ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ចាម​ចង់ឱ្យ​មានការ​ដេញថ្លៃ​អាជីវកម្ម​តាម​សត្ត​ឃា​ដ​១​ឆ្នាំ​ម្ដង

8 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ជំនាញ ត្រូវ​តែ​ជំរុញ​បងប្អូន​អាជីវករ ត្រូវ​តែ​នាំ​គ្នា​មក​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក គោ ក្របី ក្នុង​ទី​សត្តឃាតដ្ឋាន ដើម្បី​ងាយស្រួល​ដល់​ជំនាញ​ពេទ្យសត្វ​ចុះ​ត្រួតពិនិត្យ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម…

ខេត្តកំពង់ចាម ៖ «​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ជំនាញ ត្រូវ​តែ​ជំរុញ​បងប្អូន​អាជីវករ ត្រូវ​តែ​នាំ​គ្នា​មក​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក គោ ក្របី ក្នុង​ទី​សត្តឃាតដ្ឋាន ដើម្បី​ងាយស្រួល​ដល់​ជំនាញ​ពេទ្យសត្វ​ចុះ​ត្រួតពិនិត្យ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ស្ថានភាព និង​ការ​ពិឃាត​នៅ​សត្តឃាត​តាម​បណ្ដា​ក្រុង​ស្រុក​ដោយ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​តូច​សាលាខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នោះ ក៏​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង​១០​នៅ​ក្នុង​ខេត្ត សំខាន់​គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។ លោក​សឹម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​លើក​ឡើង​ថា បងប្អូន​អាជីវករ​ដែល​កំពុង​នាំ​គ្នា​ប្រកបរ​បរកាប់​សត្វ​មាន​បក្សី ជ្រូក គោ ក្របី សរុប​មាន​ចំនួន​៥៥៣​នាក់ នៅ​តាម​ក្រុង​ស្រុក​ទាំង​១០ ក្នុង​ខេត្តកំពង់ចាម ។

សម្រាប់​បញ្ហា​ប្រឈម គឺ​មានស្រុក​ខ្លះ​កន្លែង​អាជីវកម្ម​កាប់​ជ្រូក​នៅ​ឆ្ងាយ​ពី​សត្តឃាតដ្ឋាន​ទាំងនេះ គឺ​ការ​ធ្វើ​អាជីវកម្ម​ពី​ម្ចាស់​វិនិយោគ​មិន​ទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ។ ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​១០ ក្នុង​ខេត្តកំពង់ចាម ក្នុង​នោះ មាន​៨​ស្រុក​ក្រុងមា​នទី​សត្តឃាត​ត្រឹមត្រូវ ដោយឡែក នៅ​ស្រុក​បា​ធា​យ និង​ស្ទឹង​ត្រង់​មិន​ទាន់​មាន​ទី​សត្តឃាត​នៅឡើយ​។

លោក​រី ដា​វិ​ន អភិបាលរង​ក្រុង​កំពង់ចាម​បាន​លើក​ឡើង​ថា សម្រាប់​តម្លៃ​សាច់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ក្រុង​កំពង់ចាម គឺ​មាន​តម្លៃ​មួយ​ប្រសើរ​ជាង​តាម​បណ្ដា​ស្រុក​ក្រុង​ផ្សេង​ទៀត ។ ជាមួយ​នោះ​គឺ​សាច់​ជ្រូក​មាន​ប្រភព​ចេញ​មក​ពី​ក្រុមហ៊ុន​ស៊ី​ភី​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​នាំ​មក​កាប់​សាច់​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ក្រុង​កំពង់ចាម​។ ហើយ​ក៏​មាន​សាច់​ជ្រូក​ខ្លះ​មិន​មាន​ប្រភព​ច្បាស់​លាស់​ចេញពី​សត្តឃាត យក​មក​លក់​លើ​ទីផ្សារ​ក៏​មាន​។

តាម​ការ​កត់សម្គាល់​បងប្អូន​ដែល​ធ្វើ​អាជីវកម្ម​លើ​គោ ក្របី​មាន​ចំនួន​៦៤​កន្លែង សាច់​ជ្រូក​មាន​៦០​កន្លែង ក្នុង​នោះ ភាគរយ​តិច​ណាស់​ដែល​សុំ​ច្បាប់​ដើម្បី​ចែកចាយ​ក្នុង​ផ្សារ​។ ជាក់ស្ដែង អ្នកលក់​សាច់​ជ្រូក​នៅ​ផ្សា​របឹង​កុក ដែល​គេ​គោរព​ច្បាប់​ត្រឹមត្រូវ​គឺ​លក់​នៅ​ក្នុង​ផ្សារ ហើយ​អ្នកខ្លះ​ទៀត​មិន​បាន​គោរព​ច្បាប់​ថែម​ទាំង​មក​លក់​នៅ​ក្រៅ​ផ្សារ កត្តា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​គេ​គោរព​ច្បាប់​។ សម្រាប់​ជា​ដំណោះស្រាយ​ល្អ​គឺ​ឲ្យ​បងប្អូន​អាជីវករ​ក្នុង​សង្កាត់​ទាំង​បួន​រួម​គ្នា​មក​ធ្វើ​អាជីវកម្ម​នៅ​ទី​សត្តឃាត​មួយ​កន្លែង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពេទ្យសត្វ​ចុះ​ពិនិត្យ​សុខភាព​សត្វ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា បងប្អូន​អាជីវករ​ដែល​កំពុង​ប្រកប​របរ​រកស៊ី គឺ​បាន​សុំ​ច្បាប់​តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ​ដែល​មាននៅ​តាម​ក្រុង​ស្រុក​ទាំង​ដប់​ក្នុង​ខេត្តកំពង់ចាម​។ ហើយ​តាម​ការ​សង្កេត​ដោយ​ផ្ទាល់​សព្វថ្ងៃ គឺ​មាន​អាជីវករ​មួយ​ចំនួន​នៅ​តែ​បន្តសកម្មភាព​ធ្វើ​អា​ជីវ​កម្ម​កាប់​ជ្រូក គោ នៅ​ក្រៅ​សត្តឃាត ហើយ​យក​មក​លក់​នៅ​លើ​ទីផ្សារ​ទាំងនេះ អាច​មិន​មានការ​ត្រួតពិនិត្យ​ដិត​ដល់​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ។

ចំពោះ​តម្លៃ​សាច់​ជ្រូក​លក់​លើក​ទីផ្សារ​រាល់​ថ្ងៃនេះ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​តម្លៃ​សមរម្យ​ពលរដ្ឋ​អាច​ទទួលយក​បាន​ដោយ​ធនា​ពី​គុណភាព​សត្វ​ទទួលទាន​ទៅ​មិន​ប៉ះពាល់​សុខភាព​។ សម្រាប់​អ្នក​ដែល​ធ្វើ​អាជីវកម្ម​នៅ​កន្លែង​ឆ្ងាយ​គួរតែ​ប្រមូលផ្ដុំ​កាប់​សត្វ​នៅ​ទីតាំង​ណាមួយ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​ពេទ្យសត្វ​ចុះពិនិត្យ​ទើប​ជា​ការ​ប្រសើរ​។​ជាមួយ​នោះ​រដ្ឋបាល​ខេត្ត​ក៏​មាន​បំណង​បើសិន​អាជីវករ​ដែល​វិនិយោគ​តាម​ទី​សត្តឃាត ផុតកំណត់​អាច​ចង់ឱ្យ​មានការ​ផ្លាស់​ប្ដូរ​មួយ​គឺ​មានការ​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ក្នុង​មួយ​ឆ្នាំ​ម្ដង ។

ហើយ​ការងារ​ចាប់ពី​ពេល​នេះ ត្រូវ​ប្រគល់​ភារកិច្ច​ជូន​លោក​លី សា​រិ​ទ្ធ អភិបាលរង​ខេត្ត សហការ​ជាមួយមន្ត្រី​ជំនាញ​ដើម្បី​ចុះ​តាមដាន​មើល​ពី​សកម្មភាព​អាជីវកម្ម​កាប់​សាច់​ជ្រូក​គោ ក្របី តាម​ស្រុក​ក្រុង​នៅ​ក្នុង​ខេត្តកំពង់ចាម​ឱ្យ​មាន​តម្លាភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ