រាជធានីភ្នំពេញ៖ ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេ ក្នុងប្រទេសកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ឈានមុខគេ បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ជាមួយ ZO Motors (Cambodia) ដែលជាក្រុមហ៊ុនតំឡើង និងចែកចាយរថយន្តអគ្គិសនីប្រើប្រាស់ សម្រាប់អាជីវកម្ម របស់ប្រទេសជប៉ុន ។
តាមរយៈភាពជាដៃគូនេះ ធនាគារ ABA ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនទៅដល់ ក្រុមហ៊ុនZO Motors (Cambodia) ក្នុងនោះរួមមានការភ្ជាប់ KHQR ទៅលើការទូរទាត់សាច់ប្រាក់ សម្រាប់ស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ ZO Motors(Cambodia) ទូទាំងប្រទេស សេវាប្រាក់បៀវត្ស សម្រាប់បុគ្គលិកក្រុមហ៊ុន និងរោងចក្រ សេវាគ្រប់គ្រងសាច់ប្រាក់ និងសេវាផ្សេងៗ ។
បន្ថែមពីនេះទៀត ធនាគារនឹងជួយសម្រួលគាំទ្រ ទៅលើសេវាកម្ចី និងសេវាផ្តាច់កម្ចី សម្រាប់អតិថិជនរបស់អតិថិជនរបស់ ZO Motors(Cambodia) ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី5 ខែធ្នូ ឆ្នាំ 2024 ក្រោមវដ្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA និង លោក Zhao Wenbo នាយកប្រតិបត្តិនៃក្រុមហ៊ុន ZO Motors (Cambodia) ព្រមទាំងក្រុមការងារនៃភាគីទាំងពីរ នៅស្នាក់ការកណ្តាលរបស់ធនាគារ ABA ។
កិច្ចសហប្រតិបត្តិការនេះផងដែរ នឹងជួយជំរុញលើការផលិត និងចែកចាយ រថយន្តអគ្គិសនីប្រើប្រាស់ក្នុងអាជីវកម្ម ជំរុញការផ្លាស់ប្តូរពីយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ទៅជាយានយន្តអគ្គិសនី និងលើកកម្ពស់សេដ្ឋកិច្ចបៃតងក្នុងប្រទេស ។
ភាគីទាំងពីរបានប្តេជា្ញថានឹងខិតខំរួមគ្នា ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការកាត់បន្ថយឧស្មន័បំពុល តាមរយៈការផ្លាស់ប្តូរបរិបទនៃការប្រើប្រាស់រថយន្តដឹកដើរដោយឥន្ធនៈ មកជារថយន្តអគ្គិសនី និងបំពេញនូវតម្រូវការនៃហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់រថយន្តអគ្គិសនី ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ “នៅធនាគារ ABA យើងខ្ញុំមានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុនដែលមានទស្សនៈវិស័យវែងដូច ZO Motors (Cambodia) ដែលជាក្រុមហ៊ុនឈានមុខ ក្នុងការផលិតរថយន្តអគ្គិសនីប្រភេទដឹក ដែលជាការបង្ហាញពីនវានុវត្តន៍ និងទំនួលខុសត្រូវទៅលើបរិស្ថាន។ កិច្ចសហការនេះ មិនត្រឹមតែជាកិច្ចសហការពាណិជ្ជកម្មប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ការការពារបរិស្ថាន លើកកំពស់សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនទៅលើការប្រើប្រាស់យានយន្តអគ្គីសនី ដែលនេះនឹងផ្តល់ជាប្រយោជណ៍រួមដល់ប្រទេសជាតិផងដែរ ។
លោក Zhao Wenbo នាយកប្រតិបត្តិនៃក្រុមហ៊ុន ZO Motors (Cambodia) ក៏មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ZO Motors បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពល ពិសេសការប្រើប្រាស់ថាមពលនៅប្រទេសកម្ពុជា អោយប្រកបទៅដោយនិរន្តរភាព។ ZO Motors (Cambodia) បានប្រកាសជាមួយនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់រថយន្តអគ្គីសនី តាមរយៈគម្រោង «100stations 1000chargers” របស់ខ្លួន ដែលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំខាងមុខ ”យើងខ្ញុំមានគម្រោងនឹងដាក់ពង្រាយស្ថានីយសាកថ្មអោយបានទូទាំងប្រទេស និងគ្របដណ្តប់លើគ្រប់ផ្លូវសំខាន់ៗទាំងអស់ទូទាំងប្រទេស» ។
លោកក៏បានបន្តថា៖ «ភាពជាដៃគូនេះ សបញ្ជាក់ពីទំនុកចិត្ត មហិច្ឆតា លើការសម្រេចគោលដៅរួម ដើម្បីប្រយោជន៍រួម។ បច្ចេកវិទ្យានិងបទពិសោធន៍របស់ធនាគារ ABA រួមជាមួយនឹងទស្សនវិស័យនិងបច្ចេកវិទ្យារបស់ZO Motors យើងនឹងរួមគ្នាសម្រេចបានជាមួយគោលដៅរួមថ្មីក្នុងវិស័យយានយន្ត និងហិរញ្ញវត្ថុ» ។
អំពី ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។
អំពី ZO Motors (Cambodia)
ZO Motors (Cambodia) គឺជាក្រុមហ៊ុនដំឡើង និងចែកចាយរថយន្តអគ្គិសនីប្រភេទដឹក ដំបូងគេ នៅកម្ពុជា ។ ZO Motors (Cambodia) ផ្តោតលើរថយន្តអគ្គិសនីប្រភេទដឹក បំពាក់ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ ដូចជាការបើកបរដោយស្វ័យប្រវត្តិជាដើម ។ យើងជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានដៃគូរខ្សែសង្វាក់ផ្គត់ផ្គង់ធំៗជាច្រើន ក្នុងការគាំទ្រដើម្បីសម្រេចនូវទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងសម័យកាលថ្មីនេះ។ ZO Motors (Cambodia) នឹងបង្កើតប្រវត្តិសាស្ត្រថ្មីនៃប្រទេសកម្ពុជាក្នុងវិស័យយានយន្តអគ្គិសនី កែប្រែហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គីសនីទូទាំងប្រទេស ប្រកបដោយនិរន្តរភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ