រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើវៀតណាម ជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេច នៅក្នុងចលនាតស៊ូរំដោះជាតិ ។
ការស្នើនៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើមិត្តវៀតណាម ជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេច នៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយ បានសិក្សាស្វែងយល់ ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹក នូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៦៧ និងបានលើកឡើងអំពីការចែករំលែក នូវការធ្វើបាឋកថាពិសេសរបស់សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ដើម្បីជាការលើកតម្លៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងឱ្យពិភពលោកទទួលស្គាល់អំពីតួនាទីរបស់វៀតណាម នៅក្នុងការរំដោះកម្ពុជា ។
សម្តេច បានបន្តលើកឡើងថា វិមានឈ្នះ-ឈ្នះ គឺជាផ្នែកមួយដ៏សំខាន់ នៃការរក្សាទុកប្រវត្តិទំនាក់ទំនងនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើមិត្តវៀតណាម ជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេចនៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់ ។
ឆ្លៀតឱកាសក្នុងជំនួបនោះដែរ សម្តេចតេជោក៏បានរំលេច អំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលបានកត់ត្រាជាប្រវត្តិសាស្ត្រ និងបង្ហាញនៅវិមានឈ្នះ-ឈ្នះ ចាប់ផ្តើមតាំងពីចលនារំដោះជាតិកម្ពុជារបស់សម្តេច ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសវៀតណាម ក៏បានលើកអំពីសមិទ្ធផលនានា ដែលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានសម្រេចបាន និងក្នុងន័យនេះ បានជូនពរឱ្យកម្ពុជា បន្តសម្រេចបាននូវសមិទ្ធផលធំធេងផ្សេងៗបន្ថែមទៀត ។
ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងជាប្រពៃណី និងមានកិច្ចសហប្រតិបត្តិការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាពរបស់ប្រទេសមួយ គឺជាសន្តិភាពរបស់ប្រទេសមួយទៀត។ ហេតុដូចនេះ វៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឥតឈប់ឈរជាមួយកម្ពុជា និងបន្តគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីនៅលើឆាកអន្តរជាតិនានា ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូន សម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម នាពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឆ្នាំ២០២៤-២០២៩ ដែលក្នុងនោះ រួមមានការអភិវឌ្ឍធនធានមនុស្ស, ការអប់រំបណ្តុះបណ្តាល, កិច្ចសហប្រតិបត្តិការតាមព្រំដែន, ការបន្តជំនួបជាប្រចាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម ។
ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង ក៏បានសម្តែងនូវក្តីសង្ឃឹមថា ការជំរុញកិច្ចសហប្រតិបត្តិការទាំងនេះ នឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសកងកម្លាំងយោធា បង្កើនភាពជឿជាក់រវាងគ្នា និងលើកកម្ពស់ការទទួលខុសត្រូវ មិនអនុញ្ញាតឱ្យពួកអមិត្តយកប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ ។
ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង បានស្នើកម្ពុជា ជួយបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគវៀតណាមនានា នៅកម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងដូចគ្នានេះ ស្នើអាជ្ញាធរកម្ពុជាជួយបន្តសម្រួលដល់ការស្វែងរកអដ្ឋិធាតុរបស់កងទ័ពវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ផងដែរ ៕
ចែករំលែកព័តមាននេះ