រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឲ្យក្រសួងធម្មការ និងសាសនាក៏ដូចជា ពិធីការធ្វើការរៀបចំឡើងវិញនូវអាសនៈក្រមសង្ឃ ព្រោះថា ការរៀបចំពិធីការសព្វថ្ងៃនេះពិធីការបានរៀបចំឋានៈទៅតាមគោរមងារ មិនមែនរៀបចំទៅមានតួនាទីនោះទេ ។
ថ្លែងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាត មន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ បានបញ្ជាក់ថា ៖«ខ្ញុំព្រះករុណា សូមព្រះរាជទានទោស ព្រោះខ្ញុំត្រូវនិយាយត្រង់ៗអីញ្ចឹង «…» ខ្ញុំសុំធ្វើការកែតម្រូវ ព្រោះអាសនៈក្រមដែលកំពុង តែរៀបចំ គឺរៀបចំតាមគោរមងារមិនមែនរៀបចំតាមតួនាទីទេ មិនត្រូវទាល់តែសោះ ។
វាមិនដែលចៅហ្វាយ ខេត្តណាទៅអង្គុយក្រោយចៅហ្វាយស្រុកទេ អត់ទេ! សម្តេចព្រះគុណ ខាងរដ្ឋបាលគេមានចៅហ្វាយ ចៅហ្វាយស្រុក ។ ចៅហ្វាយខេត្តខ្លះថ្នាក់ឧត្តមមន្ត្រីថ្នាក់លេខ៣ ហើយចៅហ្វាយស្រុកខ្លះថ្នាក់ឧត្តមមន្ត្រីថ្នាក់លេខ១ ប៉ុន្តែគេមិនដែលឲ្យចៅហ្វាយស្រុកអង្គុយមុខទេ គេឲ្យចៅហ្វាយខេត្តអង្គុយមុខ ។ ឯយើងសព្វថ្ងៃនេះឲ្យព្រះអនុគុណទៅអង្គុយមុខមេគុណ បានសេចក្តីថា អនុគុណស្មើចៅហ្វាយស្រុក ហើយមេគុណចៅហ្វាយខេត្ត» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា សម្តេចបានឃើញនៅព្រះបរមរាជវាំងមានការរៀបចំសម្តេចសៅ ចាន់ថុល អង្គុយខាងលើ(ខាងមុខ)សម្តេចព្រះសង្ឃឃឹម សន ចំណុចនេះមិនត្រឹមត្រូវនោះទេ ។ សម្តេចឃឹម សន ជាព្រះមេគុណរឿងអ្វីទៅអង្គុយខាងក្រោយ សម្តេច សៅ ចាន់ថុល ៕
ចែករំលែកព័តមាននេះ