ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងមិនធ្លាប់មាន ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ពលរដ្ឋជា​អ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ​ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញ

23 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ប្រជាកសិករជាច្រើនគ្រួសាររស់នៅភូមិចំនួន០៣ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងទឹកភ្នែក ព្រោះ​ខិតខំព្រោះស្រូវបានផ្លែផ្កាទៅហើយ ដល់រដូវប្រមូលផលស្រូវ ស្រាប់តែត្រូវបានជំទាវម្នាក់មកពីរាជធានីភ្នំពេញបញ្ជាឱ្យកូនចៅដាក់ម៉ាស៊ីនច្រូតដណ្តើមយកស្រូវរបស់ប្រជាពលរដ្ឋ កសិករក្រីក្រទាំងបំពានអស់រាប់តោន…

0:00
0:00

ខេត្តកំពង់ស្ពឺ៖ ប្រជាកសិករជាច្រើនគ្រួសាររស់នៅភូមិចំនួន០៣ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងទឹកភ្នែក ព្រោះ​ខិតខំព្រោះស្រូវបានផ្លែផ្កាទៅហើយ ដល់រដូវប្រមូលផលស្រូវ ស្រាប់តែត្រូវបានជំទាវម្នាក់មកពីរាជធានីភ្នំពេញបញ្ជាឱ្យកូនចៅដាក់ម៉ាស៊ីនច្រូតដណ្តើមយកស្រូវរបស់ប្រជាពលរដ្ឋ កសិករក្រីក្រទាំងបំពានអស់រាប់តោន ប្រជាពលរដ្ឋដង្ហើយរកកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺជួយ។

ស្ត្រី​កសិករឈ្មោះ ធឹម ពេជ្រ អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បាននិយាយឱ្យអ្នកយកព័ត៌មានយើងដឹងថា គាត់បានធ្វើស្រូវទំហំដីជាង៤ហិកតា ដោយធ្វើនៅលើដីដែលមានប្លង់កាន់កាប់ និងដីប្លង់ទន់(កន្ទុយស្រែ)ពេលប្រមូលផល ស្រាប់តែមានជំទាវម្នាក់ដែលរស់នៅឯរាជធានីភ្នំពេញ បញ្ជាឱ្យកូនចៅដាក់ម៉ាស៊ីនច្រូតស្រូវយកទៅអស់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ បើទោះបីជាគាត់ម្ចាស់ស្រែបានដាក់ពាក្យបណ្តឹងទៅលោកមេភូមិ លោកមេឃុំ និងអភិបាលស្រុកឱ្យជួយធ្វើការដោះស្រាយយ៉ាងណាក៏ដោយ ក៏គ្មានដំណោះស្រាយដែរ មានតែពាក្យថាទន្ទឹងរង់ចាំសិនតែប៉ុណ្ណោះ។

ស្ត្រីវ័យចំណាស់ម្ចាស់ស្រែស្រូវ ឈ្មោះ ធឹម ពេជ្រ បានបន្តថា ស្រូវដែលគាត់បានធ្វើនោះកាលពីកន្លងទៅឈ្មោះ ធា ភេទប្រុស អាយុជាង៥០ឆ្នាំ បានជួលគាត់ឱ្យធ្វើការឈូសឆាយដី ប៉ុន្តែឈ្មោះ ធា នោះមិនមានលុយឱ្យគាត់នោះទេ។ ហើយឈ្មោះធា នោះក៏បាននិយាយថា ខ្ញុំគ្មានលទ្ធភាពទេ បងធ្វើស្រែលើដីនិងចុះ ពេលនោះគាត់(ស្ត្រី ធឹម ពេជ្រ) ក៏បានព្រោះស្រូវនៅលើដីនោះតាំងពីអំឡុងខែកក្កដា ខែសីហា មកម្លេះ ស្រាប់តែបានទទួលផល ត្រូវបានលោកជំទាវម្នាក់ដែលគេដឹងថារស់នៅឯរាជធានីភ្នំពេញ ចោទថារូបគាត់បានធ្វើស្រែលើដីរបស់រដ្ឋ និងជាដីកម្មសិទ្ធរបស់លោកជំទាវម្នាក់នោះទៅវិញ។ ទើបលោកជំទាវម្នាក់នោះបានបញ្ជាកូនចៅឱ្យយកម៉ាស៊ីនច្រូតស្រូវយកទៅបាត់អស់រាប់តោន។

ស្ត្រីខាងលើបានបន្តទៀតថាស្រូវរបស់គាត់ដែលគេច្រូតយកទៅលើទំហំដីជាង៤ហិកតានោះជាង៦តោនទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅមានប្រជាពលរដ្ឋច្រើនគ្រួសារទៀតដែលរងគ្រោះដោយសារតែការច្រូតស្រូវពីសំណាក់ជំទាវម្នាក់នោះ មាននៅក្នុងភូមិក្បាលដំរី ភូមិសំរោង និងភូមិក្រវៀកជាច្រើនគ្រួសារ ហើយផលដំណាំស្រូវរាប់សិបតោនថែមទៀតផង។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ឡោន រីម មេភូមិក្បាលដំរីថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកចំនួន១០គ្រួសារ ត្រូវបានគេយកគ្រឿងចក្រម៉ាស៊ីនច្រូតយកស្រូវដែលក្នុង០១គ្រួសារចាប់ពី០១ហិកតា រហូតដល់០៥ហិកតា តាមគ្រួសារនីមួយៗដែលមានដីតិចនិងដីច្រើន។ ការយកគ្រឿងចក្រម៉ាស៊ីនមកច្រូតយកស្រូវប្រជាពលរដ្ឋទាំងបំពាននេះ ក្នុងនាមលោកជាអាជ្ញាធរភូមិ មិនដឹងថាជំទាវនោះនៅខាងណា ហើយក៏មិនដឹងថាក្រុមហ៊ុនណានោះដែរ។

លោក ជូរ ភា មេភូមិសំរោង ក្នុងឃុំត្រពាំងជោបានឱ្យដឹងដែរ ក្នុងភូមិរបស់លោកប៉ះពាល់តិចតួចទេ ជិត១ហិកតាប៉ុណ្ណោះ គឺប៉ះពាល់ភូមិក្បាលដំរី និងភូមិក្រវៀក។ ប៉ុន្តែលោកមេភូមិក្រវៀក ឈ្មោះ ឱ ឡៅ អ្នកយកព័ត៌មានយើងខលទៅលេខ0887924466 ចូលដើម្បីសួរនាំរឿងជំទាវលួចច្រូតស្រូវប្រជាពលរដ្ឋក្នុងភូមិរបស់លោក ប៉ុន្តែមានអ្នកលើកនិយាយថា គាត់មិនមែនជាមេភូមិនោះទេ រួចក៏ចុចបិទទូរស័ព្ទទៅ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្បាលដំរីបានបង្ហើបឱ្យអ្នកយកព័ត៌មានយើងដឹងថា÷ រឿងគេលួចច្រូតស្រូវនេះកើតឡើង០២ឆ្នាំមកហើយ ដោយឆ្នាំមុនលួចច្រូតស្រូវប្រជាពលរដ្ឋបានរាប់រយតោន យកទៅលក់ កើតរឿងប្តឹងផ្តល់គ្នាធ្លាប់គំរាមចាប់ប្រជាពលរដ្ឋដាក់គុកថែមទៀតផង។ ហើយឆ្នាំនេះដោយញ៉ាមដូចស៊ីក្តាមដុត លោកជំទាវម្នាក់នោះ បានបញ្ជាកូនចៅយកម៉ាស៊ីនមក​ច្រូតស្រូវប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃទៀត​មិនខ្លាចញញើតច្បាប់ទាល់តែសោះ។

ដោយឡែកការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋទៅលើលោកជំទាវម្នាក់នៅឯរាជធានីភ្នំពេញនោះ អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយបានទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ