ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing អាច​ពិនិត្យ​មើល​ទីតាំង​ក្នុងគ្រឹះស្ថាន TVET ដែល​អាច​បង្កើត​មជ្ឈមណ្ឌលបណ្តុះបណ្តាល​ជំនាញ​យានយន្ត នៅ​កម្ពុជា

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​ឱកាស​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​តូ​យូ​តា ដឹកនាំ​ដោយ​លោក Fujita Ryoji នាយក​ក្រុមហ៊ុន Toyota Tsusho…

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​ឱកាស​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​តូ​យូ​តា ដឹកនាំ​ដោយ​លោក Fujita Ryoji នាយក​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅ​ថ្ងៃ​សុក្រ ទី ​២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​យានយន្ត (Toyota Traning Center) នៅ​កម្ពុជា ដែល​ស្នើ​ដោយ​ក្រុមហ៊ុន​តូ​យូ​តា ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ក្នុង​វិស័យ​យានយន្ត​នៅ​កម្ពុជា​។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្រសួង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន ក្នុង​ការ​អភិវឌ្ឍ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​យានយន្ត ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ដល់​ក្រុមហ៊ុន​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​ក្នុង​បរិវេណ​គ្រឹះស្ថាន TVET នៅ​រាជធានី​ភ្នំពេញ​។​   

ជា​ការ​ឆ្លើយ​តប លោក Fujita Ryoji បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ ដោយ​ក្រុមហ៊ុន​នឹង​ពិនិត្យ​មើលទៅ​តាម​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ជំរុញ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​។ លោក Fujita Ryoji គូសបញ្ជាក់​ថា គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​យានយន្ត​នេះ គឺ​ក្នុង​គោលបំណង​មិន​ត្រឹមតែ​សម្រាប់​ដំណើរការ​ផលិតកម្ម​រថយន្ត​របស់​ក្រុមហ៊ុន​នោះ​ទេ តែ​នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាញ​ជំនាញ​ក្នុង​វិស័យ​យានយន្ត​ដល់​សិស្ស​និស្សិត និង​គ្រូ​បង្គោល ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ៗ​នៃ​វិស័យ​យានយន្ត​សម្រាប់​កម្ពុជា​។ គម្រោង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​យានយន្ត​នេះ អាច​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន TVET កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ដូច​ជា ជំនាញ​ថែទាំ​ជួសជុល​រថយន្ត ជំនាញ​តោន​និង​បា.ញ់ថ្នាំ​រថយន្ត រួម​និង​ការ​ផ្តល់​នូវ​ឧបករណ៍​សម្ភារៈ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​រថយន្ត ជាដើម​ ៕ អត្ថបទសហការ