រាជធានីភ្នំពេញ ៖ រថយន្ត៥៦គ្រឿងទៀតត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ចុះស្រាវជ្រាវដកហូតនៅក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងក្រុមទី១៣ ភូមិនទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ សីហា ២០១៣ ។
ការចុះដកហូតនេះ ធ្វើឡើងតាមសាលដីកាលេខ៤៥០អយច ចុះថ្ងៃទី២៣ សីហា ២០១៣ របស់លោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកផងដែរថា រថយន្តដែល២នាក់ប្តីប្រពន្ធឆបោកតាមរូបភាពជួលរថយន្ត ក្នុងតម្លៃខ្ពស់ហើយយកទៅបញ្ចាំរួចគេចខ្លួនបាត់នោះ ត្រូវការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន រាជធានីភ្នំពេញដកហូតបាន១២គ្រឿង បន្ទាប់ពីម្ចាស់តាមរកឃើញនិងបានទៅដាក់ពាក្យបណ្តឹងដល់ សមត្ថកិច្ច ។ ការដកហូតរថយន្តនេះត្រូវគេដឹងថា ធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ សីហា នៅឃ្លាំងកុងស៊ីបញ្ចាំមួយកន្លែង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
រថយន្តទាំង១២គ្រឿង ត្រូវបានដកហូតបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់ដែលស្ថិតនៅក្នុងស្នងការដ្ឋានរាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី២១ សីហា ប្រជាពលរដ្ឋដែលរងគ្រោះបានធ្វើដំណើរទៅ ដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ។ ទោះបីជាយ៉ាងណា គេមិន ទាន់ដឹងពីចំនួនរថយន្ត និងអ្នកចាញ់បោកឈ្មោះ អ៊ុយ សុឃុន អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ កែវ ស្រីនិត អាយុ២៤ឆ្នាំ ថាបានបោកយកទៅនោះមានប៉ុន្មានទេ ។ បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ សីហា មានប្រជាពលរដ្ឋដែលចាញ់បោកគេចំនួន១២៥នាក់ បាននាំគ្នាកត់ស្លាកលេខរថយន្តរបស់ខ្លួនចំនួន២២១គ្រឿងទៅឱ្យ ក្រុមហ៊ុនបញ្ចាំ ដើម្បីសុំត្រួតពិនិត្យរករថយន្តរបស់ពួកគេ ។ តាមមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋានរាជធានីភ្នំពេញឱ្យដឹងថា រថយន្តចំនួន១២គ្រឿងត្រូវបានម្ចាស់តាមរកឃើញនៅក្នុងឃ្លាំងកុង ស៊ីបញ្ចាំមួយកន្លែង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ហើយក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ចុះទៅសហការជាមួយសមត្ថកិច្ចខេត្តកណ្តាល ដកហូតបញ្ជូនមកកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ សីហា ២០១៣ ។ ទោះបីជាយ៉ាងណា មន្ត្រីរូបនេះឱ្យដឹងទៀតថា នៅមានរថយន្តចំនួន១១គ្រឿងទៀត បានរកឃើញក្នុងឃ្លាំងនោះដែរតែមិនទាន់បានដកហូតនៅឡើយទេ ។
សូមបញ្ជាក់ថា រថយន្តស៊េរីទំនើបរាប់រយគ្រឿងដែលអ្នកខ្លះមាន១ឬ២គ្រឿងរហូតដល់ ខ្លះមានប្រមាណជា១០គ្រឿង ត្រូវបានឈ្មោះ អ៊ុយ សុឃុន ដែលមានទីលំនៅតាមអត្តសញ្ញាណប័ណ្ណភូមិព្រៃស្បូវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ កែវ ស្រីនិត មានទីលំនៅផ្ទះលេខ1AE0 ផ្លូវលេខ១០៦ ភូមិទី៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជួលក្នុង១ខែតម្លៃ៤០០ដុល្លារ ៥០០ដុល្លារ និងខ្លះទៀតរហូតដល់៤.០០០ដុល្លារទៅតាមប្រភេទរថយន្ត ។ ការជួលនោះត្រូវ២នាក់ប្តីប្រពន្ធនេះ ធ្វើកិច្ចសន្យាត្រឹមត្រូវ ហើយដើរតួជាអ្នកគ្រប់គ្រងជួលរថយន្តឱ្យក្រុមហ៊ុនទេសចរណ៍មួយ តែតាមពិតជាល្បិចយករថយន្តទៅលក់ឬបញ្ចាំជិតស្មើតម្លៃរថយន្ត នោះ រួចគេចខ្លួនបាត់ ។
ការជួលរថយន្តយកទៅបញ្ចាំនេះគឺជារឿងថ្មីមួយ ទៀតដែលជនខិលខូចហា៊នប្រព្រឹត្តអំពើបែបនេះ ប៉ុន្តែឃ្លាំងទទួលបញ្ចាំក៏ត្រូវតែពិនិត្យពិច័យដែរក្នុងការទ ទួលបញ្ចាំ ។ មិនទាន់ដឹងថា ២នាក់ប្តីប្រពន្ធនេះគេចខ្លួនទៅដល់ណានោះទេ៕
ចែករំលែកព័តមាននេះ