ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់ប្រើប្រាស់ត្បាញពីឫស្សី​ នៅតែជា​តម្រូវការចាំបាច់ និងមានទីផ្សារនាំចេញទៅ​ប្រទេសជិត​ខាងទៀត​

7 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ននេះ បើទោះជាសម័យទំនើប ដែលរបស់ប្រើប្រាស់ពីឬស្សីមួយចំនួនបានផ្លាស់ប្តូរ ផលិតអំពីជ័រជំនួសឬស្សីវិញ ក៍ពិតមែន ប៉ុន្តែសិប្បកម្មតម្បាញឬស្សី នៅតែមានទីផ្សារនៅឡើយ ហើយមួយភាគធំបាននាំចេញទៅបរទេសទៀតផង…

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ននេះ បើទោះជាសម័យទំនើប ដែលរបស់ប្រើប្រាស់ពីឬស្សីមួយចំនួនបានផ្លាស់ប្តូរ ផលិតអំពីជ័រជំនួសឬស្សីវិញ ក៍ពិតមែន ប៉ុន្តែសិប្បកម្មតម្បាញឬស្សី នៅតែមានទីផ្សារនៅឡើយ ហើយមួយភាគធំបាននាំចេញទៅបរទេសទៀតផង ។

ជាស្តែង ប្រជាពលរដ្ឋរស់នៅឃុំគ្រួស និង ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅតែបន្តមុខរបរ សិប្បកម្ម ត្បាញឬស្សី ដែលជាមរតក បន្សល់ទុកពីដូនតាបន្តទៀត គឺ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីមុខរបរស្នូល គឺស្រែចំការ។

អ្នកមីង អឹម ឈឿន អាយុ ៥៦ឆ្នាំ រស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ បានឱ្យ​ដឹងថា៖ គាត់ចេះត្បាញឬស្សីនេះ ពីឪពុកម្តាយរបស់គាត់ ហើយ អ្នកមានគុណទាំង២របស់គាត់ ក៍ចេះតគ្នា គឺជាពីដូនតាមកដែរ ។

សព្វថ្ងៃ មិនមែនតែអ្នកភូមិតាំងបំពង់នោះទេ ដែលត្បាញឬស្សីធ្វើជារបស់របរប្រើប្រាស់ផ្សេងៗ គឺមានភូមិ ច្រើនទៀត ដូចជាភូមិគ្រួស ភូមិជើងគ្រាវ និងភូមិជាប់ៗគ្នាផ្សេងទៀត ក្នុងឃុំជើងគ្រាវនេះ សុទ្ឋតែធ្វើតម្បាញពីដើមឬស្សីទាំងអស់ គ្រាន់តែការត្បាញឬស្សីនេះ ធ្វើខុសៗគ្នា ។

ជាក់ស្តែង នៅម្តុំផ្ទះគាត់ប្រហែល១០ផ្ទះ គឺ ត្បាញតែកញ្ចែ្រងតែមួយមុខ មានកញ្ជ្រែងតូចធំ កញ្ច្រែង​រែងអង្ករ កញ្ជ្រែងរែងកន្ទក់ កញ្ជ្រែងដាក់បន្លែ និងកញ្ច្រែងធំ ៗសម្រាប់ហាលត្រីឬយកធ្វើអ្វីផ្សេងជាដើម។ ចំណែកផ្ទះផ្សេងៀតមានត្បាញចង្អេរ ត្បាញកញ្ជើ និងត្បាញល្អី ជាដើម ដោយត្បាញនៅម្តុំៗ ដាច់ពីគ្នា ត្បាញខុសគ្នា។

មុខរបរនេះបច្ចុប្បន្នធ្វើតែមនុស្សចាស់ៗ នៅផ្ទះទេ ដែលប្រឹងត្បាញដើម្បីដោះស្រាយជីវភាព ព្រោះបន្ទាប់ពីកាត់ថ្លៃទិញឬស្សី ថ្លៃទិញខ្យែ និងថ្លៃជួលគេជាន់ ឱ្យចេញជាកញ្ជ្រែងរួចមក នៅសល់ខ្លះដែរ ហើយបើមិនធ្វើ ក៍មិនដឹងទៅរកអី ។ ចំណែកមនុស្សពេញវ័យ ពេញវ័យពេញកម្លាំង គេទៅធ្វើការោងចក្រ ខ្លះទៅរកការងារធ្វើតាមខេត្ត ខ្លះចេញទៅធ្វើការក្រៅប្រទេសអស់ហើយ។ សព្វថ្ងៃមានឈ្មួញ យកប្រាក់មកដាក់ឱ្យអ្នកភូមិមុន ដើម្បីទុកទិញវត្ថុធាតុដើម ពេលបានជារបស់ទើបឈ្មួញ មកប្រមូលយកតាមក្រោយ បានប៉ុណ្ណាយកប៉ុណ្ណឹង សល់ប៉ុន្មានយើងធ្វើបន្តឱ្យគេទៀត ឬខ្លះយកប្រាក់បន្ថែម ដើម្បីធ្វើបន្តទៀតទៅ។

ចំណែក ស្ត្រីឈ្មោះ សឿង សៀងយ៉ុង ក៍បានបញ្ជាក់ដែរថា៖ ក្នុង១ខែគាត់អាចត្បាញកញ្ជ្រែងរែង អង្ករ បានជាង២០០ កញ្ជ្រែង ដោយកូនៗជួយត្បាញខ្លះ និងប្តីគាត់ជាអ្នកក្តាប់កណ្តាប់កញ្ច្រែងខ្លះ ។

កញ្ច្រែងរែងអង្ករដែលគាត់លក់បោះដុំឱ្យឈ្មួញ ក្នុងកញ្ជែ្រង១០ថ្លៃ៧ម៉ឺនរៀល ។ មុខរបរនេះមិនចំណេញធំដុំទេ នេះបើកុំតែរោងចក្រគេឈប់ គាត់ត្រូវទៅធ្វើការហើយ មួយខែបានជាង៨០ម៉ឺនដែរ បើប្រៀបធៀបនឹងការ ត្បាញកញ្ជ្រែងវិញ ១ខែបានជិត២លានរៀលមែន តែទូរទាត់ថ្លៃចំណាយផ្សេងៗវិញ នៅសល់តិចជាងធ្វើកម្មកររោងចក្រទេ ប៉ុន្តែធ្វើម៉េច មុខរបរនេះបន្សល់ពីដូនតា ពីម៉ែពីឪ ទៅហើយ។

គួរបញ្ជាក់ថា របស់ប្រើប្រាស់ត្បាញពីដើមឬស្សី បច្ចុប្បន្ន មានតម្រូវការចាំបាច់ខ្លាំងណាស់ដែរ សម្រាប់នាំចេញ ទៅប្រទេសថៃ តាមច្រកប៉ោយប៉ែត្រ ក្រៅពីនោះរបស់មួយចំនួន ត្រូវបានគេយកទៅកែឆ្នៃ ជាគ្រឿងលំអរ ដូចជាកូនក្រឡោតូចៗ គេយកទៅលាបពណ៌ ដើម្បីដាក់អំពូលភ្លើង និងខ្លះទៀតយកទៅដាក់តាំង តាមទីរម្មណីយ៍ដ្ឋាន និងអាហារដ្ឋាន ជាដើម ដោយគ្រាន់តែបន្ថែម​ពណ៌លំអរ​ជាការស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ