ហាងកាហ្វេររីកដូចផ្សិតនៅរាជធានីភ្នំពេញ ហើយនៅពេលនេះ វាក៏កំពុងតែមានសញ្ញាបង្ហាញថា វាហាក់ដូចជា ឈានដល់ចំណុចលែងទៅមុខហើយ ។ ទីផ្សារកាហ្វេនេះ បានផ្ទុះឡើងខ្លាំងបំផុតទើបតែរង្វង់១០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយសាររចរន្តសាកលភាវូបនីយកម្ម ការវិវឌ្ឍន៍ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងវប្បធម៌ហាងកាហ្វេដែលកំពុងរីកចម្រើននៅក្នុងតំបន់ ។
មកដល់ពេលនេះ ទីផ្សារកាហ្វេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជាពីរផ្នែក គឺកាហ្វេតាមបែបប្រពៃណី និងការហ្វេតាមបែបពួកបស្ចឹមប្រទេស ។ កាហ្វេបែបប្រពៃណីដែលចាស់ៗសម័យមុនធ្លាប់ទទួលទានតាមបែបសាមញ្ញៗដោយយកកាហ្វេដែលគេកិនហើយលាយស្រាប់ៗយកមកឆុងដោយហ្វីន ឬឆុងដោយប្រដាប់ឆុងដោយដៃ ដែលរស់ជាតិរបស់វាមានកាហ្វេខ្មៅ កាហ្វេទឹកកក កាហ្វេទឹកដោះគោ កាហ្វេទឹកដោះគោទឹកកក ។ ចំណែកពពួកកាហ្វេតាមបែបបស្ចឹមប្រទេស គឺឆុងដោយម៉ាស៊ីន ដូចជា ពពួកកាហ្វេរសជាតិកាហ្វេឡាតេ កាហ្វេកាពូស៊ីណូ កាហ្វេអ៊ិចប្រេសូ កាហ្វេអាមេរិខែនណូ ដែលគេប្រើប្រាស់គ្រាប់កាហ្វេសុទ្ធកិនថ្មីៗតែម្តង ។
កាហ្វេតាមបែបប្រពៃណីនេះនៅមាន ប៉ុន្តែហាក់រលុបចេញពីតម្រូវការរបស់យុវវ័យសម័យក្រោយ ។ រស់ជាតិកាហ្វេសម័យមុននៅសល់ការពេញនិយមតែក្រុមមនុស្សវ័យចាប់ពី៣៥ឆ្នាំឡើងទៅប៉ុណ្ណោះ ប៉ុន្តែសម្រាប់យុវវ័យក្រោម៣៥ឆ្នាំវិញអាចមានភាគរយតិចទេ ។
នៅក្នុងស្ថានភាពបែបនេះ ចំនួនហាងកាហ្វេតាមបែបប្រពៃណីនៅក្នុងរាជធានីហាក់មានការថមថយ គួរសម ប៉ុន្តែសម្រាប់កាហ្វេតាមបែបបស្ចឹមប្រទេស ឬកាហ្វេសម័យទំនើបនេះវិញ គឺកើនឡើងខ្លាំងណាស់ នៅពេលនេះ ។ កត្តាជំរុញដ៏សំខាន់មួយនៃទីផ្សារកាហ្វេតាមបែបបស្ចឹមប្រទេសក្នុងប្រទេសកម្ពុជា គឺដោយសារតែចរន្តនៃសាកលភាវូបនីយកម្ម ។ សព្វថ្ងៃនេះហាងកាហ្វេសម័យថ្មីនេះហាក់កំពុងតែផ្ទុះពេញទំហឹង ជាពិសេសនៅតាមទីប្រជុំជននានាដូចជា រាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។
ជាមួយនឹងកំណើននេះហើយទើបហាងកាហ្វេអន្តរជាតិជាច្រើន បានហក់ចូលទីផ្សារនៅកម្ពុជាដែរ ដែលរួមមានដូចជា ហាងកាហ្វេ Starbucks ហាងកាហ្វេ Costa Coffee ហាងកាហ្វេ% និងហាងកាហ្វេ Black Canyon ជាដើម ហើយក៏មានហាងយីហោនៅក្នុងស្រុកដែលបានបើកដោយប្រើប្រាស់ម៉ាស៊ីនឆុងសម័យទំនើប និងស្វ័យប្រវត្តិជាច្រើនផងដែរ ដូចជាហាងកាហ្វេ Brown និងហាងកាហ្វេ Tube ជាដើម ។ ដោយសារតែកំណើនបែបនេះនៅរាជធានីភ្នំពេញ នៅកន្លែងណាក៏គេអាចរកពពួកកាហ្វេម៉ាស៊ីនតាមរសជាតិបស្ចឹមប្រទេសនេះបានសឹងតែគ្រប់ទិសទីកន្លែង ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទីផ្សារទាំងមូលនៃកាហ្វេនៅកម្ពុជាហាក់នៅមានកម្រិតទាប និងកំណើនទាប ។ តាមស្ថិតិដែលផ្សព្វផ្សាយដោយ https://www.statista.com បានឲ្យដឹងថា បរិមាណកាហ្វេប្រើប្រាស់នៅក្នុងប្រទេសនៅក្នុងមួយឆ្នាំអាចមានប្រមាណជា២,៦០ លានគីឡូក្រាម ជាមួយនឹងទីផ្សារសរុបមានតម្លៃប្រមាណជាជាង ១៥០ លានដុល្លារ ។ ទំហំនេះគួរសមដែរ ប៉ុន្តែនិយាយអំពីកំណើនវិញ គឺមាន ការព្យាករណ៍ទាប ។
ប្រភពដដែលបានបន្ថែមថា អត្រាកំណើននៃតម្រូវការកាហ្វេនៅប៉ុន្មានឆ្នាំមុនឃើញស្ទុះខ្លាំង ប៉ុន្តែនៅពេលនេះ គឺនៅក្នុងរង្វង់ត្រឹមតែ០,៦ភាគរយប៉ុណ្ណោះ ។ សម្រាប់ប្រាក់ចំណូលពីការលក់កាហ្វេវិញ គឺឃើញថា កើនឡើងត្រឹមនៅក្នុងរង្វង់៣,៥ ភាគរយ ស្របពេលដែលតម្រូវការកាហ្វេសម្រាប់ពលរដ្ឋកម្ពុជា គឺជាមធ្យមត្រឹមតែ០,១៥ គីឡូក្រាមប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ។
ផ្អែកតាមស្ថានភាពនេះ ទីផ្សារកាហ្វេនៅទីប្រជុំជនជាពិសេស គឺនៅរាជធានីវាអាចចូលដល់លក្ខណៈច្រើន បន្តិច ដូច្នេះប្រសិនបើចង់ពង្រីក គឺមានតែទៅតំបន់ជនបទ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្រិតប្រាក់ចំណូលនៅជនបទទំនងជាពិបាកនឹងអាចទទួលទានកាហ្វេសម័យទំនើបនេះណាស់ ។
សរុបទៅ ទីផ្សារកាហ្វេក្នុងប្រទេសកម្ពុជា គឺជាឧស្សាហកម្មដែលមានភាពស្វាហាប់ ប៉ុន្តែហាក់ដូចជា ដល់ចំណុចលែងកើនទៅមុខហើយ ។ ផ្អែកតាមស្ថិតិបានបង្ហាញថា កំណើនតម្រូវការកាហ្វេ គឺមានទាប ខណៈដែលកម្រិតប្រាក់ចំណូលកាហ្វេក៏មានកំណើនទាបដែរ ។ ដូច្នេះអ្នកដែលមានបំណងបើកអាជីពលក់កាហ្វេអាចយកទៅជាមូលដ្ឋានសម្រាប់ពិចារណា ។ ចន្លោះទីផ្សារ និងច្រករកចំណូលនៅតែមានពីឧស្សាហកម្មនេះ ប៉ុន្តែការប្រកួតប្រជែងនឹងអាចកាន់តែស្វិតស្វាញ ។ ដូច្នេះ មុនចេញរកស៊ីបើកហាងកាហ្វេ គេគួរតែពិនិត្យអោយបានល្អិតល្អន់អំពីទីផ្សារនៅតាមទីតាំង បើសិនជាគេមិនចង់រកស៊ីខាតទេ ៕
ចែករំលែកព័តមាននេះ