ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ក្លិបចាយលុយច្រើនបំផុតរយៈពេល​១ទសវត្សរ៍ចុងក្រោយ លើទីផ្សារដោះដូរកីឡាករ

8 ម៉ោង មុន

អន្តរជាតិ ៖ យោងតាមស្ថាប័នស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory បានឱ្យដឹងថា ក្លិប Manchester United…

អន្តរជាតិ ៖ យោងតាមស្ថាប័នស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory បានឱ្យដឹងថា ក្លិប Manchester United បានចំណាយប្រាក់រហូតដល់ ១.៣៧ពាន់លានដុល្លារអាមេរិកសម្រាប់ទីផ្សារដោះដូរកីឡាករ ចាប់តាំងពីឆ្នាំ ២០១៥ ដែលធ្វើឱ្យពួកគេក្លាយជាក្លិបចាយប្រាក់ច្រើនបំផុតនៅលើពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នៅតែជាលីគបាល់ទាត់ចំណាយប្រាក់ច្រើនបំផុតលើពិភពលោក ដោយក្លិបទាំងអស់នៃក្របខណ្ឌនេះបានចាយប្រាក់រហូតដល់ ២៤.១ពាន់លានដុល្លារចាក់បញ្ចូលទៅក្នុងទីផ្សារដោះដូរកីឡាករក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ហើយ Man Utd កាន់កាប់កំពូលតារាងជាមួយការចំណាយ ១.៣៧ពាន់លានដុល្លារ អំឡុងពេលនេះ។

ត្រឹមតែក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំនេះ ក្លិបអង់គ្លេសមានប្រវត្តិសាស្ត្រដ៏រុងរឿងមួយនេះបានចាយរហូតដល់ ២៥១លានដុល្លារ ដើម្បីចុះហត្ថលេខាលើកីឡាករ ដូចជា Manuel Ugarte, Joshua Zirkzee, Leny Yoro, Matthijs de Ligt និង Noussair Mazraoui ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ ក្លិបរហស្សនាមបិសាចក្រហមមួយនេះ ក៏បានចាយប្រាក់ប្រហាក់ប្រហែលគ្នាផងដែរ ដើម្បីនាំយកកីឡាករ Andre Onana, Mason Mount និង Rasmus Hojlund។

ក្លិប Chelsea ឯណោះវិញ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដោយបានចំណាយ ១.២៦ពាន់លានដុល្លារ។ ក្លិបរហស្សនាមតោខៀវមួយនេះ បានចំណាយប្រាក់យ៉ាងច្រើនក្រោមការដឹកនាំរបស់មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ហើយការចំណាយបានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមហាសេដ្ឋី Todd Boehly បានក្លាយជាសហម្ចាស់ក្លិបមួយនេះក្នុងឆ្នាំ ២០២២។ ក្រោមការដឹកនាំរបស់មហាសេដ្ឋីអាមារិករូបនេះ Chelsea បាននាំយកកីឡាករចំនួន៤០នាក់ និងចែកផ្លូវជាមួយកីឡាករខ្លួនចំនួន ៣៨នាក់។

ក្លិបអ្នកមានបារាំង Paris Saint-Germain ឈរនៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការចំណាយប្រាក់ ១.០៤ពាន់លានដុល្លារ នៅពេលពួកគេបាននាំយកកីឡាករឆ្នើមលំដាប់ពិភពលោកដូចជា Kylian Mbappe, Neymar, Lionel Messi និង Sergio Ramos។ ក្លិប Arsenal និងក្លិប Tottenham Hotspur ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ដោយក្លិបរហស្សនាមកាំភ្លើងធំចាយប្រាក់អស់ ៨៣៨លានដុល្លារ និងក្លិបរហស្សនាមមាន់ខ្នាយមាសចាយអស់ ៧៤៩លានដុល្លាររៀងគ្នា។

ចំណាត់ថ្នាក់ទី ៦ បានទៅលើក្លិប Manchester City ដោយចាយប្រាក់អស់ ៧៤១លានដុល្លារ ប៉ុន្តែក្លិបរហស្សនាមមេឃខៀវមួយនេះ ទទួលបានភាពជោគជ័យច្រើនជាងក្រុមឈរនៅចំណាត់ថ្នាក់កំពូលទាំង ៥ ។ នៅសល់ក្នុងចំណោមចំណាត់ថ្នាក់ក្លិបទាំង ១០ រួមមាន ក្លិប AC Milan ចាយអស់ ៦៦៧លានដុល្លារ ក្លិប Newcastle United ចាយអស់ ៦៦០លានដុល្លារ ក្លិប Barcelona ចាយអស់ ៦៣៣លានដុល្លារ) និងក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីតចាយអស់ ៥៨៦លានដុល្លារ៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ