ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិខ្លះៗនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ នឹងចូល​មក​ដល់នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក…

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ នឹងចូល​មក​ដល់នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៤-១៥-១៦ វិច្ឆិកា ឆ្នាំ​២០២៤ ។ នា​ថ្ងៃនេះ​សារព័ត៌មាន​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​ប្រវត្តិ​ខ្លះ​ៗ​នៃ​ពិធីបុណ្យ​ជាតិ​នេះ​ជូន​ដល់​ប្រិ​យ​មិត្ត​បាន​ជ្រាប​។

ប្រវត្តិ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ធ្លាប់​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​បុរាណកាល​។ប្រភព​ពិធីបុណ្យ​ប្រណាំងទូក ប្រវត្តិ​នៃ​បុណ្យអុំទូក​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ គឺ​មាន​ចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស​ក៏​ដូច​ជា តាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​។

សូម​បញ្ជាក់​ថា អុំទូក​នេះ​មានការ​បកស្រាយ​ប្លែក​ៗ​គ្នា​ជា​ច្រើន ហើយ​ពិធី​ធ្វើ​ក៏​មាន​ប្លែក​ៗ​គ្នា​ដែរ​។ តាម​សៀវភៅ «​ជ័យ​វរ្ម័ន​ទី​៧» មាន​ក្នុង​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ពី​ដើម​ចែង​ថា ៖ នៅ​សម័យ​អង្គរ​នា​សតវត្ស​ទី​១២ កម្ពុជា​មាន​សេចក្តីសុខ​ក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្តេច​ចេញ​ធ្វើសឹក​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ពួក​ចាម​ដោយ​កងទ័ព​ទូក​ជា​ចំបាំង​ដោះ​ក្រុង​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ខ្មាំងសត្រូវ (​គ​.​ស ១១៧៧-១១៨១ ) រឿង​ចំបាំង​គ្រានោះ​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បា​យ័ន្ត និង​បន្ទាយឆ្មារ​។​ក្នុង​ចំបាំង​នោះ​គេ​ឃើញ​មាន​កងទ័ព​ទូក​ជា​ច្រើន​មហិមា​ដែល​មាន​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​នៃ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ប្រថាប់​ឈរ​លើ​ទីតាំង​នាវាចំបាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ​។

តាម​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​និពន្ធ​ដោយ​លោក​ថា​ច់ ប៉ែន ហៅ​ប៉ា​ង អាចារ្យ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម ៖ សម័យ​លង្វែក​ព​.​ស ២០៧១ គ​.​ស ១៥២៨ ព្រះបាទ​អង្គ​ច័ន្ទ​១​ទ្រង់​តាំង​ពញា​តាត​ងារ​ជា​សិទ្ធិ​ភូបាល​ជា​ស្តេចត្រាញ់ នៅ​កម្ពុជា​ក្រោម​ស្រុក​បា​សាក់​។ ស្តេចត្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​មាន​ដូច​តទៅ ៖ ទាហានជើងទឹក​ចែក​ជា​៣​ក្រុម -​ក្រុម​ទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។ -​ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច ទូកប្រណាំង សព្វថ្ងៃ​។ -​ក្រុម​ទី​៣ ហៅ​ទ័ព​បា​សាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ​មាន​ក្តោង​មាន​ទ្រង់ទ្រាយ​ដូច​ទូក​បា​សាក់​ហៅ​ទូក​ទូកប៉ុក​ចាយ តែ​រាង​ស្តួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ តែ​ឥត​ជញ្ជាំង ។​ល​។

ជា​ទូទៅ​ដាក់​ស្បៀង អាហារ​សម្រាប់​កងទ័ព ។ របៀប​ហាត់​ចំបាំង​តាម​ទំនៀមទម្លាប់​ស្តេចត្រាញ់ កម្ពុជា​ក្រោម ស្តេច​លើ​មន្ត្រី​៤​ទិស​ចតុស្តម្ភ ដែល​នៅ​ក្រោម​ឱវាទ​លោក​សិទ្ធិ​ភូបាល​ស្តេចត្រាញ់ គ្រប់ជំពូក​ដែល​បញ្ញតិ​ច្បាប់​សម្រាប់​ស្រុក​។​ល​។ កំណត់​ថ្ងៃពេញបូណ៌មី ខែកត្តិក​រដូវ​អកអំបុក​នោះ មន្ត្រី​ទាំង​៤​ទិស​ត្រូវ​កេណ្ឌ​ទាហានជើងទឹក​ទាំង​ជើង​គោក​សមយុទ្ធ មួយ​ថ្ងៃមួយ​យប់​រាល់​ឆ្នាំ​។

ចំណែក​ទាហានជើងទឹក​ឱ្យទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខេត្ត​ឃ្លាំង ដ្បិត​ទីនោះ​ជាទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅ​មក​បាន​ស្រួល​។ តាម​សៀវភៅ និង​ឯកសារ​ជា​ប្រភព​ទាំង​ពីរ​ខាងលើ​នេះ អាច​សន្និដ្ឋាន​បាន​ថា​ប្រទេស​កម្ពុជា​សម័យ​បុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាង​ខ្លាំងពូកែ និង​មាន​វិធី​ហ្វឹកហ្វឺន​ពិធី​សមយុទ្ធ​កងទ័ព​ដែល​នេះ​ជា​ប្រពៃណី​ជាប់​ជា​រៀង​រាល់​ឆ្នាំ​។យើង​អាច​សន្និដ្ឋាន​ទៀត​ថា យើង​ធ្វើ​ពិធី​នេះ​រៀង​រហូត​មក​ពី​ជាប់​តំណ​សមយុទ្ធ​ក្នុង​សម័យ​បុរាណ​នោះ​ឯង​។ តាម​ឯកសារ​ខ្លះ​បាន​សរសេរ​ថា ៖ ពិធីបុណ្យ​អុំទូក គឺជា​បុណ្យប្រពៃណី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។

បុណ្យ​នេះ​មាន​រូបភាព​ប្រហាក់ប្រហែល​បុណ្យ​ប្រចាំ​រដូវ​របស់​ជនជាតិ​អឺរ៉ុប​ដែល​មានឈ្មោះ​ថា «​សាំង​ហ្ស​ង់​» ដែល​បច្ចុប្បន្ន ប្រារព្ធ​ធ្វើ​នៅ​អឺរ៉ុប​ខាងជើង​។ ប្រពៃណី​ខ្លះ​មាន​ប្រវត្តិ​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​។ ប៉ុន្តែ​ការ​បកស្រាយ​មួយ​ដែល​អាច​យក​ជា​ការ​គ្រប់គ្រាន់ គឺ​ក្នុង​បំណង​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្តល់​ដល់​ជីវភាព​រស់នៅ និង​សុខុមាលភាព​ចំពោះ​ទឹកដី​វិញ​ដែល​យើង​នាំ​គ្នា​ធ្វើ​ឱ្យ​កករ​ល្អក់​។

ការ​បកស្រាយ​ចុង​ក្រោយ​នេះ គឺ​វា​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទំនៀមទម្លាប់​ព្រហ្មញ្ញសាសនា​ហើយ​ក៏​ស្រប​ទៅ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ​យើង​។​ពិធីបុណ្យ​អុំទូក​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃពេញបូណ៌មី​ខែកត្តិក​ស្រប​ទៅ​នឹង​ពេល​បញ្ចប់​រដូវ​ទឹកជំនន់​ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​បាន​ធ្វើ​ឱ្យ​បឹងបួរ​ទន្លេ​ទាំងឡាយ​ក្លាយទៅជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយ​ក៏​បញ្ជាក់​ថា ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក​ហើយ​ដែល​ទឹកទន្លេ​សាប​ហូរ​ត្រឡប់​មក​វិញ និង​ជា​ក្តី​បញ្ជាក់​ទៀត​ផង​ថា ពេល​នេះ​ស្រូវ​ក្នុង​ស្រែ​កំពុង​តែ​ទុំ​ហើយ​។ នៅ​ពេល​ដែល​ទឹកទន្លេ​មេគង្គ​លិច​ជន់ ខែសីហា ខែវិច្ឆិកា ទឹកជំនន់​ដ៏​សន្ធឹកសន្ធាប់​ហូរ​ស្រោចស្រព​បឹងបួរ​តាម​រយៈ​ទន្លេសាប​ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង​។​ដល់​រដូវ​ទឹក​ស្រក​ដែល​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ទឹក​បឹងបួរ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​មក​ត្បូង​វិញ​។

ទឹកជំនន់​ទន្លេមេគង្គ ពិសេស​ជំនន់​នៅ​តាម​បឹងបួរ​មាន​ប្រភព​ពី​ប្រទេស​ទី​បេ​ដ៏​សែន​ឆ្ងាយ​បាន​ផ្តល់​ដល់​ជីវភាព​ស្រែ​ចម្ការ​នៅ​ប្រទេស​កម្ពុជា​យើង​។​ដីល្បាប់​ដែល​បាន​ដោយសារ​ទឹកជំនន់ ទន្លេមេគង្គ និង​បឹងបួរ​ទាំងឡាយ​បាន​ធ្វើ​ឱ្យ​ដី​មាន​ជីជាតិ​បង្ក​បាន​នូវ​ធនធាន​សម្បូរ​បែប​។

ដំណាំ​ទាំងឡាយ​ដែល​កសិករ​ខ្មែរ​ធ្វើ​តាម​សង្វា​ក់​នៃ​ទឹកសម្រក​បាន​ផ្តល់​នូវ​ផល​យ៉ាងច្រើន​រាំង​ស្កាត់​គ្រោះ​ទុរភិក្ស​។​ដូច្នេះ​ហើយ​បានជា​ដល់​រដូវ​ទឹកសម្រក​បុរាណ​ខ្មែរ​យើង​ក៏​កំណត់​យក​ថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ខែកត្តិក​រៀង​រាល់​ឆ្នាំ​រៀបចំ​ពិធី​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដើម្បី​សម្តែង​មនោសញ្ចេតនា​ដឹងគុណ​ចំពោះ​ទន្លេមេគង្គ និង​ទន្លេសាប​ដែល​បាន​ផ្តល់​ជីជាតិ​យ៉ាង​សំខាន់​បម្រើ​វិស័យ​កសិកម្ម​។ពិធីបុណ្យ​នេះ​គេ​តែង​ប្រារព្ធ​ធ្វើ​អស់​ថេរវេលា​៣​ថ្ងៃ គឺ​ថ្ងៃ​១៤​កើត ១៥​កើត និង​ថ្ងៃ​១​រោច ខែកត្តិក នៅ​តាម​ដង​ទន្លេសាប និង​កំពង់​ផែ​ព្រះ​បរមរាជវាំង​។

ប្រភព​ពិធី​បណ្តែតប្រទីប​គម្ពីរ​ទា​ថា​វង្ស ភាសាបាលី​ចែង​ថា ៖ ព្រះ​ចង្កូម​កែវ​ទាំង​៤​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាន​នៅ​ទី​ទាំង​៤​គឺ ៖ ១-​នៅ​ត្រៃ​ត្រឹ​ង្ស​សួគ៌ ២-​នៅ​ពិភពនាគ ៣-​នៅ​ស្រុក​គ​ន្ធា ៤-​នៅ​ទន្ត​បុ​រះ ក​លិ​.​ង្គ​រដ្ឋ ភាណវារៈ​បាលី​ត្រង់​ពុទ្ធ​ន​មក​ស្ការ​គាថា ចែង​ថា ៖ ស្នាម​ព្រះបាទ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន នៅ​ទី​ទាំង​៥​គឺ ៖ ១-​នៅ​សុវណ្ណ​មា​លិ​កប​ព​ត៌ ២-​នៅ​សុវណ្ណ​ប​ព​ត៌ ៣-​នៅ​សុ​មន​កូដ​ប​ព​ត៌ ៤-​នៅ​យោនក​បុរី ៥-​នៅ​ស្ទឹង​នម្ម​ទា ពាក្យ​សរសើរព្រះបាទ យស​បា​ទេ ទាំង​បាលី​ទាំង​សម្រាយ​ចែង​ថា ៖ ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន​នៅ​ទី​ទាំង​៥​ដូច​ក្នុង​ភាណវារៈ​ដែរ ។

ដោយហេតុ​មាន​គម្ពីរ​ដីកា​ជា​ប្រភព​យ៉ាងនេះ​បានជា​ពុទ្ធបរិស័ទ ខេ​មរ​ជាតិ​តែង​ធ្វើ​ពិធី​បណ្តែតប្រទីប​នៅ​រាត្រី​ពេញបូណ៌មី​ខែអស្សុជ ក្រោយមក​គេ​ប្រារព្ធ​ធ្វើ​ពិធី​បណ្តែតប្រទីប នៅ​រាត្រី​១៤, ១៥, និង ១​រោច​ខែកត្តិក​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​ពិភពនាគ ព្រះ​ពុទ្ធបាទ​នៅ​ស្ទឹង​នម្ម​ទា និង​នៅ​ទី​ឯទៀត​ៗ​ដូច​ពោល​ខាងលើ ដោយ​ជឿ​ថា ជា​កុសល​យ៉ាង​ធំ​បាន​ផល​យ៉ាង​ប្រសើរ ដើម្បី​សុខ​ចម្រើន​រុងរឿង​ដល់​ខ្លួន​ដល់​រាស្ត្រ និង​ដល់​ប្រទេស​ជាតិ ។

ប្រភព​ពិធី​បុណ្យសំពះព្រះខែ អកអំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី​អដ្ឋកថា​ចរិយា​បិដក ភាសាបាលី​ចែង​ថា ៖ ក្នុង​ដើម​ភទ្ទកប្ប​នេះ​ព្រះ​បរម​ពោធិសត្វ​នៃ​យើង​ទ្រង់​យោង​យកកំណើត​ជាស​ស​បណ្ឌិត កំណើត​ជា​ទន្សាយ ថ្ងៃមួយ​ខែពេញបូណ៌មី សស​បណ្ឌិត បាន​អធិដ្ឋាន​ឧបោសថសីល​ហើយ​ឧទ្ទិស​ស​មំសៈ​ជា​ទាន​បរម​ត្ត​បារមី​ដើម្បី​បំពេញ ពោធិសម្ភារ​ឱ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។

ព្រះ​ឥន្ទ​បាន​ទ្រង់​ជ្រាប​ពី​ហេតុការណ៍​នោះ​ក៏​ទ្រង់​កាឡា​ព្រះ​អង្គជា​ព្រាហ្មណ៍​ចាស់​មក​សុំ​មំ​សា សស​បណ្ឌិត​ជា​អាហារ ។ សស​បណ្ឌិត​ពោធិសត្វ​បានឱ្យ​ព្រា​ហ្ម​ចាស់​នោះ​បង្កាត់ភ្លើង​ភ្នក់ ហើយ​ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ សស​បណ្ឌិត ក៏​រលាស់​ខ្លួន​បី​ដង​ដើម្បី​ឱ្យ​សត្វល្អិត​ដែល​ជាប់​នឹង​រោម​ជ្រុះ​ចេញ រួច​ក៏​លោត​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​ភ្លាម ។

អស្ចារ្យ​ភ្លើង​នោះ​ពុំ​បាន​ឆេះ សស​បណ្ឌិត​សោះ ឥន្ទព្រាហ្មណ៍ ក៏​ស្ទុះ​ទៅ​ព​ព្រះ ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាងសិលា​គូររូប​ទន្សាយ ហើយ​ឥន្ទព្រាហ្មណ៍ អធិដ្ឋាន​ថា​«​សូម​ឱ្យ​រូប​ទន្សាយ​ពោធិសត្វ​ដែល​យើងខ្ញុំ​គូរ​នេះ​នៅ ជាប់​រហូត​ដល់ទី​បំផុត​កប្ប​» ។ ដោយ​អានុភាព​ទាន​បរម​ត្ត​បារមី​នៃ ព្រះ​ពោធិសត្វ​ផង និង​សេចក្តី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​មណ្ឌល​ព្រះ​ចន្ទ​រហូត​ដល់​សព្វថ្ងៃ ។​ដោយ​មាន​ជំនឿ​តាម​រយៈ​រឿង​នេះ​ហើយ បានជា​នៅ​វេលា​រាត្រី​ពេញបូណ៌មី​ខែកត្តិក​រៀង​រាល់​ឆ្នាំ​ខ្មែរ​យើង​យកនំ​ចំណី មាន​អំបុក ចេក ជាដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា​ពិធី​បុណ្យសំពះព្រះខែ អកអំបុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ