ទីក្រុងតូក្យូ៖ ប្រទេសជប៉ុននៅពេលនេះក៏មិនខុសពីកូរ៉េខាងត្បូងនោះដែរ កំពុងតែប្រឈមនឹងអត្រាកំណើតទារកធ្លាក់ចុះខ្លាំង។ តាមពិត នេះមិនមែនជារឿងលេងសើចនោះទេ។ វាពាក់ព័ន្ធនឹងជោគវាសនា-អនាគតរបស់ប្រទេសជាតិ។ ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើតទារកនេះ អភិបាលក្រុងតូក្យូចង់ស្នើសុំឱ្យរាជរដ្ឋាភិបាលកំណត់ធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សម្រាប់មន្ត្រីរាជការដែលធ្វើការនៅតាមស្ថាប័នរបស់រដ្ឋ។ នេះជាផ្នែក១នៃយុទ្ធសាស្ត្រជំរុញអត្រាកំណើតឡើងវិញ។
នាយករដ្ឋមន្ត្រីជប៉ុន លោកអ៊ីស៊ីបា (Ishiba) ចាត់ទុកបញ្ហាធ្លាក់ចុះអត្រាកំណើតជា «គ្រោះថ្នាក់លាក់មុខរបស់ជាតិ»។ លោកសន្យាថានឹងរៀបចំកែសម្រួលម៉ោងធ្វើការនៅតាមស្ថាប័នរបស់រដ្ឋដោយបត់បែនទៅតាមកាលៈទេសៈ។ គេគិតថាកត្តា១ចំនួនអាចជាឧបសគ្គនៅក្នុងការបន្ទច់បង្អាក់អត្រាកំណើតទារក។ ឧទាហរណ៍ ស្ត្រីដែលរៀបការរួចត្រូវចេញទៅធ្វើការផង ត្រូវរ៉ាប់រងធ្វើកិច្ចការនៅក្នុងផ្ទះ ចង្ក្រាន្តជើងឆ្នាំង ចិញ្ចឹមបីបាច់កូនតូច និងថែទាំម្ដាយឪពុក ជីដូនជីតាដែលចាស់ជរានៅផ្ទះផង។
ដើម្បីធ្វើឱ្យជីវិតការងារ និងជីវិតគ្រួសារមានតុល្យភាពគ្នា អភិបាលក្រុងតូក្យូ លោកស្រីយូរីកូ កូអ៊ីកិ (Yuriko Koike) ចង់ផ្ដល់ជូនអ្នករាជការសាធារណៈដែលធ្វើការនៅទីក្រុងនេះជ្រើសរើសចំនួនថ្ងៃទៅកន្លែងធ្វើការតិចជាងមុន។ មានន័យថារាល់ដងធ្វើការ១អាទិត្យ៥ថ្ងៃ។ ឥឡូវនេះថយមកនៅ១អាទិត្យ៤ថ្ងៃ។ យើងចង់ឃើញពួកគេមានលំនឹងនៃជីវិត។ ដូច្នេះ យើងនឹងដាក់ចេញគោលការណ៍បត់បែន។ ឧទាហរណ៍ ធ្វើការ១អាទិត្យ៤ថ្ងៃ។ នៅសល់បីថ្ងៃទៀត ស្ត្រីអាចមានពេលនៅផ្ទះឱ្យបានច្រើន។
សូមបញ្ជាក់ឡើងវិញថាយោងតាមគំនិតផ្ដួចផ្ដើមនេះ បុគ្គលិករដ្ឋធ្វើការមួយអាទិត្យ៤ថ្ងៃមែន ប៉ុន្តែបើពួកគេចង់ជ្រើសរើសរបៀបធ្វើការ១អាទិត្យ៤ថ្ងៃ ពួកគេត្រូវតែធ្វើការឱ្យបាន១៥៥ម៉ោងក្នុងមួយខែដដែល។ ស្ត្រីដែលមានគម្រោងពពោះនឹងត្រូវរដ្ឋជួយសម្រួលម៉ោងធ្វើការកាន់តែបត់បែនថែមទៀត។ ជួនកាលមួយថ្ងៃពួកគេអាចធ្វើការតិចជាងមុន២ម៉ោងក៏បានដែរ។
គួរកត់សម្គាល់ថាប្រទេសនានាទូទាំងពិភពលោកក៏មានអត្រាកំណើតថយចុះដូចគ្នា។ គ្រាន់តែថាប្រទេសជប៉ុនថយចុះដល់កម្រិតប្រកាសអាសន្នរយៈពេល១៥ឆ្នាំជាប់គ្នា។ បញ្ហាចោទនៅត្រង់ថាជនជាតិជប៉ុនមានអាយុវែងពេករហូតដល់១០០ឆ្នាំ ឬជាង១០០ឆ្នាំ។ ដូច្នេះ រដ្ឋត្រូវរ៉ាប់រងចិញ្ចឹមពួកគាត់រយៈពេលយូរ។ ម្យ៉ាងទៀត ជប៉ុនមានគោលការណ៍រឹតត្បិតចំពោះជនអន្តោប្រវេសន៍។ ដូច្នេះធ្វើឱ្យខ្វះខាតកម្លាំងពលកម្ម។ អភិបាលក្រុងតូក្យូនឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទៅសភានៅឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ