រាជធានីភ្នំពេញ ៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin នាព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។ លោកជំទាវ ទេសាភិបាល បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា ជាមួយ ធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ។
ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតបានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ ។ ឯកឧត្តមបានគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។
ជារួម ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងវិស័យផ្សេងទៀតឱ្យកាន់តែរីកចម្រើន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ