ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​អាមេរិក​យក​តៃវ៉ាន់​ជា​ឡប់​ឡែ​ដើម្បី​ក្រឡុ​ក​ស្ថាន​ការណ៍​នៅ​អាស៊ី

19 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​មាន​សារ​នយោបាយ​បែប​ចាក់​ដោត​​ថ្មី​ទៀត​ហើយ​នៅ​ក្នុង​បញ្ហា​នៃ​ទ្វីប​អាស៊ី​​។​ រុស្ស៊ី​ចោទ​ប្រកាន់​ថា​អាមេរិក​កំពុង​​ប្រើ​ប្រាស់តៃវ៉ាន់​ជា​កូន​អុក​​ក្រឡុក​ស្ថាន​ការណ៍​នៅ​ទ្វីប​អាស៊ី​។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​​របស់​អនុ​​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​អាន​ដ្រេ រូដឹន​កូ (Andrei Rudenko) ដែល​ត្រូវ​បាន​​ចុះ​ផ្សាយ​​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (Tass)​។​​…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​មាន​សារ​នយោបាយ​បែប​ចាក់​ដោត​​ថ្មី​ទៀត​ហើយ​នៅ​ក្នុង​បញ្ហា​នៃ​ទ្វីប​អាស៊ី​​។​ រុស្ស៊ី​ចោទ​ប្រកាន់​ថា​អាមេរិក​កំពុង​​ប្រើ​ប្រាស់តៃវ៉ាន់​ជា​កូន​អុក​​ក្រឡុក​ស្ថាន​ការណ៍​នៅ​ទ្វីប​អាស៊ី​។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​​របស់​អនុ​​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​អាន​ដ្រេ រូដឹន​កូ (Andrei Rudenko) ដែល​ត្រូវ​បាន​​ចុះ​ផ្សាយ​​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (Tass)​។​​ អ្នក​ការ​ទូត​រូប​នេះ​សង្កត់​ធ្ងន់​ថា​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​​នឹង​ឈរ​នៅ​ខាង​ទី​ក្រុង​ប៉េកាំង​​ជា​និច្ច​នៅ​ក្នុង​បញ្ហា​​តៃវ៉ាន់​។

យោង​តាម​លោក​រូដឹនកូ (Rudenko)​​ ទី​ក្រុង​វ៉ាស៊ីនតោន​ល្មើស​នឹង​គោល​ការណ៍​ចិន​តែ​មួយ​ដែល​អា​មេ​រិក​ខ្លួន​​ឯង​បាន​ប្រកាស​ទទួល​ស្គាល់​តាំង​ពី​យូរ​មក​ហើយ​ ហើយ​​អាមេរិក​កំពុង​ពង្រឹង​ទំនាក់​ទំនង​​យោធា និង​នយោ​បាយ​​​​ជា​មួយតៃវ៉ាន់​​ក្រោម​ពាក្យ​ស្លោក​ថា​​«មិន​ចង់​ឱ្យ​សភាព​ការណ៍​ក្រឡាប់​ចាក់​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​​»។ ទន្ទឹម​នឹង​នោះ​អាមេរិក​​បន្ត​​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​​។

លោក​យល់​ថា​គោល​ដៅ​ធំ​របស់​អាមេរិក​ដែល​ចូល​ចិត្ត​ជ្រៀត​ជ្រែក​កកូរ​កកាយ​បញ្ហា​​នៅ​ក្នុង​តំបន់​​គឺ​ដើម្បី​ញោះ​ប្រទេស​ចិន​ និង​ដើម្បី​បង្ក​បញ្ហា​រញ៉េ​រញ៉ៃ​នៅ​ទ្វីប​អាស៊ី​​​នៅ​ក្នុង​​អ្វី​ដែល​លោក​ពិ​ពណ៌​នា​ថា​ដើម្បី​បម្រើ​មហិច្ឆតា​ផ្ទាល់​ខ្លួន​។ ការ​ចុះ​ផ្សាយ​របស់​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​​នោះ​​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​ទំនាក់​​ទំនង​យោធា​ និង​នយោបាយ​នោះ​មាន​ន័យ​យ៉ាង​ណា​ទេ​។

​ជា​និច្ច​កាល ប្រទេស​ចិន​ប្រជា​មានិត​ចាត់​ទុក​​តៃវ៉ាន់​ជា​ដែន​ដី​របស់​ខ្លួន​។ ដូច្នេះ ​​ចិន​អាច​​វាយ​យក​មក​វិញ​​ថ្មើរ​ណា​ក៏​បាន​ដែរ​។ ជា​ពិសេស​ បើ​តៃវ៉ាន់​សម្ងំ​ស្ងៀម​ៗ​ កុំ​ធ្វើ​ខ្លាំង​ដៃ​ពេក ឬ​ឡើង​ចាង​ពេក​មិន​សូវ​អី​ប៉ុន្មាន​ទេ​។ បើ​នៅ​សុខ​ៗតៃវ៉ាន់​​ប្រកាស​ឯក​រាជ្យ​ប្រហែល​ជា​ចិន​ត្រូវ​តែ​បង្ខំ​ចិត្ត​​វាយ​ប្រហារ​ភ្លាម១​​រំពេច​។ ប៉ុន្តែ​តៃវ៉ាន់​​មិន​គិតដូច្នេះ​ទេ​។ តៃវ៉ាន់​យល់​ថា​ខ្លួន​ជា​ដែន​ដី​ឯក​រាជ្យ​។​​

រាល់​ថ្ងៃ​នេះ មាន​តែ​ប្រទេស​អាមេរិក​១​​ទេ​ដែល​ជា​ទី​ពឹង​ ទី​ពំនាក់​របស់​តៃវ៉ាន់​ ខណៈ​ដែល​ប្រទេស​ដែល​ធ្លាប់​ដាក់​ទូត​ជា​មួយ​តៃវ៉ាន់​ជាង​៣០​ប្រទេស​ឥឡូវ​នេះងាក​ទៅ​ដាក់​ទូត​ជា​មួយ​ចិន​ជា​បន្ត​បន្ទាប់​ដោយ​សារ​ចិន​មាន​ទឹក​លុយ​ច្រើន​ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ទាំង​នោះ​ច្រើន​ជាង​តៃវ៉ាន់​។ ចិន​កំពុង​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ដាក់​ឱ្យ​នៅ​ឯ​កោ​ចំពោះ​តៃវ៉ាន់​។

ម៉្លោះ​ហើយ អាមេរិក​ក្លាយ​ជា​អ្នកជំហរ​ ជួយ​ទំនុក​បម្រុង​ខ្លាំង​ជាង​គេ​ចំពោះ​តៃវ៉ាន់​នៅ​ក្នុង​វិស័យ​នយោបាយ​ការ​បរទេស​ និង​ការ​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​នៅ​ក្នុង​អ្វី​ដែល​អាមេរិក​អះ​អាង​ថា​ដើម្បី​ឱ្យ​តៃ​វ៉ាន់​មាន​សមត្ថ​ភាព​ការ​ពារ​ខ្លួន​​នៅ​ក្នុង​ករណី​ដែល​កោះ​នេះ​ទទួល​រង​ការ​វាយ​ប្រហារ​។ អាមេរិកធ្លាប់​បញ្ជាក់​ថា​ខ្លួន​ធ្វើ​នេះ​មិន​មែន​ដើម្បី​ឱ្យ​តៃវ៉ាន់​ផ្ដាច់​ខ្លួន​ពី​ចិន​ទេ​។ អាមេរិក​នៅ​តែ​គាំទ្រ​នយោ​បាយ​ចិន​តែ​មួយ​ដដែល​។ គ្រាន់​តែ​ថា​អាមេរិក​ចង់​ឃើញ​ចិន​បង្រួប​បង្រួម​ទឹក​ដី​ដោយ​សន្តិ​វិធី​តែ​ប៉ុណ្ណោះ​។​

ទោះ​បី​អ្នក​វិភាគ​ខ្លះ​យល់​ថា​ទំនាក់​ទំនង​ចិន-រុស្ស៊ី​ជា​ទំនាក់​ទំនង​ដែល​គ្មាន​ស្ថិរភាព និង​គ្មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ក្ដី​ ក៏​ប៉ុន្តែ​នៅ​ក្នុ​ងសក​រាជ​របស់​លោក​ស៊ី​ជីន​ពីង និង​លោក​ពូទីន ប្រទេស​ទាំង​២​ហាក់​ដូច​ជា​ខិត​ជិត​គ្នា​កាន់​តែ​ខ្លាំង​។ ប្រទេស​ទាំង​២​អាច​នឹង​​រក្សា​​ទុក​បញ្ហា​កំប៉ិក​កំប៉ុក​មួយ​ឡែក​សិន​ដើម្បី​ទប់​ទល់​នឹង​សត្រូវ​ធំ​របស់​ពួកគេ​គឺ​ប្រទេស​អាមេរិក និង​លោក​​ខាង​លិច​។

មុន​ពេល​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​ ថ្នាក់​ដឹក​នាំ​ទាំង​២​​​ជួប​គ្នា​ និង​ប្រកាស​​ភាព​ជា​ដៃ​គូ​​ឥត​ដែន​កំណត់​។ ក្រោយ​មក​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៤​​ លោក​ពូទីន និង​លោក​ស៊ី​ជីន​ពីង​សន្យា​​បើក​ទំព័រ​សក​រាជ​ថ្មី​នៃ​ទំនាក់​ទំនង​​ដើម្បី​ទប់​ទល់​នឹង​ប្រទេស​អាមេរិក​ដែល​ប្រទេស​ទាំង​២​ចោទ​ប្រកាន់​ថា​ជា​មេ​អនុត្ត​រ​ភាព​និយម​​​ ដើរ​ក្រឡុក​ស្ថាន​ការណ៍​ពេញ​ពិភព​លោក​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ