ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ចាប់ផ្ដើម​សំបូរ​បណ្ដើរ​ៗ​ហើយ ខណៈ​ត្រី​ចុះ​តាម​ទន្លេ​មិន​ទាន់​ត្រូវ​នៅឡើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ត្រី​នៅ​តាម​ព្រែក ស្ទឹង បឹងបួរ ឆ្នាំ​នេះ សំបូរ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ពេល​ដែល​ទឹក​ឆ្នាំ​នេះ​ធំ ហើយ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ចាប់​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​នានា និង​នាំ​មក​លក់​ចែកចាយ​នៅ​មណ្ឌល​បែងចែក​ផល​នេសាទ​នានា​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ត្រី​នៅ​តាម​ព្រែក ស្ទឹង បឹងបួរ ឆ្នាំ​នេះ សំបូរ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ពេល​ដែល​ទឹក​ឆ្នាំ​នេះ​ធំ ហើយ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ចាប់​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​នានា និង​នាំ​មក​លក់​ចែកចាយ​នៅ​មណ្ឌល​បែងចែក​ផល​នេសាទ​នានា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​បន្ត​នៅ​ទីផ្សារ​នានា​។

ដោយឡែក ត្រី​ដែល​ចុះ​តាម​ទន្លេសាប​រហូត​មក​ដល់​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ ត្រី​មិន​ទាន់​ត្រូវ​នៅឡើយ (​មិន​ទាន់​ចុះ​) ខណៈ​ពេល​ដែល​ប្រជា​នេសាទ​បាន​ត្រៀម​ឧបករណ៍​ផ្សេង​ៗ​នៅ​តាម​ដង​ទន្លេ ដើម្បី​ចាប់​ត្រី​ធ្វើ​ផ្អក​ប្រហុក​នៅ​រដូវ​ត្រី​ត្រូវ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ កោះសន្តិភាព​ក៏​បាន​ចុះ​ផ្ទាល់​ដល់​មណ្ឌល​បែងចែក​ផល​នេសាទ​នៅ​គីឡូម៉ែត្រ​លេខ​៩ ហើយ​សង្កេត​ឃើញ​ថា ត្រី​ទន្លេ​ឆ្នាំ​នេះ​សំបូរ​គួរ​ឲ្យ​កត់សម្គាល់ ។ តាម​អាជីវក​របោះ​ដុំ​ម្នាក់​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា រយៈពេល​៣​ថ្ងៃ​មក​ហើយ ត្រី​ចាប់ផ្ដើម​សម្បូរ​បណ្តើរ​ៗ​ហើយ គាត់​បាន​ប្រមូល​ទិញ​ពី​អ្នកនេសាទ​ដែល​ធ្វើ​នេសាទ​នៅ​តាម​ព្រែក ស្ទឹង​បឹងបួរ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ហើយ​នាំ​មក​លក់​ចែកចាយ​នៅ​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩​នេះ ។

អាជីវករ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ត្រី​ដែល​គាត់​នាំ​យក​មក​លក់​ជា​ត្រី​លេខ​២ គឺ​ត្រី​តូច​ៗ​ដូច​ជា​ត្រី​កេះ​មួយ​គីឡូ​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​ត្រី ។ ដោយឡែក ត្រី​ឆ្ពិន​,​ត្រី​ប្រមា​,​ត្រី​រៀល គឺ​លក់​ក្នុង​មួយ​គីឡូ​៦​ទៅ​៨​ពាន់​រៀល​តែ​ប៉ុណ្ណោះ ។

តាម​អាជីវករ​លក់ដូរ​នៅ​តាម​រោងចក្រ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​មក​ទិញ​ត្រី​នៅ​មណ្ឌល​បែងចែក​ផល​នេសាទ​គីឡូម៉ែត្រ​លេខ​៩​នេះ ដើម្បី​យក​ទៅ​លក់​នៅ​តាម​រោងចក្រ​នៅ​ម្ដុំ​ទួល​ពង្រ ។ នៅ​ព្រឹក​នោះ​ដែរ គេ​ឃើញ​អាជីវករ​ជា​ច្រើន​បាន​ជិះ​រ៉ឺ​ម៉ក​មក​ចត​ត្រៀបត្រា​នៅ​ក្នុង​យឿ​ត្រី​គីឡូ​ម៉ែ​លេខ​៩ ហើយ​ទិញ​ត្រី​ចង​ជា​ចង្កោម​ៗ​យក​ទៅ​លក់​នៅ​តាម​រោងចក្រ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ទូច គង់​ម្ចាស់ មណ្ឌល​ចែកចាយ​ផល​នេសាទ​នៅ​គីឡូ​ម៉ែ​លេខ​៩​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃនេះ​ហើយ​ត្រី​ទន្លេ​មិន​ទាន់​ត្រូវ​នៅឡើយ ។ ហើយ​ត្រី​ដែល​នាំ​មក​លក់​ចែកចាយ​នៅ​ក្នុង​យឿ​ត្រី​របស់​គាត់​ភាគ​ជា​ត្រី​ចិញ្ចឹម​នៅ​តាម​ស្រះ និង​មួយ​ចំនួន​ជា​ត្រី​ទន្លេ ។

លោក​ទូច គង់ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ៩០​ភាគរយ​ជា​ត្រី​ស្រះ​ដែរ​លក់​សល់​ពេល​យប់​ពី​ផ្សារ​ត្រី​នៅ​ព្រែក​ព្នៅ ហើយ​ព្រឹក​ឡើង​នាំ​យក​មក​លក់​នៅ​យឿ​ត្រី​របស់​គាត់​នៅ​គីឡូម៉ែត្រ​លេខ​៩​នេះ ។ មណ្ឌល​បែងចែក​ផល​នេសាទ​គីឡូ​ម៉ែ​ត​៩​នេះ ជាទី​ផ្សារ​លក់រាយ​ត្រី​ចែកចាយ​ទៅ​លក់​បន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិនមែន​លក់​បោះ​ដុំ​ត្រី​នៅ​តាម​រាជធានី​ខេត្ត​ដូច​ផ្សារ​ត្រី​ព្រែក​ព្នៅ​នោះ​ឡើយ​។

ទោះបី​ត្រី​ទន្លេ​នៅ​តាម​ផ្សារ​សំបូរ​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណា អាជីវករ​លក់​ត្រី​អះអាង​ថា ត្រី​ទាំង​នោះ​ជា​ត្រី​ដែល​ចុះ​នៅ​តាម​ព្រែក ស្ទឹង​បឹង បួរ​ដែល​ប្រជា​នេសាទ​បាន​ហើយ​យក​មក​លក់​ចែកចាយ​បន្ត​។ ចំណែក​ត្រី​ចុះ​នៅ​តាម​ទន្លេសាប​មិន​ទាន់​ត្រូវ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ