីករាយ​ដែល សម្តេច​តេ​ជោ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម​។

ឯកឧត្តម បាន​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នា​ពេល​នេះ នឹង​ពង្រឹង និង​ជំរុញ ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។ ឯកឧត្តម បាន​លើក​ឡើង​ថា ឯកឧត្តម ដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង សោកនាដកម្ម​។ ឯកឧត្តម សូម​វាយតម្លៃ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​កិច្ច​ប្រឹងប្រែង​របស់ សម្តេច ដែល​បាន​ធ្វើ​ពលិកម្ម​សព្វបែបយ៉ាង​ដើម្បី​សន្តិភាព​ជូន​កម្ពុជា​។

ឯកឧត្តមបន្ត​ថា ប្រទេស​យើង​ទាំង​ពីរ​បាន​ចុះ កិច្ចព្រមព្រៀង​ពាណិជ​កម្ម​សេរី (FTA)​។ អ្វី​ដែល​សំខាន់ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ក្លាយជា​ការ​ពិត​។ រដ្ឋសភា អេ​មី​រ៉ាត អា​រ៉ាប់​រួម អាច​ដើរតួ​នាទី​សំខាន់​ក្នុង​កិច្ចការ​នេះ​។ ជាក់ស្តែង រដ្ឋសភា​របស់​ឯកឧត្តម បាន​បង្កើត​ក្រុម​មិត្តភាព​សភា អេ​មី​រ៉ាត អា​រ៉ាប់​រួម និង​កម្ពុជា​។ ឯកឧត្តម​បាន​ស្នើ​ថា ប្រសិនជា​សម្តេច​តេ​ជា ឯកភាព រដ្ឋសភា​របស់ ឯកឧត្តម អាច​រៀបចំ និង​ចុះហត្ថលេខា​លើ MoU ជាមួយ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ឯក​ឧត្ត​ប្រធាន​សភា ចំពោះ​ការ​អញ្ជើញ និង បដិសណ្ឋាកិច្ច សម្តេច និង គណៈប្រតិភូ​យ៉ាង​កក់ក្តៅ​។ សម្តេច បាន​ចាត់​ទុក​ថា កិច្ច​សន្ទនា​នា​ពេល​នោះ បាន​ឆ្លុះ​បញ្ចាំង​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​។ សម្តេច ក៏​បាន​អរគុណ ឯកឧត្តម​ប្រធាន​សភា ផង​ដែល​បាន​រំលឹក​ពី​ពលិកម្ម​របស់​សម្តេច ទាក់ទង​នឹង​អតីតកាល ប្រវត្តិ និង ការ​លំបាក​ដែល​បាន​ឆ្លងកាត់ ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា​។ សម្តេច បាន​បន្ថែម​ថា ការ​ចាកចេញ​របស់​សម្តេច ពី​តំណែង​នាយក​រដ្ឋមន្ត្រី ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ឱ្យ​អ្នក​បន្តវេន​កាន់​អំណាច គឺជា​ការ​លះបង់ របស់​សម្តេច ប្តូរ​នឹង​សន្តិភាព និង​ស្ថិរភាព​រយៈពេល​វែង​។

សម្តេច បាន​វាយតម្លៃ​ខ្ពស់ និង​អរគុណ​ចំពោះ​តួនាទី​សកម្ម​របស់​សភា អេ​មី​រ៉ាត អា​រ៉ាប់​រួម នៅ​ក្នុង​ភាព​ជោគជ័យ​នៃ​មហាសន្និបាត ICAPP លើក​ទី​១២ និង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) នៅ​រាជធានី​ភ្នំពេញ នា​ខែវិច្ឆិកា​កន្លង​ទៅ ដែល​បាន​អនុញ្ញាត​ឱ្យ​មានការ​អនុម័ត ធម្មនុញ្ញ​សន្តិភាព​សកល ដើម្បី​ប្រជាជន និង​ភព​ផែនដី​។

សម្តេច​តេ​ជោ សំដែង​នូវ​ក្តី​ពេញចិត្ត ចំពោះ​គុណភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​។ សម្តេច​បាន​បន្ត​ថា កម្ពុជា និង អេ​មី​រ៉ាត អា​រ៉ាប់​រួម បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) និង មាន​សក្តានុពល​ធំធេង​សម្រាប់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ទោះ​នៅ​ឆ្ងាយ​ពី​គ្នា​បន្តិច​ក៏​ដោយ​។
សម្តេច​តេ​ជោ បាន​រលឹក​ថា នៅ​ក្នុង​ពេល​ចុះហត្ថលេខា FTA សម្តេច​តេ​ជោ ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អេ​មី​រ៉ាត ឱ្យ​ពិនិត្យ​លទ្ធភាព​ជំរុញ​វិនិយោគ​នៅ​កម្ពុជា នៅ​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម​កែ​ច្នៃ ជា​ពិសេស អង្ករ គ្រាប់ស្វាយចន្ទី និង​កសិផល​ជា​ច្រើន​ទៀត ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។ ផ្អែក​លើ​បទ​ពិសោធ​នយោបាយ​ដ៏​យូរ​ជាង​៤៥​ឆ្នាំ សម្តេច​តេ​ជោ យល់​ច្បាស់​ពី​ម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់​ក្នុង​ការ មាន​ដៃគូ​ពាណិជ្ជកម្ម​ច្រើន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដោយ​កម្ពុជា ត្រូវ​រក្សា​សន្តិភាព​ឱ្យ​រឹង​មាំ​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) និង អាស៊ាន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​តំបន់​និង​អន្តរជាតិ​។ ទន្ទឹង​នឹង​ពេល​ដែល​សហភាព​អឺរ៉ុប ( EU) កំពុង​ចរចា FTA ជាមួយ​អាស៊ាន ការ​ចរចា FTA រវាង អាស៊ាន និង GCC គួរ​ត្រូវ​ព​ន្លឿ​ន និង​បញ្ចប់​ឱ្យ​បាន​ឆាប់​។ ការ​ចរចា​រវាង GCC និង អាស៊ាន មាន​ភាព​ងាយស្រួល ដោយសារ គ្មាន​ដាក់​លក្ខខណ្ឌ​ទុកជា​មុន ហើយ​អង្គការ​តំបន់​ទាំង​ពីរ ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ដូច​គ្នា​។ ប្រទេស​សមាជិក​អាស៊ាន មាន​ប្រជាជន ជិត​៧០០​លាន​នាក់ ហើយ​ប្រទេស​សមាជិក​GCC ក៏​មាន​ច្រើន​ដែរ​។ អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​យើង​ទាំង​ពីរ គួរ​ជំរុញ​រាជរដ្ឋាភិបាល​ឱ្យធ្វើ​ការងារ នេះ​។

សម្តេច​តេ​ជោ និង​ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​ផ្លាស់​ប្តូរ​យោបល់ និង​ទស្សនៈ​ផង​ដែរ លើ​ស្ថានការណ៍ និង​បញ្ហា​តំបន់​។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ បាន​អញ្ជើញ ឯកឧត្តម​ប្រធានរដ្ឋសភា អេ​មី​រ៉ាត អា​រ៉ាប់​រួម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​ខាង​មុខ​។ ឯកឧត្តម​ប្រធានរដ្ឋសភា សូម​អរគុណ និង​ទទួល​ដោយ​ក្តី​រីករាយ​នូវ​ការ​អញ្ជើញ​របស់ សម្តេច​តេ​ជោ ក្នុង​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​សម​ស្រប​ខាង​មុខ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ