ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្ដាប់ដៃដែក កងរាជអាវុធហត្ថចាប់ជនរកស៊ីលក់ទំនិញបោក

1 ខែ មុន
  • កែប

ខេត្ត​កែប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កែប បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ…

ខេត្ត​កែប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កែប បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បើក​ប្រតិបត្តិការ​តាម​ស្រាវជ្រាវ ។

ក្រោយ​បញ្ចប់​ការ​ស្រាវជ្រាវ បាន​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ ក្នុង​នោះ​ស្ត្រី​៥​នាក់ នៅ​ក្នុងផ្ទះ​សំណាក់ ប៉ា​រ៉ា​ឌី ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ពី​បទ​ឆបោក​ការ​លក់ទំនិញ​នៅ​តាម​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស ។

លោក​វរសេនីយ៍ទោ មៀ​ច ប៊ុ​ន​ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កែប បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​បើក​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ គឺ​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម សេនីយ៍ត្រី ហ៊​ត សីហា មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ខេត្ត​កែប និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កែប ។

មក​ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ លោក​វរសេនីយ៍ទោ មៀ​ច ប៊ុ​ន​ថា បាន​ដឹកនាំ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​កងរាជអាវុធហត្ថ​ខេត្ត​កែប សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី គង់ ស​ត្ថា​រិ​ន ស្នងការ​រង ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បាន​ចុះ​បំបែកសំបុក​ក្រុម​ជន​ឆបោក​យ៉ាង​សកម្ម​នេះ ។

សម្ភារៈ​ចាប់​យក​រួម​មាន រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Q-០១៣៨ ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១JP-០៤១៤ ចំនួន​១​គ្រឿង ទូរស័ព្ទ​ដៃ​១៣​គ្រឿង ស្រា​បៀរ​៥៧​កេស បា​កាស​២​យួរ ឧបករណ៍​ចាក់​ភ្លេង​សម្រាប់​ដេញ​សត្វ​១​កេស ប្រាក់​ដុល្លារ​៣០១​ដុល្លារ ប្រាក់​រៀល​៥០១.៥០០​រៀល និង​លោហៈធាតុ​ពណ៌​ក្រហម​រួម​មាន​ខ្សែដៃ​១​ខ្សែ ក្រវិល​១​គូ ចិញ្ចៀន​ដាំ​ត្បូង​១​វង់ បន្តោង​ខ្សែ​ក​ស្រោប​ព្រះ​១ ។

ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​រយៈ​ការ​លក់ទំនិញ​ទៅ​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ឃុន សុខ​នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប អស់​ទឹកប្រាក់​សរុប​ចំនួន​៧.២០០.០០០​រៀល និង​ក្រវិល​កំប៉ុង​សម្រាប់​ប្តូរ​យក​រង្វាន់​ចំនួន​២៦​កេស កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​មក ។

តាម​ការ​ស្ដាប់​ចម្លើយ​របស់​ជនសង្ស័យ​ទាំងអស់​បាន​សារភាព​ថា ក្រុម​របស់​ខ្លួន​ពិតជា​បាន​ដើរ​ឆបោក​តាម​រយៈ​ការ​លក់ទំនិញ នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ទាំង​១២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ ។

តាម​ឯកឧត្តម ខាន់ សុផល ព្រះ​រា​ជ្ញា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កែប បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​៤ ខែធ្នូ ឆ្នាំ​២០២៤ ថា ក្រុម​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្ថាប័ន​អយ្យកា​រហើយ និង​កំពុង​តែ​ធ្វើការ​សួរនាំ ដើម្បី​ចាត់ការ​បន្ត​ភ្លាម​ៗ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ