ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​ខេត្តកំពត ​ប្រកាស​ពីការបង្កកទ្រព្យ​​​សម្បត្តិ​ក្រុម «ជា​ សារ៉ន»

15 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ បាន​សម្រេច​បង្កក​គណនី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​១០៦​គណនី រួម​ទាំង​បង្កក​អចលនវត្ថុ​ដីធ្លី​ទំហំ​ជាង​២​លាន​២៨​ម៉ឺន​ម៉ែត្រការ៉េ របស់​បក្ខពួក​អតីត​ឧកញ៉ា ជា…

ខេត្តកំពត ៖ សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ បាន​សម្រេច​បង្កក​គណនី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​១០៦​គណនី រួម​ទាំង​បង្កក​អចលនវត្ថុ​ដីធ្លី​ទំហំ​ជាង​២​លាន​២៨​ម៉ឺន​ម៉ែត្រការ៉េ របស់​បក្ខពួក​អតីត​ឧកញ៉ា ជា សា​រ៉​ន ដែល​បាន​បោកប្រាស់​ពលរដ្ឋ​ក្រោម​រូបភាព​វិនិយោគ ។

តាម​សាលាដំបូង​ខេត្ត ទ្រព្យសម្បត្តិ​របស់​បក្ខពួក​ដែល​រឹបអូស​បាន​នេះ នឹង​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា ដំបូង​ខេត្ត ស្ដី​ពី​វឌ្ឍនភាព​ចំណាត់ការ​សំណុំរឿង​ពាក់ព័ន្ធនឹង​ក្រុមហ៊ុន ជា សា​រ៉​ន ដែល​ចេញផ្សាយ​នៅថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ បញ្ជាក់​ថា សាលា​ដំបូង​ខេត្ត បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ និង​អចលនវត្ថុ​ជា​ប្រភេទ​ដី​របស់​ក្រុមហ៊ុន ជា សា​រ៉​ន ដែល​មា​នទី​តាំងនៅ​ខេត្តកំពត រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​កែប ។

ក្រៅពី​នេះ សាលាដំបូង​ខេត្ត ក៏​កំពុង​ពិនិត្យ​និង​សិក្សា​លើ​ទ្រព្យសម្បត្តិ រួម​ទាំង​អចលនវត្ថុ​របស់​
ជន​ត្រូវ​ចោទ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​រក​ដំណោះស្រាយ​ជូន​ជន​រង​គ្រោះ និង​ដើម
បណ្តឹងរដ្ឋប្បវេណី ។តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល សាលាដំបូង​ខេត្ត ក៏​បានឱ្យ​ដឹង​ដែរ​ថា កំពុង​បន្ត​ឃុំខ្លួនអតីត​ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក​ជា​បណ្តោះអាសន្ន និង​បន្ត​ចាត់ការ​លើ​សំណុំ រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង​យុត្តិធម៌​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ។ សាលាដំបូង​ខេត្ត ក៏​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​អចលនវត្ថុ និងចលនវត្ថុ​របស់​ជន​ត្រូវ​ចោទ​ដែល​ពាក់ព័ន្ធ​បន្ត​ទៀត​ដែរ ។

គួរ​រំឭក​ថា អតីត​ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក​ចំនួន​៨​នាក់ បាន​ត្រូវ​នគរបាល​ខេត្តកំពត​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ នៅ​ក្នុង​វេទិកាសាធារណៈ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត នៅ​បរិវេណ​វត្ត​អង្គ​ឈូក ក្នុងស្រុក​ឈូក ។

ការ​ចាប់ខ្លួន​អតីត​ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​ចេញ​មុខ​តវ៉ា​ពី​ការ​ចាញ់បោក​លើ​គម្រោង​វិ​និយោគ​របស់​ក្រុមហ៊ុន ជា សា​រ៉​ន ដែល​សរុប​ជា​ទឹកប្រាក់​មាន​ជិត ៤០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ពី​ចំនួន​ទឹកប្រាក់​ដែល​តុលាការ​បាន​បង្កក​ពី​គណនី​ធនាគារ​របស់​ក្រុមហ៊ុន ជា សា​រ៉​ន ថា​ មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ។

ដោយឡែក នៅ​ក្នុង​សំណុំរឿង​ឆបោក​ប្រាក់​ពលរដ្ឋ​ក្រោម​រូបភាព​វិនិយោគ​អចលនទ្រព្យ​ដូចគ្នា​ នេះ ក៏​មាន​ពលរដ្ឋ​ជាង ៥ ០០០​គ្រួសារ បានដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ប្រ៊ី​លាន​ស៊ី​ធី របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ពី​បទ​បាន​ឆបោក​ទឹកប្រាក់​វិនិយោគ​របស់​ពួក​គាត់​ទាំង​ការ និង​ដើម​សរុប​ជាង ៣០០​លាន​ដុល្លារ​ដែរ ។ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ សាលា​ដំបូង​ខេត្តសៀមរាប បាន​បង្កក​គណនី​ធនាគារ​ចំនួន​១៨៣​គណនី និង​ទ្រព្យសម្បតិ្ត​មួយ​ចំនួនរបស់​ក្រុម​ឆបោក ដោយ​មិន​បាន​បញ្ជាក់​ពី​ទំហំទឹកប្រាក់​សរុប​ទេ ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ មាន​មនុស្ស​ចំនួន ៧នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀម រាប​ចាប់​ឃុំខ្លួនក្នុង​នោះ​មានឈ្មោះ ឡេ​ង ចាន់​ណា ភេទ​ស្រី ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ២​នាក់​ជា​អគ្គនាយករង និង​អ្នក​ពាក់ព័ន្ធ​ចំនួន​២​នាក់​ទៀត ។ ទោះបីជា​បែប​ណា ​រឿង​ក្តី​ឆបោក​ដ៏​ធំ​នេះ មិន​ទាន់​ដឹង​ថា តើ​មាន​ដំណោះស្រាយ​បែប​ណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ