ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២​នាក់ លួច​ម៉ូតូ​អ្នក​ឡើងត្នោត​បាន​ហើយ តែ​អស់លក្ខណ៍​ត្រឹម​ស្បែកជើងផ្ទាត់​១​ចំហៀង

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក ម៉ូតូ​របស់​បុរស​អ្នក​ឡើងត្នោត​ម្នាក់ ដែល​ទុក​នៅ​ក្រោម​ដើម​ត្នោត ហើយ​រវល់​តែ​ឡើង​ទៅ​ដាក់​ទឹកត្នោត​នៅ​លើ​ចុង ប៉ុន្តែ​ពេល​លួច​បាន​ហើយ ឡើង​ជិះ​ប្រុង​គេចខ្លួន ស្រាប់តែ​ជ្រុះ​ស្បែកជើងផ្ទាត់…

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក ម៉ូតូ​របស់​បុរស​អ្នក​ឡើងត្នោត​ម្នាក់ ដែល​ទុក​នៅ​ក្រោម​ដើម​ត្នោត ហើយ​រវល់​តែ​ឡើង​ទៅ​ដាក់​ទឹកត្នោត​នៅ​លើ​ចុង ប៉ុន្តែ​ពេល​លួច​បាន​ហើយ ឡើង​ជិះ​ប្រុង​គេចខ្លួន ស្រាប់តែ​ជ្រុះ​ស្បែកជើងផ្ទាត់ ១​ចំហៀង ខណៈនោះ​លោក​ចោរ​ក៏​បាន​ត្រលប់​ក្រោយ​ទៅ​រើស​ស្បែកជើង​នោះ​វិញ ហើយ​ត្រូវ​បាន​សិស្សសាលា ៣​នាក់ ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ ក៏​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​កម្មករ​សំណង់ កំពុងធ្វើការ​នៅ​ជិត​នោះ ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់ និង​រត់​រួច​ម្នាក់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​ចំណុច​ក្រោម​ដើម​ត្នោត​លើ​ដី​វាល​ក្បែរ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច ពុំ​ទាន់​ប្រាប់​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ម្នាក់​នោះ នៅឡើយ​ទេ ចំណែក​បុរស​អ្នក​ឡើងត្នោត​ខាងលើ​ឈ្មោះ អ៊ុ​ល យី​ន អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​អ្នក​ឡើងត្នោត បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-6309 ចេញពី​កន្លែង​ស្នាក់​នៅ​ទៅ​ឡើងត្នោត នៅ​ទីតាំង​កើតហេតុ​ខាងលើ​។ ដោយពេល​ទៅ​ដល់ បាន​ទុក​ម៉ូតូ​នៅ​ក្រោម​ដើម​ត្នោត ហើយ​នៅ​លើ​ម៉ូតូ​របស់​គាត់​នោះ ក៏​មាន​ដឹក​សម្ភារៈ​ផលិត​ទឹកត្នោត ដូច​ជា​ដង្កៀប​កៀប​ផ្កាត្នោត​ញី និង​ឈ្មោល ព្រមទាំង​ខ្សែ​ចង្វាយ ផង​ដែរ ។

បុរស​នោះ បាន​និយាយ​បន្ត​ទៀត​ថា លុះ​ទុកដាក់​ចាក់សោ​.​ក​ម៉ូតូ​រួចរាល់ គាត់​ក៏​បាន​ឡើង​ទៅ​ដាក់​ទឹកត្នោត​នៅ​លើ​ចុង ពេល​នោះ​ស្រាប់តែ​មាន​ចោរ​ទៅ​លួច​កាច់​.​ក​ម៉ូតូ​គាត់ ប៉ុន្តែ​បាន​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់​បាន​យក​មក​វិញ ។ គាត់​ពិតជា​ត្រេកអរ និង​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់​ដែល​បាន​ជួយ​ដេញ​ចាប់ចោរ និង​យក​បាន​ម៉ូតូ​គាត់​ត្រលប់​មក​វិញ ព្រោះ​ពិបាក​ខ្លាំង​ណាស់ ទំ​រាំ​តែ​សន្សំ​លុយ​ទិញ​បាន​ម៉ូតូ ១​គ្រឿង​នេះ សម្រាប់​ជិះ​ទៅ​ឡើងត្នោត កន្លែង​ឆ្ងាយ​ៗ បើសិន​បាត់​វិញ គឺ​ចប់​ហើយ ។

ដោយឡែក កម្មករ​សំណង់ ដែល​ធ្វើការ​ជិត​នោះ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ ចោរ​២​នាក់​នោះ បាន​ជិះ​ម៉ូតូ ១​គ្រឿង ឌុ​ប​គ្នា​ចេញ​ដើរ​ធ្វើ​សកម្មភាព​លួច ហើយ​ខណៈ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ បានឃើញ​ម៉ូតូ​អ្នក​ឡើងត្នោត ចត​ទុក​ក្រោម​ដើម​ត្នោត ហើយ​ម្ចាស់​រវល់​តែ​នៅ​លើ​ចុង​ត្នោត ពួក​ចោរ​ក៏​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច ដោយ​ម្នាក់​នៅ​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ដែល​ជា​មធ្យោបាយ​ជិះ​ដើរ​ធ្វើ​សកម្មភាព​លួច និង​ម្នាក់​ទៀត​ចុះ​ដើរទៅ​កាច់​.​ក​ម៉ូតូ​ក្រោម​ដើម​ត្នោត​នោះ លុះ​ពេល​កាច់​បាន​ហើយ ក៏​ឡើង​ជិះ​ដើម្បី​គេចខ្លួន ប៉ុន្តែ​ច​ចង្រៃ​អី បាន​ជ្រុះ​ស្បែកជើងផ្ទាត់​មួយ​ចំហៀង ទើប​ជនសង្ស័យ​រូប​នោះ ចុះ​រត់​ត្រលប់​ក្រោយ ទៅ​យក​ស្បែកជើង​វិញ ។

ប្រភព​ដដែល បាន​ប្រាប់​ទៀត​ថា ខណៈនោះ ត្រូវ​បាន​សិស្សសាលា ៣​នាក់ ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ក៏​ប្រទះ​ឃើញ​ស្គាល់​ថា ម៉ូតូ​នោះ​ជា​របស់​អ្នក​ឡើងត្នោត ព្រោះ​ធ្លាប់​ឃើញ​គាត់​ជិះ​ទៅ​ឡើងត្នោត ហើយ​ទុក​នៅ​ទីនោះ​រាល់ថ្ងៃ ។ ទើប​សិស្សសាលា ក៏​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​កម្មករ​សំណង់​ជិត​នោះ នាំ​គ្នា​ឡោម​ព័ទ្ធ និង​ដេញចាប់ ហើយ​ក៏​មាន​អ្នក​ភូមិ​ម្នាក់ ជិះ​ម៉ូតូ​ទៅ​បំ​បុក បណ្ដាល​ឲ្យ​ចោរ​ម្នាក់​នោះ ដួល​ទើប​ចាប់​បាន និង​យក​ម៉ូតូ​បាន​មក​វិញ ។ ពេល​នោះ ប្រជាពលរដ្ឋ ក៏​បាន​ស្វាគមន៍​ម្នាក់ ១​ដៃ ម្នាក់​១​ជើង រួច​ទើប​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្ខពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ