ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បើក​លឿន​ជ្រុល​បុក​រះ​រថយន្ត៣គ្រឿង​​ទៀត​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ១

9 ម៉ោង មុន

ខេត្តព្រៃវែង ៖ រថយន្ត​ចំនួន៤គ្រឿង បាន​បុក​រះ​បន្តកន្ទុយ​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ១ ដោយសារ​តែ​ការ​បើកបរ​ធ្វេសប្រហែសខ្វះ​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​សំណាងល្អ​ ពុំ​បាន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ…

ខេត្តព្រៃវែង ៖ រថយន្ត​ចំនួន៤គ្រឿង បាន​បុក​រះ​បន្តកន្ទុយ​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ១ ដោយសារ​តែ​ការ​បើកបរ​ធ្វេសប្រហែសខ្វះ​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​សំណាងល្អ​ ពុំ​បាន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២រសៀល ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ១ ត្រង់​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ​។

យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​មាន​ករណី​បុក​រះ​ បន្តកន្ទុយ​គ្នា​នេះ មាន​រថយន្ត​ជា​ច្រើន​គ្រឿង ដែល​បើក​មក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​កកស្ទះ ​និង​ឈប់​បន្តកន្ទុយ​គ្នា​រាប់​សិប​គ្រឿង លុះ​បន្តិច​ក្រោយមក​ ស្រាប់តែ​មាន​រថយន្ត​សណ្ដោង​ធុង​ក្រឡុក​ស៊ីម៉ង់ត៍ ​មួយ​គ្រឿង បើក​មក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​ វី​រៈ ​ប៊ុ​ន​ថាំ យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​នោះ ជ្រុល​ទៅ​បុក​គូថ​រថយន្ត​សាំ​យ៉ុ​ង ​ដែល​នៅ​ខាង​មុខ ហើយ​រថយន្ត​សាំ​យ៉ុ​ង​នោះ ក៏​បន្ត​ជ្រុល​ទៅ​បុក​រថយន្ត ford មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាង​មុខ​ដែរ គឺ​បុក​រុញ​ ត​គ្នា​ចំនួន ៤គ្រឿង ​តែ​ម្ដង ​។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ​ដឹង​ថា​ខ្លួន​ជា​អ្នក​ខុស ក៏​បានចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​ នៅ​លើ​ផ្លូវ ព្រមទាំង​រថយន្ត ៣គ្រឿង​ផ្សេង​ទៀត នៅ​ឈប់​ពេញ​ផ្លូវ​រង់ចាំ​ ឱ្យ​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​ ។

សាក្សី​បាន​បញ្ជាក់​ថា ដោយសារ​តែ​រថយន្ត​ទាំង​៤​គ្រឿង នៅ​ឈប់​ចំ​កណ្ដាលផ្លូវ ហើយ​សមត្ថកិច្ច​មិន​ងាយ​ទៅ​ដល់ បាន​ធ្វើ​អោយ​រថយន្ត​ផ្សេង​ៗ​ទៀត​រាប់រយ​គ្រឿង បាន​កកស្ទះ​បន្តកន្ទុយ​គ្នា​ ប្រមាណ​ជាង ១គីឡូ​ដី ហើយដោយ​មើលឃើញ​ស្ថានភាព​បែប​នេះ ម្ចាស់​រថយន្ត​ហ្វ​ត ​ដែល​នៅ​ខាង​មុខ​គេ ក៏​បាន​សុខចិត្ត ​បើករថយន្ត​របស់​ខ្លួន យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​មិន​នៅ​រង់ចាំ​ទាមទារ​សំណរ​នោះ​ទេ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីតាំង​នេះ គឺ​នៅ​តែ​មានការ​កកស្ទះ រហូត​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ដល់ អូស​យក​រថយន្ត​ទាំង​៣​គ្រឿង​ ចេញ​ពីលើ​ដងផ្លូវ និង​ជួយ​សម្រួល​ចរាចរណ៍​ អស់​រយៈពេល​ជាង​មួយ​ម៉ោង ទើប​ចរាចរណ៍​បាន​ប្រសើរ​ឡើង​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ