ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​​រដ្ឋ​បាល​​ជល​ផល​រើ​ចេញ​អស់​ហើយ​សល់​តែ​​យី​ហោ​

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​រដ្ឋបាល​ជលផល​» ដែលមាន​ទីតាំង​លើ​ផ្ទៃដី​ដ៏​ធំ​មហាសាល​ជិត​១​ហិ​កតា ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ភ្លើងស្តុប ​រវាង​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ម៉ៅ​សេ​ទុង តំបន់​ចំការមន ត្រូវ​បាត់​រូបរាង​ពី​ទីតាំង​កំណើត​របស់​ខ្លួន​ទៅ​ហើយ​…​ឃើញ​នៅ​សល់​តែ​ផ្លា​ក​យីហោ​ដ៏​ក្រៀមក្រំ​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ «​រដ្ឋបាល​ជលផល​» ដែលមាន​ទីតាំង​លើ​ផ្ទៃដី​ដ៏​ធំ​មហាសាល​ជិត​១​ហិ​កតា ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ភ្លើងស្តុប ​រវាង​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ម៉ៅ​សេ​ទុង តំបន់​ចំការមន ត្រូវ​បាត់​រូបរាង​ពី​ទីតាំង​កំណើត​របស់​ខ្លួន​ទៅ​ហើយ​…​ឃើញ​នៅ​សល់​តែ​ផ្លា​ក​យីហោ​ដ៏​ក្រៀមក្រំ​តែ​ប៉ុណ្ណោះ ។

បានជា​យើង​ពោល​ដូច្នោះ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មហាជន​បានឃើញ​មន្ត្រីរាជការ «​រើ​តោករើ​ហ៊ឹង​» ដឹក​ជញ្ជូន​ចេញ​ឱ្យ​រពុយ​ជា​បន្តបន្ទាប់ ហើយ​ម្នាក់​ៗ​មុខ​មិន​ស្រស់​ទេ​…​ប្រៀប​ដូចត្រូវ​គេ​បណ្តេញចេញ​ឱ្យ​ឆាប់​កាន់តែ​ល្អ​ពី​ទីតាំង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​នៅ​កណ្តាល​រាជធានី​នេះ ។ពេល​បានឃើញ​និង​សួរនាំ​…​គ្រាន់តែ​ឮ​ថា «​កោះសន្តិភាព​» ពុំ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​និយាយ​ឡើយ ។

ប៉ុន្តែ​ក៏​មាន​មន្ត្រី​ម្នាក់​និយាយ​បោះសម្តី​ចោល​ថា កុំ​សួរ​ច្រើន​ពេក នេះ​ជា​រឿង «​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» ដូច​កោះសន្តិភាព​ធ្លាប់​និយាយ​កាលពីដើម​ហើយ​តើ !មាន​មន្ត្រី​ម្នាក់​ទំនង​ថ្នាក់ទាប​ទេ និយាយ​បែបចំអក​មិន​ឱ្យ​គេ​ឮ​ខ្លាំង​ទេ​ថា មិន​ខុស​ពី​«​គេ​លក់ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​»​ទេ​…​ក្រែង​កោះ​សន្តិភាព​ធ្លាប់​ផ្សាយ​ដែរ​តើ ? សុំ​សួរ​មេ​ៗ​ថ្នាក់លើ​ទៅ ទើប​ច្បាស់ ។

លទ្ធផល​ចុង​ក្រោយ​បញ្ជាក់​ថា «​ទីតាំង​រដ្ឋបាល​ជលផល​» ដ៏​មហាសាល​ត្រូវ​បាន​លក់​ឬ​ដោះដូរ​តាំង​តែ​ពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ សម័យ​លោក វេ​ងសា​ខុន ជា​រដ្ឋមន្ត្រី ។ ទំនង​ម្ចាស់​គេ​ទើប​បង្ខំ​ឱ្យ​ចេញ​នៅ​ចុងឆ្នាំ​នេះ ទើប​នាំ​គ្នា​ត្រូវ​តែ «​បង្ខំចិត្ត​» រើ​ចេញ​ដោយ​ខានមិនបាន ព្រោះ​ដល់​ពេល​ម្ចាស់​ថ្មី​ចូល​មក​គ្រប់គ្រង​វិញ​ហើយ ។ តើ​ទីតាំង​ថ្មី​នៅ​ទីណា ? ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​មែនឬ ? តើ​សេដ្ឋី​ណា​ដែល​មាន​សំណា​ង​បាន​ទីតាំង «​ឆ្នាំង​មាស​»​នេះ ? តើ​ក្រុមហ៊ុន​សេដ្ឋី​មួយ​ណា ? នៅ​មិន​ទាន់​បាន​ព័ត៌មានច្បាស់​ការណ៍​១០០%​នៅឡើយ​ទេ ។

ប្រភពមួយ​ថា បាន​ទៅ​ក្រុម​ហ៊ុន​ឈ្មោះ ម៉ូ​ឌែ​ន វិ​សិនគ្រុប​… មិនដឹង​សេដ្ឋី​ម្ចាស់​ក្រុម​ហ៊ុន​ឈ្មោះ​អ្វី​ទេ បានជា​មានសំណាង​ម្ល៉ឹង​ៗ ។ តាម​ប្រភព​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​បង្ហើប​ប្រាប់​កោះសន្តិភាព​ថា ដី​នៅ​ទីតាំង​រដ្ឋបាល​ជលផល ក្នុង​សម័យកាល​ឆ្នាំ​២០២០ មាន​តម្លៃ​មហាសាល​ណាស់ គឺ​ពី​៨​ពាន់​ដុល្លារ ទៅ​មួយ​ម៉ឺន​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ គឺ​អាច​មាន​តម្លៃ​ពី៧០​ទៅ​៨០​លាន​ដុល្លារ ។ ទីតាំង​ដី​នោះ​បានជា​មាន​តម្លៃ​ម្ល៉ឹង​ៗ ព្រោះ​នៅ​ចំ​មហាវិថី និង​កាច់ជ្រុង​ទៀត មិន​ងាយ​រកបាន​ឡើយ ។ ចំណែក​ដី​នៅ​ទីតាំង​ថ្មី​ជាង​១​ហិ​កតា​ស្តើង ដែល​ស្ថិត​នៅ​ជាយ​បឹង​ទំពុន ក្នុង​សង្កាត់​ចាក់​អង្រែ​នោះ កាលពី​សម័យ​នោះ​ជា​ដី​បឹង​មាន​តម្លៃ​ពី​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ​អស់​ថ្លៃ​ហើយ ។

ទោះបី​មាន​សំណង់​ដោះ​ដូរ វា​គ្រាន់តែ​ជា​សំណង់​ថ្មី​ហុយ​ប៉ុណ្ណោះ ។ ឯ​ដី​ដោះ​ដូរ​នេះ​មាន​តម្លៃ​ប្រមាណ​ជាង​២​លាន​ដុល្លារ អស់ក្បាច់​ហើយ ។ ធម្មតា​ឈ្មួញ​រកស៊ី​ជាមួយ​រដ្ឋ បើ​មិន​ចំណេញ​កប់​មេឃ​គេ​មិន​ប្រថុយ​ទេ ។ មិនដឹង​គេ​ពូកែ​រត់ការ ចំណាយ​ក្រៅ​អស់​ប៉ុន្មាន​នៅឡើយ​ទេ ។ គង់តែ​ធ្លាយ ព្រោះ​ទោះ​ផោម​ក្នុង​ទឹក​គង់តែ​មាន​ក្លិន ? ម្ល៉ោះហើយ​ពាក្យ​ថា «​លក់​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​» អត់​ខុស​បន្តិច​ឡើយ ។ ឯ​ពាក្យ​ថា «​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» ក៏​កាន់តែ​ត្រូវ​ដែរ​…​ហេ ! ហេ

ពេល​ណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ