ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សមាជ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) អាណត្តិ​ទី​…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សមាជ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) អាណត្តិ​ទី​ ៩ នា​ព្រឹក ថ្ងៃ​ចន្ទ ទី​ ២ ខែធ្នូ ឆ្នាំ ២០២៤ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ​២ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រួម​និង​តំណាង​នៃ​អង្គការ សមាគម​និយោជក សហភាព​សហជីព​, សហព័ន្ធ​សហជីព និង​សហជីព​មូលដ្ឋាន សរុប​ប្រមាណ​ជា​ ៣០០​នាក់​។ ​ 

ឯកឧត្តម ហេង សួរ បាន​ថ្លែង​បញ្ជាក់​ថា សមាជ​វិសាមញ្ញ​នេះ​គឺជា​វេទិកា​ដ៏​សំខាន់ ដែល​បង្ហាញ​ពី​ភាព​ចាស់ទុំ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ តាម​រយៈ​សមាជ​វិសាមញ្ញ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​លោក​ប្រធាន លោក លោកស្រី ដែល​ត្រូវ​បាន​អង្គ​សមាជ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) សម្រាប់​រយៈពេល​៣​ឆ្នាំ​នៃ​អាណ​តិ្ត​ទី​ ៩​ នេះ ​។

ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា សម្រាប់​បញ្ហា​ទាំងឡាយ ស្រប​តាម​តួនាទី​ភារកិច្ច​របស់​ក្រសួង និង​សូម​ស្វាគមន៍​រាល់​សកម្មភាព​រួបរួម​គ្នា ដើម្បី​ជា​ប្រយោជន៍​ជូន​ដល់​កម្មករនិយោជិត និង​សង្គម​ទាំងមូល​។ បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ចូលរួម​សហការ​គ្នា ដោយ​ផ្អែក​លើ​មូលដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ក្នុង​ស្មារតី​ការពារ​ផលប្រយោជន៍​រួម សំដៅ​ធានា​បាន​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​នេះ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​កត្តា​ស្នូល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ថា ការ​បង្រួបបង្រួម​អង្គការ​វិជ្ជាជីវៈ ដែល​បាន​លើក​ឡើង​នា​ពេល​នេះ មិនមែន​ជា​ការ​ដាក់​កំហិត ឬ​បំបិទ​សិទ្ធិ​សេរីភាព​សហជីព​ណាមួយ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ នេះ​គឺជា​ការ​ជំរុញ​ឱ្យ​សហជីព​ទាំងអស់​ខិតខំ​ធ្វើ​ឯកភាព​កម្ម​រវាង​គ្នា ដើម្បី​ពង្រឹង​បាន​នូវ​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​ល្អ ព្រមទាំង​បង្កើន​នូវ​សមត្ថភាព និង​ប្រសិទ្ធភាព​របស់​សហជីព ដែល​ជា​អ្នកតំណាង​សំឡេង​នៃ​បងប្អូន​កម្មករនិយោជិត និង​រួមចំណែក​កាន់តែ​សំខាន់​បន្ថែម​ទៀត ជំរុញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​កិច្ច​ខិតខំ​ក្នុង​ការ​បង្រួបបង្រួម​ដ៏​សំខាន់​នៃ​សហជីព​នេះ​ដែរ សហជីព​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​គោរព​ឆន្ទៈ​គ្នា​ទៅ​វិញ​ទៅ​មក យក​ការ​ពិភាក្សា​គ្នា​ដោយ​រក្សា​កត្តា​សត្យា​នុ​ម័ត​ជា​គោល មិន​ត្រូវ​មានការ​រើសអើង ឬ​ចាត់​ចំណាត់ថ្នាក់​គ្នា តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ​សហជីព​ឯករាជ្យ ឬ​មិន​ឯករាជ្យ ដែល​តិច ឬ​ច្រើន​នឹង​នាំ​ឱ្យ​មានការ​បែកបាក់​រវាង​សហជីព និង​សហជីព​នោះ​ឡើយ ​៕ អត្ថបទសហការ