ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ហាម​យន្ត​ហោះ​មិន​ឱ្យ​ចូល​ហៃ​ទី​ក្រោយ​ការ​បា.ញ់​ប្រហារ​ពី​បង​ធំ

1 ថ្ងៃ មុន

ទី​ក្រុង​ផត​អូ​ព្រីន៖ ​​ការ​អុក​ឡុក និង​រាត​ត្បាត​របស់​​ក្រុម​បង​ធំ​នៅ​ប្រទេស​ហៃ​ទី​កាន់​តែ​មាន​សភាព​ស្រួច​ស្រាល់​ខ្លាំង​មែន​ទែន​ ​ដល់​ថ្នាក់​ប្រទេស​ខ្លះ​​ហាម​ឃាត់​យន្ត​ហោះ​របស់​ខ្លួន​មិន​ឱ្យ​បើក​ចូល​ដែន​អា​កាស​របស់​ហៃ​ទី​​។ ​​អាកាស​ចរ​ស៊ីវិល​អា​មេ​រិក​ប្រកា​ស​ហាម​ឃាត់​​ជើងហោះ​ហើរ​​ពី​អាមេរិក​​​ទៅ​​​ហៃ​ទី​ត្រូវ​​ផ្អាក​រយៈ​ពេល​៣០​ថ្ងៃ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​បី​គ្រឿង​​របស់​អា​មេ​រិក​ត្រូវ​​គ្រាប់​កាំ​ភ្លើង​របស់​បង​ធំ​​ ហើយ​ធ្វើ​​ឱ្យ​របួស​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​យន្ត​ហោះ​ម្នាក់​​​​។ នៅ​ក្នុង​ស្ថាន​ភាព​​នេះ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​​​ផ្អាក​ជើង​ហោះ​ហើរ​របស់​ខ្លួន​ទៅ​រដ្ឋ​ធានី​ផត​អូ​ព្រីន​ (Port…

ទី​ក្រុង​ផត​អូ​ព្រីន៖ ​​ការ​អុក​ឡុក និង​រាត​ត្បាត​របស់​​ក្រុម​បង​ធំ​នៅ​ប្រទេស​ហៃ​ទី​កាន់​តែ​មាន​សភាព​ស្រួច​ស្រាល់​ខ្លាំង​មែន​ទែន​ ​ដល់​ថ្នាក់​ប្រទេស​ខ្លះ​​ហាម​ឃាត់​យន្ត​ហោះ​របស់​ខ្លួន​មិន​ឱ្យ​បើក​ចូល​ដែន​អា​កាស​របស់​ហៃ​ទី​​។ ​​អាកាស​ចរ​ស៊ីវិល​អា​មេ​រិក​ប្រកា​ស​ហាម​ឃាត់​​ជើងហោះ​ហើរ​​ពី​អាមេរិក​​​ទៅ​​​ហៃ​ទី​ត្រូវ​​ផ្អាក​រយៈ​ពេល​៣០​ថ្ងៃ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​បី​គ្រឿង​​របស់​អា​មេ​រិក​ត្រូវ​​គ្រាប់​កាំ​ភ្លើង​របស់​បង​ធំ​​ ហើយ​ធ្វើ​​ឱ្យ​របួស​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​យន្ត​ហោះ​ម្នាក់​​​​។

នៅ​ក្នុង​ស្ថាន​ភាព​​នេះ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​​​ផ្អាក​ជើង​ហោះ​ហើរ​របស់​ខ្លួន​ទៅ​រដ្ឋ​ធានី​ផត​អូ​ព្រីន​ (Port –au-Prince) ផង​ដែរ​។ សូម​បញ្ជាក់​ថា​​ UN គ្រាន់​តែ​បង្វែរ​កន្លែង​ចុះ​ចត​ផ្សេង​ពី​​​ផត​អូ​ព្រីន​ ប៉ុន្តែ​នៅ​តែ​ហោះ​ចូល​ហៃ​ទី​ដដែល​ទេ​​​​។ បើ​​អាមេរិក​វិញ​គឺ​​ហាម​​ជើង​ហោះ​ហើរ​​របស់​ខ្លួន​មិន​ឱ្យ​ចូល​ហៃ​ទី​តែ​ម្ដង​។ ដូច្នេះ លំហូរ​នៃ​​​ជំនួយ​មនុស្ស​ធម៌​ទៅ​ហៃ​ទី​អាច​នឹង​ត្រូវ​ត្បិត​ត្បៀត​។

​​​កាល​ពី​ម្សិល​មិញ​ យន្ត​ហោះ​​អាមេរិក​១​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ស្ពីរីត អ៊ែរឡាញ (Spirit Airlines) ​ត្រូវ​​បង​ធំ​បាញ់​រះ​ឡើង​លើ​ជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​ធ្លុះ​ធ្លាយ​សម្បក​យន្ត​ហោះ​​។ ​អាកាស​យា​និក​ក៏​បង្វែរ​ទិស​ដៅ​ទៅ​ចុះចត​នៅ​សា​ធារណ​រដ្ឋ​ដូមីនីខេន​វិញ​​ (Dominican)​។ អាជ្ញា​ធរហៃ​ទី​​ក៏​ចុះ​បិទ​​ដំណើរ​ការ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​នៅ​ទីក្រុង​ផត​អូ​ព្រីន​តែ​ម្ដង​។

កាល​ពី​យប់​មិញ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិត​ប្ល៊ូ និង​អាមេរិកាំង​អ៊ែរឡាញ​​ (JetBlue & American Airlines) ថ្លែង​​​ថា​យន្ត​ហោះ​របស់​ខ្លួន​ក៏​ទទួល​រង​គ្រាប់​កាំ​ភ្លើង​របស់​ក្រុម​បង​ធំ​នៅ​ហៃ​ទី​​ផង​ដែរ​។ ពេល​នោះ យន្ត​ហោះ​របស់​ខ្លួន​មិន​មែន​ហោះ​ពី​ប្រទេស​ដទៃ​ចូល​ហៃ​ទី​ទេ​ ប៉ុន្តែ​ហោះ​ចេញ​ពី​អាកាស​យាន​ដ្ឋាន​នៃ​រដ្ឋធានី​ផត​អូ​ព្រីន​របស់​ហៃ​ទី​សំដៅ​ទៅ​ប្រទេ​សដទៃ​​ទៀត​។​​

ករណី​បាញ់​បោះ​យ៉ាង​អនា​ធិបតេយ្យ​ទៅ​លើ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​នោះ​គ្រាន់​តែ​ជា​ផ្នែក​ដ៏​តូច​១​នៃ​ចលនា​បះ​បោរ​ និង​ការ​អុក​ឡុក​យ៉ាង​គគ្រឹក​គគ្រេង​របស់​ក្រុម​បង​ធំ​ដែល​រីក​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​ហៃ​ទី​។ សូម​ជម្រាប​ថា​បង​ធំ​នៅ​ហៃ​ទី​មិន​មែន​តិច​តួច​ទេ​​ គឺ​មាន​ចំនួន​រាប់​ម៉ឺន​នាក់​ដែល​មាន​កាំ​ភ្លើ​ងកាន់​នៅ​ក្នុង​ដៃ​ ដល់​ថ្នាក់​​​​​សមត្ថ​កិច្ច​មិន​​អាច​បង្ក្រាប​បាន​។​​

ពេល​ខ្លះ​ រដ្ឋាភិបាល​ទប់​លែង​ជាប់​ដល់​ថ្នាក់​ស្នើ​សុំ​ជំនួយ​កង​កម្លាំង​សន្តិ​សុខ​ពី​ប្រទេស​​ដទៃ​​មក​ជួយ​​​នៅ​តែ​ចាត់​ការ​មិន​បាន​ដដែល​។ ​ការ​បាញ់​បោះ​យ៉ាង​អនា​ធិបតេយ្យ​​កើតឡើង​កាន់​តែ​ពុះ​កញ្ជ្រោល​បន្ទាប់​ពី​ហៃ​ទី​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​នូវ​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​ថ្មី​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ​អ្នក​នាំ​ពាក្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ថា​មាន​ករណី​ប្រយុទ្ធ​គ្នា​២០​ដង​ និង​ការ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​។ ដូច្នេះ ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​នឹង​រង​ផល​ប៉ះ​ផល​។

អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ផត​អូ​ព្រីន​នឹង​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​។ ដូច្នេះ ​យន្ត​ហោះ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​នឹង​បង្វែរ​ទិស​ដៅ​ចុះ​ចត​​នៅ​អាកាស​យាន​ដ្ឋាន​១​ទៀត​ស្ថិ​ត​នៅ​​ប្រទេស​​ហៃ​ទី​ភាគ​ខាង​ជើង​​។ នៅ​ទូ​ទាំង​រដ្ឋ​ធានី​ផត​អូ​ព្រីន គេ​ស្ដាប់​​ឮ​​ស្នូរ​គ្រាប់​កាំ​ភ្លើង​​ផូង​ផាំង​ៗ​ពាស​ពេញ​ដង​ផ្លូវ​។ នេះ​ជា​សញ្ញា​បង្ហាញ​ថា​ទោះ​បី​រដ្ឋាភិបាល​​​បាន​បង្កើត​កង​កម្លាំង​ប្រ​ដាប់អាវុធ​​​ខ្លាំង​គួរ​សម​ និង​មាន​ជំនួយ​ពី​ស្ថាប័ន​អន្តរ​ជាតិ​យ៉ាង​ណា​ក្ដី ក៏​ប្រទេស​នេះ​នៅ​តែ​រំខាន​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ក្រុម​បង​ធំ​ដដែល​។ អង្គ​ការ​សហ​ប្រជា​ជាតិ​វាយ​តម្លៃ​ថា​សព្វ​ថ្ងៃ​នេះ ៨៥%​នៃ​រដ្ឋ​ធានី​ផត​អូ​ព្រីន​ត្រូ​វបាន​កាន់​កាប់​ដោយ​ក្រុម​បង​ធំ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ