ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ ការប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ការ​ការ​រួម​គ្នា​ពី​គ្រប់​ភាគី ហើយ​មាន​ភាព​ស្អាតស្អំ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវការ​ការ​រួម​គ្នា​ពី​គ្រប់​ភាគី ហើយ​ភាព​ស្អាតស្អំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវការ​ការ​រួម​គ្នា​ពី​គ្រប់​ភាគី ហើយ​ភាព​ស្អាតស្អំ ត្រូវ​តែ​កើត​ចេញពីផ្ទះ​នៃ​ភាគី​នីមួយ​ៗ និង​ស្ថាប័ន​នីមួយ​ៗ​ផង​ដែរ​ ។

យោង​តាម​រយៈ​សារលិខិត សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ០៩​ធ្នូ​, សម្តេច​បវរ​ធិ​បតី បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ដូច​ជា ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ​រួម​គ្នា​អនុវត្ត​នូវ​សកម្មភាព​គន្លឹះ​ៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​រួម​គ្នា​នេះ ដូច​ជា​៖ ពង្រឹង​ការ​អប់រំ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យ​មាន​វិសាលភាព​គ្របដណ្តប់​បាន​កាន់តែ​ទូលាយ ចូល​កាន់តែ​ជ្រៅ​ទៅ ក្នុង​ស្រទាប់សង្គម ទាំង​ក្នុង​សាលា​-​ក្រៅ​សាលា ទាំង​ក្នុង​ស្ថាប័ន​សាធារណៈ ឯកជន និង​សង្គម​ស៊ី​វិល ទាំង​មុន ចេញ​ធ្វើការ និង​ក្នុង​ពេលធ្វើការ​។

សម្តេច​បវរ​ធិ​បតី បន្ដ​ថា ជំរុញ​ការ​បង្ការ​ទប់ស្កាត់​ក្នុង​រដ្ឋបាល​សាធារណៈ រួម​មានការ​ផ្តល់​សេវា​សាធារណៈ បាន​កាន់តែ​មាន​តម្លាភាព និង​គណនេយ្យ​ភាព – ការ​គ្រប់គ្រង​ទំនាស់​ផលប្រយោជន៍ – ការ​ការពារ​បុគ្គល​រាយការណ៍ – ការ​ដាក់​វិន័យ និង​ទោសទណ្ឌ ជាដើម​។

សម្តេច​បវរ​ធិ​បតី បន្ថែម​ថា ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ស្ថាប័ន​សាធារណៈ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ ស្ថាប័ន​នីតិប្ប​ញ្ញត្តិ វិស័យ​ឯកជន សង្គម​ស៊ី​វិល ផ្នែក​សិក្សាធិការ និង​ប្រព័ន្ធ ផ្សព្វផ្សាយ សំដៅ​ពង្រឹង និង​ពង្រីក​ការងារ​អប់រំ និង​បង្ការ​ទប់ស្កាត់​ឱ្យ​បាន​កាន់តែ​រលូន និង​មាន​ប្រសិទ្ធភាព​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវការ​ការ​រួម​គ្នា​ពី​គ្រប់​ភាគី ហើយ​ភាព​ស្អាតស្អំ ត្រូវ​តែ​កើត​ចេញពីផ្ទះ នៃ​ភាគី​នីមួយ​ៗ ស្ថាប័ន​នីមួយ​ៗ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ត្រូវ​ដើរតួ​នាទី ជំរុញ និង សម្របសម្រួល​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ចាំបាច់​នានា ទាំង​ក្នុង​ការងារ​អប់រំ និង​បង្ការ​ទប់ស្កាត់​ជាមួយ​ដៃគូ ទាំងអស់ ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​អនុវត្ត​គោលនយោបាយ និង​ផែន​ការ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល និង ស្រប​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ធានា​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​ស្ថាប័ន មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ចង​ចាំ​នូវ​អភិក្រម​ទាំង ៥ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ជា​ត្រីវិស័យ​បង្ហាញផ្លូវ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច និង​ការ​រស់នៅ ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ