ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​សហជីព​៖ ការ​ចូលរួម​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ រៀបចំ​ដោយ​សហជីព បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​កម្មករ

3 ថ្ងៃ មុន

(​ភ្នំពេញ​)៖ បណ្តា​ក្រុម​សហជីព​ធំ​ៗ​ នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចូលរួម​ផ្ទាល់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៦…

(​ភ្នំពេញ​)៖ បណ្តា​ក្រុម​សហជីព​ធំ​ៗ​ នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចូលរួម​ផ្ទាល់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៦ ក្រោម​ប្រធានបទ “​សិទ្ធិ​សេរីភាព​សហជីព សមាគម និង​ប្រព័ន្ធ​គាំពារ​សង្គម​” ដែល​រៀបចំ​ឡើង​ដោយ​សហជីព ជា​សក្ខីភាព​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​បងប្អូន​កម្មករនិយោជិត និង​រក្សា​ឱ្យ​បាន​នូវ​សុ​ដុម​នី​យ​កម្ម​ នៅ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ នៅ​តាម​រោងចក្រ​ឧស្សាហកម្ម​នៅ​កម្ពុជា ​។​ 

ការ​លើក​ឡើង​របស់​បណ្តា​ក្រុម​សហជីព​បែប​នេះ ​គឺ​នៅ​ក្នុងអំឡុងពេលដែល​បណ្តា​ក្រុម​សហជីព​ប្រារ​ព្វ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៦ (១៩៤៨-២០២៤) ក្រោម​ប្រធានបទ “​សិទ្ធិ​សេរីភាព​សហជីព សមាគម និង​ប្រព័ន្ធ​គាំពារ​សង្គម​” ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងនៅថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វត្តមាន​ចូលរួម​ពី​តំណាង​ស្ថានទូត អង្គការ សមាគម សហភាព​សហជីព សហព័ន្ធ​សហជីព សហជីព​មូលដ្ឋាន និង​កម្មករនិយោជិត ​សរុប​ប្រមាណ​ជាង ២០០០​នាក់ ​។

លោក គង់ អាទិត្យ​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៦ (១៩៤៨-២០២៤) ក្រោម​ប្រធានបទ “​សិទ្ធិ​សេរីភាព​សហជីព សមាគម និង​ប្រព័ន្ធ​គាំពារ​សង្គម​” របស់​សហភាព​ការងារ​កម្ពុជា​ នៅ​ឆ្នាំ​នេះ ​ក្នុង​គោលបំណង​បន្ត​ពិនិត្យ​មើល​ការ​អនុវត្តន៍​ ការ​ផ្តល់​អត្ថប្រយោជន៍ និង​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ចំពោះ​បងប្អូន​កម្មករនិយោជិត និង​លើកយក​សំណើរ​របស់​បងប្អូន​កម្មករនិយោជិត ​ដាក់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​ ។

ជុំវិញ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ ​បាន​គូសបញ្ជាក់​ថា វត្តមាន​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុងឆ្នាំនេះ គឺជា​សក្ខីភាព​មួយ​ដ៏​មាន​សារសំខាន់​បង្ហាញ​ ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញារ​ចិត្ត និង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត​ ។

លោក គង់ អាទិត្យ ក៏​បាន​ចាប់អារម្មណ៍​ ចំពោះ​ការ​លើក​ឡើង​របស់ ឯកឧត្តម ហេង សួរ ផង​ដែរ​លើ​ចំនុច​មួយ​ចំនួន​ ដូច​ជា​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​ តាម​រយៈ​យន្តការ​បេឡា​ជាតិ​សន្តិសុខ​សង្គម​, លើកកម្ពស់​សិទ្ធិ​សេរីភាព​កម្មករនិយោជិត​, ការ​ដាក់​ចេញ​យន្តការ​ពាំនាំ​សំឡេង​កម្មករ​ ទៅ​ដល់​រាជរដ្ឋាភិបាល​, និង​ជា​ពិសេស​គឺ​ការ​ដោះស្រាយ​បញ្ហា​រួម​មួយ ​ដោយ​ជំ​ហ៊ាន​ៗ និង​ដោយ​សន្តិវិធី ​។ ចំណុច​ទាំងនេះ​ សុទ្ធសឹងតែ​ជា​តម្រូវការ​ចាំបាច់​បំផុត ​របស់​បងប្អូន​កម្មករនិយោជិត ហើយ​នេះ​បង្ហាញ​ពី​ការ​រក្សា​ឱ្យ​បាន​នូវ​សុ​ដុម​នី​យ​កម្ម​ នៅ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ពី​សំណាក់​រាជរដ្ឋាភិបាល ​។

ដោយឡែក លោក អាត់ ធន់​ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​សហជីព ​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា (C-CAWDU) បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​របស់​រាជរដ្ឋាភិបាល​ ដែល​មាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​វត្តមាន​មួយ​ដ៏​មាន​សារសំខាន់​ណាស់ ​សម្រាប់​ផ្សារ​ភ្ជាប់​រវាង​ភាគី​រាជរដ្ឋាភិបាល និយោជក សង្គម​ស៊ី​វិល ដើម្បី​ធ្វើការ​ដោះស្រាយ​រួម​គ្នា ដែល​ទាំងនេះ​គឺជា​យន្តការ​មួយ​មាន​សារសំខាន់​ណាស់ ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​។

លោក អាត់ ធន់ បាន​ចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់​លើ​ការ​លើក​ឡើង ​របស់​ឯកឧត្តម ហេង សួរ ដែល​បញ្ជាក់​ពី​ការ​ចេះ​ដាក់​បញ្ហា​នៅ​លើ​តុ ​ដើម្បី​ពិភាក្សា​គ្នា​ដោយ​ស្មោះត្រង់ ដោយ​ចំពោះ ពុំ​មានការ​វាយប្រហារ​គ្នា​ ពីក្រោយ​ខ្នង​ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​របស់​បងប្អូន​កម្មករនិយោជិត ​៕ អត្ថបទសហការ