ខេត្តកំពង់ចាម ៖ ស្របពេលដែលមនុស្សក្មេងចាស់ប្រុសស្រីកំពុងតែដេកលង់លក់ បន្ទាប់មកនៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ស្រាប់តែមានការភ្ញាក់ផ្អើលដោយឃើញភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅចេញពីផ្ទះលក់សំលៀកបំពាក់មួយកន្លែង នៅជិតផ្សារព្រៃទទឹងក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ ជាមួយនោះ គេឃើញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកមួយគ្រឿង បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់មុនគេ ដើម្បីកុំឲ្យភ្លើងឆាបឆេះរាលដាលបន្តទៅផ្ទះផ្សេង ។
លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានឲ្យដឹងថា ចំពោះទីតាំងផ្ទះដែលឆាបឆេះនោះគឺមានចម្ងាយប្រមាណ១៥០ម៉ែត្រ ពីសាលាស្រុកព្រៃឈរ ហើយស្ថិតនៅប្របតាមបណ្ដោយផ្លូវជាតិលេខ៧ នៅកណ្ដាលអធ្រាត្រ ក្រោយពីទទួលបានព័ត៌មាននេះ រូបលោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរចេញមកអន្តរាគមន៍ ជាមួយគ្នានោះ រូបលោកក៏បានដឹកនាំកម្លាំងចុះបញ្ជាដោយផ្ទាល់តែម្ដង។
រដូវធ្លាក់ខ្យល់មកពីទិសខាងជើង ពេលភ្លើងបានឆេះនោះ ធ្វើឲ្យរឹតតែឆេះខ្លាំងបន្តទៀតមកផ្ទះនៅក្បែរខាង ស្របពេលកំពុងតែមានការភ្ញាក់ផ្អើលឆោឡោមនុស្សរាប់រយនាក់បាននាំគ្នាឈូរឈរមើលហេតុការណ៍ដោយកម្លាំងសមត្ថកិច្ចបានចូលជួយអន្តរាគមន៍ជញ្ជូនរបស់របរចេញពីក្នុងផ្ទះដាក់នៅខាងក្រៅកន្លែងសុវត្ថិភាព ។
មិនយូរនោះទេ រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកកងមាស រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជើងព្រៃ រថយន្តពន្លត់នៃអធិការដ្ឋាននគរបាលស្រុកចំការលើ រថយន្តពន្លត់ស្រុកកំពង់សៀម ព្រមទាំងរថយន្តពន្លត់របស់ស្នងការដ្ឋានខេត្តចំនួន២គ្រឿង ក៏បានចេញមកជួយអន្តរាគមន៍បាញ់ទឹកជាមួយនោះក៏ឃើញមានវត្តមានឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចុះមកបញ្ជាផ្ទាល់ផងដែរ ។
លោកអភិបាលស្រុកបញ្ជាក់ថា ពេលទទួលព័ត៌មានពីម្ចាស់ផ្ទះឈ្មោះបាន់ ង៉ុយ ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមថា មានករណីអគិ្គភយ័ឆាបឆេះនៅផ្ទះរបស់គាត់ ទទួលបានព័ត៌មានភ្លាម ចុះដល់កន្លែងធ្វើការពន្លត់យ៉ាងយកចិត្តទុកដាក់ ។ ការឆាបឆេះបានរាលដាលដល់ផ្ទះជាប់អមសងខាង០២ទៀត ១-ផ្ទះរបស់ឈ្មោះ ជាវ ចាន់ដារ៉ា ភេទប្រុសអាយុ៦៥ឆ្នាំ ។ ២-ផ្ទះរបស់ឈ្មោះ ជិន ស៊ីវិន ភេទប្រុស អាយុ៦៤ឆ្នាំ ធ្វើការពន្លត់ចាប់ពីម៉ោ១២ រហូតដល់ម៉ោង០២និង៣០ យប់រំលងអធ្រាត ឈានចូលព្រឹកថ្ងៃទី០៧ ធ្នូ ២០២៤ ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង មិនមានរងរបួសដល់មនុស្សឡើយ ដោយប្រើប្រាស់រថយន្តអគ្គិភ័យសរុបចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ស៊ីទែន ។
មូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចំពោះទំហំនៃការខូចខាតគឺមាន៤គ្រួសារក្នុងនោះ៣ គ្រួសារត្រូវបានឆេះទាំងស្រុង មួយគ្រួសារឆេះនៅជាន់លើប្រមាណ៣០% ហើយផ្ទះទាំងនេះគឺប្រក់ស័ង្កសីហើយឈើនៅផ្នែកខាងក្រោយ ទំហំគិតជាទឹកប្រាក់គឺលើសពី៣០ម៉ឺនដុល្លារ ។
ជាមួយនោះ កាកបាទក្រហមខេត្ត ក៏ដូចជាស្រុកត្រៀមនាំយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះដោយអគ្គីភ័យនេះអាចធ្វើឡើងនាល្ងាចថ្ងៃទី៧ ធ្នូ ឬក៏ព្រឹកថ្ងៃ៨ ធ្នូ ដើម្បីសម្រាលការលំបាកដល់ពួកគាត់បានមួយកម្រិត ។
ចែករំលែកព័តមាននេះ