ខេត្តព្រៃវែង ៖ លោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានថ្លែងថា ព្រំដែនរវាងខេត្តព្រៃវែង និងខេត្តទាំងបីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺបានបោះបង្គោលសីម៉ាព្រំដែនរួចរាល់ជាស្ថាពរ សរុបចំនួន១៩៦បង្គោល ។
លោកបានបន្តថា ក្នុងនោះបង្គោលខ្នាតធំមានចំនួន២២បង្គោល (ខាងកម្ពុជា៧បង្គោល ខាងវៀតណាម៧បង្គោល និងបង្គោល រួម៨បង្គោល) ស្មើនឹង១៣ទីតាំង ។ បង្គោលបំពេញបន្ថែមមានចំនួន១៤៤បង្គោល (ខាងកម្ពុជា៦៥បង្គោល និងខាងវៀតណាម៦៨ បង្គោល បង្គោលរួម១១បង្គោល) ស្មើនឹង៧០ទីតាំង ។ បង្គោលតំរុយមានចំនួន ៣០បង្គោល ស្មើនឹង៣០ទីតាំង ។
ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តបានអញ្ជើញចូលរួមជាមួយលោក ទ្បាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា » ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A»សាលាខេត្តព្រៃវែងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូអមដំណើររដ្ឋមន្ត្រី លោកសមាជិកក្រុមប្រឹក្សាខេត្តលោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងអ្នកពាក់ព័ន្ធសរុបចំនួន៥២៨នាក់ ។ លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន ។
លោកបានបន្ថែមថា ការងារគ្រប់គ្រងព្រំដែនខេត្តព្រៃវែង មានស្រុកចំនួន៤ ឃុំចំនួន៨ និងភូមិចំនួន១៧ ជាប់ព្រំដែន ជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលមានបន្ទាត់ព្រំដែនប្រវែងសរុប៨៤,២គីឡូម៉ែត្រ និងមានច្រកទ្វារព្រំដែនចំនួន៦ ។ លោកអភិបាលខេត្តបានបញ្ជាក់ថា លើកិច្ចសហប្រតិបត្តការល្អរវាងខេត្តព្រៃវែង និងបណ្តាខេត្តទាំងបីជាប់ព្រំដែន កងកម្លាំងការពារព្រំដែន ភាគីទាំងសងខាងតែងតែផ្លាស់ប្តូរព័ត៌មានជាប្រចាំផ្តល់កិច្ចសហការត្រួតពិនិត្យសកម្មភាពតាមព្រំដែន និងសហការចុះល្បាតទ្វេភាគីការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន ការពារខ្សែបន្ទាត់បង្គោលព្រំដែន សហការរៀបចំពិនិត្យដោះស្រាយបានទាន់ពេលវេលា។
រាល់ករណីដែលកើតមានបញ្ហាផ្សេងៗនៅតំបន់ព្រំដែន ការប្រយុទ្ធ ប្រឆាំង បង្ការទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រប់ប្រភេទ និងបានបន្តពង្រឹងកិច្ចសហការការងារផ្សព្វផ្សាយ ចលនាប្រជាជនព្រំដែនទាំងសងខាង ឱ្យបានយល់ដឹងគោរពអនុវត្តត្រឹមត្រូវតាមការកំណត់ដែលមានចែងនៅក្នុងបណ្តាសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង បទប្បញ្ញត្តិពាក់ព័ន្ធនានា រវាងរដ្ឋាភិបាលប្រទេសទាំងពីរស្តីពីព្រំដែន អធិបតេយ្យភាពព្រំដែនដីគោក រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន មានសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
បន្ថែមលើសពីនេះ លោកឡាំ ជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដោយធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទួលាយអំពីកិច្ចការព្រំដែនទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស លើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង៕
ចែករំលែកព័តមាននេះ