ទីក្រុងកៀវ៖ ថ្មីៗនេះ ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងអះអាងមានករណីចាប់បានទាហានកូរ៉េខាងជើងនៅលើសមរភូមិនៃតំបន់ខឺសពិតមែន។ ទាហានរូបនោះត្រូវរបួសនៅពេលច្បាំងគ្នាទល់នឹងទាហានអ៊ុយក្រែន ហើយត្រូវអ៊ុយក្រែនចាប់បាន។ បើរឿងនេះជាការពិតមែន មានន័យថាជាការចាប់បានឈ្លើយសឹកកូរ៉េខាងជើងជាលើកដំបូងចាប់តាំងពីទីក្រុងព្យុងបញ្ជូនពួកគេទៅរុស្ស៊ី។
រូបថតទាហានកូរ៉េខាងជើងដែលចាប់បាននោះត្រូវគេបង្ហោះយ៉ាងព្រោងព្រាតនៅលើបណ្ដាញតេឡេក្រាម។ ប៉ុន្តែគេមិនទាន់ដឹងលម្អិតថាតើទាហានម្នាក់នោះមានឋានៈអ្វី ហើយបានឆ្លងកាត់ឆាកជីវិតបែបណាទេ។ កាសែតអ៊ុយក្រែនឈ្មោះមីលីតានីយី (Militarnyi) ចុះផ្សាយថាកងកម្លាំងពិសេសរបស់អ៊ុយក្រែនទើបតែចាប់បានទាហានម្នាក់នៅតំបន់ខឺស។
កាសែតនេះមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើទាហានកូរ៉េខាងជើងម្នាក់នោះចាប់បាននៅពេលណាទេ។ ចំណែកមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនក៏មិនទាន់បញ្ជាក់ថាពិត ឬមិនពិត។ កូរ៉េខាងជើងក៏ដូចគ្នា។ កូរ៉េខាងជើងសូម្បីតែទទួលស្គាល់ថាខ្លួនបានបញ្ជូនកងទ័ពទៅរុស្ស៊ីក៏មិនបានទទួលស្គាល់ផង។ សព្វថ្ងៃនេះ ក្រុមបស្ចិមប្រទេសប៉ាន់ស្មានថាកងទ័ពកូរ៉េខាងជើង១១០០០នាក់បានបញ្ជូនទៅដល់ប្រទេសរុស្ស៊ី និងបញ្ជូនបន្តទៅដល់សមរភូមិជាបណ្ដើរៗហើយ។
រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើកតិកាសញ្ញាជួយគ្នាទៅវិញទៅមកផ្នែកសន្តិសុខជាតិ និងការពារជាតិ។ មានន័យថាបើភាគីហត្ថលេខីមួយកំពុងជាប់ដៃធ្វើសង្គ្រាម ភាគីមួយទៀតត្រូវតែចេញមុខជួយ។ ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅជួយរុស្ស៊ី កូរ៉េខាងជើងអាចនឹងទទួលបានអត្ថប្រយោជន៍មួយចំនួន។ ប៉ុន្តែកងទ័ពកូរ៉េខាងជើងគ្មានបទពិសោធធ្វើសង្គ្រាមទេ ហើយក៏មិនសូវបានហ្វឹកហាត់ឱ្យបានខ្លាំងក្លានោះដែរ ជាហេតុធ្វើឱ្យពួកគេស្លាប់យ៉ាងរង្គាលនៅលើសមរភូមិ។
អ៊ុយក្រែនអះអាងថាសង្គ្រាមមួយរយៈចុងក្រោយនេះធ្វើឱ្យកូរ៉េខាងជើងបាត់បង់កម្លាំងប្រយុទ្ធជាង៣ពាន់នាក់គិតទាំងស្លាប់ និងរបួស។ ទីភ្នាក់ងារសម្ងាត់របស់យោធាអ៊ុយក្រែនជីយូអ័រ (GUR) ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថាកងទ័ពកូរ៉េខាងជើងដែលបញ្ជូនទៅធ្វើសង្គ្រាមនៅតំបន់ខឺសពិតជាបានស្លាប់ច្រើនពិតមែន។ ម៉្យាងទៀត ពួកគេក៏ជួបនឹងបញ្ហាពិបាកខ្លាំងផ្នែកភស្តុភារផងដែរដោយសារការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ុយក្រែន។ សូម្បីតែទឹកសម្រាប់ផឹកក៏ពួកគេគ្មានគ្រប់គ្រាន់នោះទេ៕
ចែករំលែកព័តមាននេះ