ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវខូចខាតក្លាយជា​​រណ្តៅ​ដី​ជ្រៅ​ៗ​ បែក​ល្បាប់​ ត្រូវ​បាន​ជួលជុល​ជូន​ពលរដ្ឋ​វិញ​ហើយ​

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ចំនួន​០៤​ភូមិ​ ក្នុង​សង្កាត់​បា​វិត ​និង​ប្រជាពលរដ្ឋ​ភូមិ​ចុង​សម្រិត​ សង្កាត់​ប្រាសាទ អបអរសាទរ​ដោយ​លោក​អភិបាលក្រុង​បា​វិត ​បាន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​ជួសជុល​ផ្លូវ​ឡើង​វិញ និង​បាន​ធ្វើ​ដំណើរ​បាន​ស្រួល​បណ្តើរ​ៗ​ហើយ​។ នេះ​បើតាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨…

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ចំនួន​០៤​ភូមិ​ ក្នុង​សង្កាត់​បា​វិត ​និង​ប្រជាពលរដ្ឋ​ភូមិ​ចុង​សម្រិត​ សង្កាត់​ប្រាសាទ អបអរសាទរ​ដោយ​លោក​អភិបាលក្រុង​បា​វិត ​បាន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​ជួសជុល​ផ្លូវ​ឡើង​វិញ និង​បាន​ធ្វើ​ដំណើរ​បាន​ស្រួល​បណ្តើរ​ៗ​ហើយ​។ នេះ​បើតាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ នៅ​សង្កាត់​បា​វិត ​ក្រុង​បា​វិត​។

​សូម​បញ្ជាក់​ផង​ដែរថា កាលពី​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​ប្រជាពលរដ្ឋ​ចំនួន​​០៤​ភូមិ ស្ថិត​​ក្នុង​សង្កាត់​បា​វិត ​និង​ប្រជាពលរដ្ឋ​រស់​​នៅ​ភូមិ​ចុង​សំរិត ស្ថិត​ក្នុង​​សង្កាត់​ប្រាសាទ​ បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​បា​វិត លោក​អភិបាល​ខេត្តស្វាយរៀង​ មេត្តា​ចុះ​ពិនិត្យ​ដោះស្រាយ​បញ្ហា​រថយន្ត​ដឹក​អាចម៍ដី​លក់​ជា​ច្រើន​គ្រឿង ដែល​កំពុង​បំផ្លាញ​ផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​​សង្កាត់​បា​វិត និង​តំបន់​ជិតខាង នៃ​ក្រុង​បា​វិត ​ខេត្តស្វាយរៀង អោយ​ក្លាយទៅជា​​រណ្តៅ​សម្បុកមាន់​ជ្រៅ​ៗ​ បែក​ល្បាប់ បង្ក​ឲ្យ​រ​អឹ​ល​ក្នុងការ​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ដូច្នេះ​​សូម​ឲ្យ​លោក​អភិបាលក្រុង​បា​វិត លោក​អភិបាល​ខេត្តស្វាយរៀង​ មេត្តា​ចុះ​ពិនិត្យ ​និង​ដោះស្រាយ​​​ផង​។​

ទាក់ទិន​ករណី​នេះ​ដែរ ​លោក លឹ​ម សៀង​ហេង អភិបាលក្រុង​បា​វិត បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ក្រោយ​ពី​ទទួល​សំណើរ​ពី​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែវិច្ឆិកា​​ ឆ្នាំ​២០២៤ ​ម្សិល​ម៉ិ​ញនេះ​ លោក​បាន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ស្តារ​រណ្តៅ​ដី​ព្រែក​តា​ពៅ គៀរ​ល្បាប់ និង​ជួសជុល​ផ្លូវ​ឡើង​វិញ ​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ធ្វើ​ដំណើរ​បាន​ងាយស្រួល​តាម​សំណូមពរ ។​

លោក ​លឹ​ម ​សៀង​ហេង​ បាន​បន្ត​ថា ក្រោយ​ពេល​មេឃ​រាំងភ្លៀង​ ទើប​លោក ​និង​ក្រុម​ស្ដារ​ប្រឡាយ​ព្រែក​តា​ពៅ ​នឹង​ធ្វើការ​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ឡើង​វិញ ​ស្ថិត​នៅ​ភូមិ​តា​ពៅ​ សង្កាត់​បា​វិត ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។

លោក​អភិបាលក្រុង​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ដោយសារ​រដូវ​នេះ គឺ​​ជា​រដូវវស្សា ​ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បណ្ដា​ផ្លូវលំ​មួយ​ចំនួន​ បាន​រង​ការ​ខូចខាត​ ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ចុងរដូវ​វស្សា​។ ​ម្យ៉ាងទៀត​ នៅ​ពេល​ដែល​មាន​ទឹកភ្លៀង ​ដូច្នេះ​យើង​មិន​អាច​ដាក់​គ្រឿងចក្រ​ជួសជុល​បាន​ទេ ​លុះត្រាតែ​មេឃ​​រាំង​ភ្លៀង ។ ហើយ​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ ​គឺ​បន្ត​រហូត​ដល់​សង្កាត់​ប្រាសាទ​ គឺ​នឹង​ចាក់​ថ្ម​មិ​ច​ ទៅ​តាម​លទ្ធភាព​ជា​ជំហាន​ៗ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ក៏​ដូច​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ​​ផងដែរ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទាំង​០៤​ភូមិ​ ក្នុង​សង្កាត់​បា​វិត ​និង​ភូមិ​ចុង​សំរិត​ សង្កាត់​ប្រាសាទ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ​វិច្ឆិកា​ ២០២៤​ បាន​អបអរសាទរ​ និង​រីករាយ​យ៉ាង​ខ្លាំង ​ដោយ​សារ​លោក​អភិបាលក្រុង​ បាន​ជួសជុល​ផ្លូវ​ឡើង​វិញ​។​

តំណាង​ប្រជាពលរដ្ឋ បាន​ប្រាប់​អ្នក​សារ​ព័​ត៏​មាន​យើង​ថា ​ករណី​ផ្លូវ​ស្រុត​ខូច​ពិបាកធ្វើ​ដំណើរ​នេះ ​កើតឡើង​រយៈពេល​១​ខែ​ជាង​មក​ហើយ ​គិត​ត្រឹម​ថ្ងៃ​ទី​៨​ វិច្ឆិកា​នេះ ហើយ​ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​លោក ​សាញ់​ សា​ខុន ចៅសង្កាត់​បា​វិត ​ឲ្យ​ពិនិត្យ​ដោះស្រាយ ​ក៏​ប៉ុន្តែ​គ្មាន​ប្រសិទ្ធ​ភាព ។ ចំណែក​ក្រុមហ៊ុន ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​ យក​អាចម៍ដី​លក់​ នៅ​តែ​បន្ត​ចរាចរ​ណី​ដឹក​អាចម៍ដី​លក់​ដ​ដែល ហើយ​ពេល​​រាំងភ្លៀង​ ហ៊ុយធូលី​ដី​លើ​ផ្ទះ​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​ដងផ្លូវ ប៉ះពាល់​ដល់​សុខភាព​កូនចៅ​ប្រជាពលរដ្ឋ ដោយ​ក្រុមហ៊ុន​អត់​ស្រោច​ទឹក​​នោះទេ។ ​ពេល​​មាន​ភ្លៀង ត្រូវ​ទឹក​ជន់​លិច​ផ្លូវ​ រថយន្ត​រាប់​សិប​គ្រឿង​បើកបរ​លើ​ផ្លូវ​ បណ្តាល​ឲ្យ​ស្រុត​ក្លាយជា​រណ្តៅ បែក​ល្បាប់ រ​អិល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។​ ហើយ​​​ក្រុមហ៊ុន​ដែល​ពាក់​ព័ន្ធ​មាន​ចំនួន​០៣ គឺ​៖ ក្រុមហ៊ុន​ឈ្មោះ ហែម​សា​មន ក្រុមហ៊ុន​ឈ្មោះ​ភ​ណ្ឌ័ និង​ក្រុមហ៊ុន​លោក​រតនា ហៅ​ឌឿ​ក​ មន្ត្រី​យោធា​ពាក់​ផ្កាយ​១​។ ទើប​ប្រជាពលរដ្ឋ​ សូម​អំពាវនាវ​ដល់​លោក ប៉េង ពោធិ​សា អភិបាលខេត្ត​ស្វាយរៀង ​និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ មេត្តា​ចុះ​ពិនិត្យ​ និង​ដោះស្រាយ​ដោយ​ក្តី​អនុគ្រោះ​។​

ទាក់ទិន​ករណី​នេះ​ដែរ​ លោក​ ចាន់ ​រតនា ​ហៅ​ឌឿ​ក មន្ត្រី​យោធា មាន​ឋានន្តរសក្តិ​ឧត្តមសេនីយ៍ត្រី បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​សូម​បដិសេធ​នឹង​ពាក្យ​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​​ថា «លោក​កាង​រថយន្ត​ដឹក​អាចម៍ដី​បំផ្លាញ​ផ្លូវ​សាធារណៈ»។ លោក​បាន​បញ្ជាក់​ថា ការ​ពិត​មាន​ក្រុមហ៊ុន​ចំនួន​០៣ បាន​កំពុង​ដឹក​ដី​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ពិត​ប្រាក​ដ​មែន ។ ​ចំពោះ​ក្រុមហ៊ុន​លោក​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​លោក​ចៅសង្កាត់​បា​វិត និង​លោក​អភិបាលក្រុង​បា​វិត​រួច​ហើយ បើ​ស្រុត​ខូច​ផ្លូវលោក​នឹង​ជួសជុល​ឡើង​វិញ និង​ស្រោច​ទឹក​នៅ​ពេល​រដូវក្តៅ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ចំនួន​០២​ទៀត បាន​ដឹក​អាចម៍ដី​ធ្វើ​ចរា​ចរណ៍​លើ​ផ្លូវ​នេះ​ដែរ អត់​បាន​សុំ​ច្បាប់​ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​លោក​ចៅសង្កាត់​បា​វិត​​ និង​លោក​អភិបាលក្រុង​បា​វិត ​«ឱ្យស្រោច​ទឹក និង​ជួសជុល​ផ្លូវ​ឡើង​វិញ​ ពេល​ផ្លូវ​ស្រុត​ខូច​​នោះ​ទេ​» ។​

លោក​រតនា ​បន្ត​ទៀត​ថា ពេល​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​លោក​ចៅសង្កាត់​បា​វិត ​ឲ្យ​ដោះស្រាយ លោក​ចៅសង្កាត់​ដោះស្រាយ​មិន​បាន ​លោកក៏​​បាន​ប្តឹង​ទៅ​លោក​អភិបាលក្រុង​បា​វិត ​ឲ្យ​ដោះស្រាយ ដោយ​​លោក​​មិន​អាច​ជួសជុល​ផ្លូវ​តែ​ម្នាក់ឯង​បាន​ទេ។ ម្យ៉ា​ង​ទៀត​​ លោក​បាន​ផ្អាក​សកម្មភាពហើយ ចំណែក​​ក្រុមហ៊ុន​០២​ទៀត ​នៅ​​បន្ត​ធ្វើ​សកម្មភាព។ រីឯ​លោក​អភិបាលរង​ក្រុង​បា​វិត ​បាន​ចុះ​ទៅ​អញ្ជើញ​ក្រុមហ៊ុន​០២​នោះ​ (គឺ​​ក្រុមហ៊ុន​ឈ្មោះ​ ហែម​សា​មាន​ និង​ឈ្មោះ​ភ័​ណ្ឌ) ឲ្យ​មក​ធ្វើ​កិច្ចសន្យា​ជួស​ជុល​ផ្លូវ​ឡើង​វិញ ក៏​ប៉ុ​ន្ត​ក្រុមហ៊ុន​ទាំង២​ មិន​ព្រម​ចូល​មក​ធ្វើ​កិច្ចសន្យា​នោះ​ទេ ពេល​ថ្នល់​ស្រុត​ខូច​ បែក​ល្បាប់ រ​អិ​ល​ពិបាកធ្វើ​ដំណើរ ​ទើប​ប្រជាពលរដ្ឋ​ប្តឹង បែរ​ចោទប្រកាន់​មក​លើ​រូប​លោក​ទៅ​វិញ​។

​ទោះ​បី​ជា​យ៉ាងណា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ លោក​អភិបាលក្រុង​បា​វិត ​បាន​ឲ្យ​ក្រុមហ៊ុន​លោក ​ចាន់​​ រតនា ហៅ​ឌឿ​ក បាន​កៀរល្បាប់សម្អាត ​និង​ចាក់​ថ្ម​មិ​ច ជួសជុល​ផ្លូវ​ឡើង​វិញ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ហើយ​។ ​ចំណែក​ក្រុមហ៊ុន​ លោក​ ហែម ​សា​មាន ​និង​លោក​ភ័​ណ្ឌ មិន​បាន​ចូលរួម​ជួសជុល​ផ្លូវ​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ