ខេត្តសៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងប្រកាន់ខ្ជាប់យ៉ាងពេញលេញ នូវអារ្យធម៌ចម្រុះ និងពហុភាគីនិយម ។
ថ្លែងសុន្ទរកថាគន្លឹះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា ដែលធ្លាប់ជាប្រទេសមានអារ្យធម៌ដ៏ចំណាស់ដ៏រុងរឿង ដែលតភ្ជាប់ផ្លូវពាណិជ្ជកម្មអាស៊ី បច្ចុប្បន្ន កំពុងស្វែងរក ការតភ្ជាប់ ក្នុងបរិបទទំនើប ដោយលើកកម្ពស់សន្តិសុខ និងការតភ្ជាប់ពិភពលោករបស់យើង ។
ក្នុងសហគមន៍សកលបែបចម្រុះ ភាពចម្រុះទាមទារឲ្យយើងគោរពនូវភាពខុសប្លែកពីគ្នា ក្នុងគ្រប់ទម្រង់ នៃអភិបាលកិច្ចនយោបាយ និងស្ថាប័ន សូម្បីតែការប្រែប្រួល នៃលទ្ធិប្រជាធិបតេយ្យក៏ដោយ ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងមានបំណងជំរុញលទ្ធិប្រជាធិបតេយ្យបែ បកណ្តាលរួមជាមួយនឹងប្រទេស និងគណបក្សនយោបាយ ដែលមានគំនិតដូចគ្នា គាំទ្រពហុភាគីនិយម និងពហុនិយមក្នុងអភិបាលកិច្ចនយោបាយ ។
សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាម៉េរិកឡាទីន អាម៉េរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក ។
គណបក្សប្រជាជនកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ ៕
ចែករំលែកព័តមាននេះ