ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សួនឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ចុះ​បឋមសិលា​បើកការដ្ឋាន​សាងសង់

6 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តកំពង់ស្ពឺ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ឈើ​នាង ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក John Yu ប្រធាន​ក្រុមហ៊ុន Golden Intergrity International Investment Group​។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា គម្រោង​ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង ៥០០​ហិ​កតា ក្នុង​ខេត្តកំពង់ស្ពឺ​នេះ ជា​គម្រោង​វិនិយោគ​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ ដែល​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ផលិតកម្ម និង​ទីតាំង​ផ្គត់ផ្គង់​ដ៏​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម បោះពុម្ព ជ្រលក់​ពណ៌ និង​អេ​ឡិច​កូ​ប្លា​តី​ង ស្បែក​ក្នុង​តំបន់​អាស៊ាន​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ចំពោះ​ការ​បង្កើត​សួន​ឧស្សាហកម្ម​នេះ ដោយ​មើលឃើញ​ថា​គម្រោង​នេះ​នឹង​ផ្តល់​ការងារ​ប្រមាណ​៥​ម៉ឺន ទៅ​៦​ម៉ឺន​កន្លែង​បន្ថែម​ទៀត​។ ទន្ទឹម​នេះ ខេត្តកំពង់ស្ពឺ​គឺជា​គោលដៅ​យ៉ាង​សំខាន់​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ខ្ពស់ ក៏​ដូច​ជា​ផ្តល់​នូវ​ឱកាស​ការងារ​ជា​ច្រើន ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​និង​ក្នុង​ខេត្ត​ជុំវិញ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ដោយ​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រតិបត្តិ​ករ​ស្នូល ក្នុង​ការ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​ជំនាញ​ពិតប្រាកដ និង​ការងារ​មួយ​ដ៏​សមរម្យ​។

ឯកឧត្តម​រដ្ឋមន្ត្រី មើលឃើញ​ថា ការ​ទទួល​បានការ​វិនិយោគ​គម្រោង​ដ៏​ធំ​នេះ គឺ​បង្ហាញ​ថា​ខេត្តកំពង់ស្ពឺ មាន​សក្តានុពល​គ្រប់គ្រាន់​សម្រាប់​វិនិយោគិន និង​មានការ​គាំពារ​បាន​យ៉ាង​ល្អ​ពី​អាជ្ញាធរ​ខេត្ត ជា​ពិសេស​គឺ​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​នាំ​យក​ការ​វិនិយោគ និង​បង្កើត​ការងារ​ឱ្យ​នៅ​ជិត​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា​អាជ្ញាធរ មន្ទីរ​ពាក់ព័ន្ធ​នឹង​មាន​កិច្ចសហការ​ល្អជា​មួយ​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​វិនិយោគ​នេះ​ចេញ​ជា​រូបរាង និង​ក្លាយជា​ទីតាំង​ដ៏​សំខាន់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការ​វិនិយោគ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ជា​គំរូ​មួយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​ៗ​ទៀត​។

សូម​ជម្រាប​ថា នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា​នេះ​ដែរ ឯកឧត្តម ហេង សួរ ក៏​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​ខេត្តកំពង់ស្ពឺ ជាមួយ អង្គការ Yu Jianging Charity Organization for Education ផង​ដែរ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ មាន​គោលបំណង​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​អប់រំ និង​បង្កើន​សមត្ថភាព​របស់​បុគ្គលិក​នៃ​វិទ្យាស្ថាន និង​ជួយ​គាំទ្រ​ដល់​សិស្ស​និស្សិត ក្នុង​ខេត្តកំពង់ស្ពឺ តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ផ្តល់​ធនធាន​ពាក់ព័ន្ធ​នានា​ជូន​ដល់​គ្រូ​បង្គោល និង​សិក្ខាកាម​របស់​វិទ្យាស្ថាន​ ៕ អត្ថបទសហការ