ថៃ ៖ ឆ្នាំ២០២៤ ក៏មិនខុសពីបណ្តាឆ្នាំមុនៗនោះឡើយ អោយតែដល់ពេលដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ចុងឆ្នាំ ចាប់ពីខែតុលា ដល់ខែមករា គឺជាការវិលត្រឡប់មកវិញនៃរដូវខ្យល់ពុលនៅក្នុងប្រទេសថៃ ជាពិសេស គឺទីក្រុងបាងកកដែលតែងតែត្រូវបានគ្របដណ្តប់ ដោយភាពអាប់អួរនៃខ្យល់ពុលពោរពេញទៅដោយកម្ទេចធូលី PM 2.5 ដោយថ្ងៃខ្លះឡើងលើសពីកម្រិតសុវត្ថិភាព ថ្ងៃខ្លះឈានដល់កម្រិតព្រមាន ហើយមានថ្ងៃមួយនោះបានធ្វើថៃក្លាយជាកន្លែង ដែលមានខ្យល់ពុលអាក្រក់បំផុត លើលោកថែមទៀតផង ។
ជាក់ស្តែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រភពីសារព័ត៌មានថៃ The Nation និង PBS World បានប្រកាសថា គុណភាពខ្យល់ក្នុងរាជធានីបាងកក និងខេត្ត៧ផ្សេង បានធ្លាក់ចេញពីពណ៌បៃតង មកជាពណ៌ទឹកក្រូចជាមួយនឹងកម្ទេចភាគល្អិត PM 2.5 បាន ឡើងដល់ទៅជាង៥៤ μg/m3 (មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់) ហើយស្ថានភាពនេះ ក្រសួងសុខាភិបាលថៃបានអំពាវនាវនាវឱ្យប្រជាជនថៃត្រូវពាក់ម៉ាស់នៅពេលពួកគេចេញក្រៅ ខណៈដែលអ្នកឯកទេសផ្នែកបរិស្ថានបានព្រមានថា ការបំពុលបរិយាកាសកាន់តែគ្រោះថ្នាក់នឹងបន្តអូសបន្លាយនៅគ្រប់តំបន់ធំៗទូទាំងប្រទេសថៃ រហូតដល់ថ្ងៃទី២០ វិច្ឆិកាឯណោះ ។
មជ្ឈមណ្ឌលទំនាក់ទំនងដោះស្រាយបញ្ហាការបំពុលបរិយាកាសរបស់ថៃ បានធ្វើបច្ចុប្បន្នភាពរបាយការណ៍ត្រួតពិនិត្យគុណភាពខ្យល់ ដោយគិតត្រឹមម៉ោង១២:០០រសៀល ថ្ងៃទី១២វិច្ឆិកាថា កម្រិត PM2.5 ត្រូវបានគេរកឃើញថា លើសពីស្តង់ដារសុវត្ថិភាព នៅក្នុងទីក្រុងបាងកក , ខេត្តខេត្តណនថាប៊ូរី, ខេត្ត ខេត្តសាមុតសាខន, ខេត្ត ខេត្តសាមុតប្រាក់ខន, ខេត្តណាន, ខេត្តពិចិត្រ, ខេត្តសារ៉ាប៊ូរី, ខេត្ត ខេត្តកាចាណានប៊ូរី និង ខេត្តអ៊ូបុនរាចាថានី ដោយតំបន់កណ្តាល និងខាងលិចប្រទេស PM2.5 បានហក់ឡើងដល់ទៅ ៤៦.១មីក្រូក្រាម/ម៉ែត្រគូបខ្យល់ ។ ហើយរឿងដែលកាន់តែគ្រោះថ្នាក់នោះ ស្ថានីយវាស់វែងរបស់រដ្ឋបាលក្រុងបាងកក ពិនិត្យឃើញថា នៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ PM2.5 ៥២.៨ មីក្រូក្រាម/ម៉ែត្រគូប ។
ឆ្លើយតបទៅនឹងស្ថានភាពខ្យល់ពុលបែបនេះ អ្នកឯកទេសផ្នែកផ្លូវដង្ហើមបានផ្តល់ដំបូន្មានសុខភាពដែលប្រជាជនថៃគួរតែអនុវត្តមិនថា សាធារណជនទូទៅក៏ដូចជា អ្នកដែលមានជំងឺរ៉ាំរ៉ៃស្រាប់នោះទេត្រូវតែកាត់បន្ថយសកម្មភាពខាងក្រៅ ឬបើចេញក្រៅត្រូវពាក់ម៉ាស់ការពារ ខ្យល់ពុល និងត្រូវយកចិត្តទុកដាក់តាមដានសុខភាព រកមើលរោគសញ្ញាមិនធម្មតា ដូចជា ក្អក ពិបាកដកដង្ហើម និងក្រហាយភ្នែក ហើយប្រសិនបើមានអាការៈមិនស្រួលណាមួយ ត្រូវប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីបញ្ជៀសហានិភ័យ ។
កម្ទេច PM2.5 ដែលជាទម្រង់នៃការបំពុលបរិយាកាសដ៏គ្រោះថ្នាក់បំផុត ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងយ៉ាងហោចណាស់ ដល់ខែមករា ឆ្នាំ២០២៥ ដែលស្ថិតក្នុងកំឡុងពេលនៃរដូវខ្យល់ពុលប្រចាំឆ្នាំរបស់ថៃ ។ PM2.5 គឺជាភាគល្អិតដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉ែត្រ ឬតូចជាងនេះ ហើយអាចធ្វើដំណើរចូលជ្រៅទៅក្នុងសួត និងបង្កជាជំងឺបេះដូង សរសៃឈាម ផ្លូវដង្ហើម ព្រមទាំងមហារីកផងដែរ ។ ប្រទេសថៃដាក់កម្រិតសុវត្ថិភាព PM2.5 នៅកម្រិត២៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់ក្នុងរយៈពេល២៤ម៉ោង ។
ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានណែនាំថា ការប៉ះពាល់ជាមធ្យមរយៈពេល២៤ម៉ោងមិនគួរលើសពី១៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ឡើយ ។ ប៉ុន្តែដូចយើងឃើញហើយ នៅថ្ងៃ១២ វិច្ឆិកានេះ ក្នុងទីក្រុងបាងកក និងតំបន់ជាច្រើនត្រូវបានវាស់ឃើញថា PM2.5 បានហក់ឡើងកៀកនឹង៦០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលវាស្ថិតនៅក្នុងកម្រិតពណ៌ទឹកក្រូច ចន្លោះពី៣៧.៦ ទៅ ៧៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ហើយបើឡើងលើសពីនេះនឹងឈានដល់ចំណុចក្រហម ៕
ចែករំលែកព័តមាននេះ