ប្រទេសវៀតណាម ៖ ប៉ូលិសទីក្រុងហាណូយបានចាប់ខ្លួនមនុស្សចំនួន៦នាក់ ពីបទរត់ពន្ធឧស្ម័នណាយទ្រីសអុកសៃ (Nitrous Oxide) ដែលត្រូវបានស្គាល់ជាទូទៅថា «ឧស្ម័នសើច ឬឧស្ម័នរីករាយ» ជាង៧,៣៣០តោនតម្លៃស្មើនឹង៥លានដុល្លារអាមេរិក ដោយបង្កើតប្រាក់ចំណេញខុសច្បាប់ចំនួន ១៣០ពាន់លានដុង ឬស្មើនឹង៥.៣លានដុល្លារ។
ប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ប៉ូលិសបានប្រកាសថា បុគ្គល៦រូបត្រូវបានចាប់ខ្លួន កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរត់ពន្ធ និង រំលោភលើបទប្បញ្ញត្តិបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សង្គម។ ប្រភពដដែលបន្តថា ជនសង្ស័យបានបង្កើតក្រុមហ៊ុនឈ្មោះ DCMC Vietnam Trading Co. Ltd. មានមូលដ្ឋាននៅតំបន់ណាំធូលឹម (Nam Tu Liem) ទីក្រុងហាណូយ ដើម្បីកេងចំណេញចន្លោះប្រហោងក្នុងនីតិវិធីច្បាប់ នៃការនាំចូលឧស្ម័នណាយទ្រីសអុកសៃ ដោយក្លែងបន្លំថាជាឧស្ម័នបន្ថែមក្នុងការកែច្នៃអាហារ។
ឧស្ម័នណាយទ្រីសអុកសៃ ដែលមានប្រភពពីអ្នកផ្គត់ផ្គង់ពីបរទេស ត្រូវបានដឹកជញ្ជូនតាមទីក្រុងកំពង់ផែហៃផុង (Hai Phong) និងខេត្តឡៅ កៃ (Lao Cai) ភាគខាងជើងប្រទេសវៀតណាម ដើម្បីយកមករក្សាទុកនៅទីតាំងមួយចំនួនក្នុងខេត្តហ៊ឹងអៀន (Hung Yen) និងខេត្តបាកនិញ (Bac Ninh) ក្បែរទីក្រុងហាណូយ។ ប៉ូលិសបានប៉ាន់ប្រមាណថាមានឧស្ម័នណាយទ្រីសអុកសៃជាង ៧,៣៣០តោន ត្រូវបាននាំចូលមានតម្លៃជាង៥លានដុល្លារ។
ក្រុមល្មើសច្បាប់នេះ បានលក់ឧស្ម័នណាយទ្រីសអុកសៃបន្តទៅឱ្យអាជីវកម្មផ្គត់ផ្គង់បារ ហាងស្រា និងក្លិបរាត្រី ដោយគេចវេសពីពន្ធ និងធ្វើឱ្យរដ្ឋខាតបង់ជិត ២៤ពាន់លានដុង ឬស្មើនឹង ១លានដុល្លារ។ អាជ្ញាធរក៏បានរឹបអូសវត្ថុតាងរួមមាន លុយដុងចំនួន ៣០ពាន់លានដុង ឬស្មើនឹង ១.១លានដុល្លារ និងប្រាក់ដុល្លារអាមេរិក ៩,៣០០ដុល្លារ។
គួរឱ្យដឹងផងដែរថា ឧស្ម័នណាយទ្រីសអុកសៃ ជាទូទៅត្រូវបានប្រើប្រាស់ជាសារធាតុគីមីឧស្សាហកម្ម ការកែច្នៃអាហារ ឬថ្នាំសណ្តំបំបាត់ឈឺចាប់ ជាពិសេសសម្រាប់ពេទ្យធ្មេញ។ ប៉ុន្តែការប្រើសម្រាប់ការកម្សាន្តរបស់យុវជនដោយស្រូបពីប៉េងប៉ោង គឺបង្កហានិភ័យសុខភាពធ្ងន់ធ្ងរ រួមទាំងខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ សរសៃឈាមបេះដូង ការញៀន ហើយធ្ងន់ធ្ងរខ្លាំងអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។
បើទោះបីជាឧស្ម័នណាយទ្រីសអុកសៃ មិនត្រូវបានចាត់ថ្នាក់ជាគ្រឿងញៀនក្នុងប្រទេសវៀតណាមក៏ពិតមែន ប៉ុន្តែការប្រើប្រាស់ខុសផ្តល់ផលវិបាកធ្ងន់ធ្ងរ ពិសេសលើយុវវ័យ។ អ្នកប្រើប្រាស់អាចរងផលប៉ះពាល់ដូចជា វង្វេងស្មារតី បាត់បង់ម្ចាស់ការ បាត់ការចងចាំ និងទន់ដៃទន់ជើងជាដើម៕
ចែករំលែកព័តមាននេះ