ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​លុយ​ម្នាក់​ជីក​គាស់​ថ្ម​បេតុង​លើ​ផ្លូវ​ដាំ​ដើមឈើ​៦​ដើម អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ​តែ​គ្មាន​វិធាន​ការ

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មហាជន​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់ផ្ទះ​ជាងក្រឡឹង​ម្នាក់ ដែល​បាន​ជីក​គាស់​ថ្ម​បេតុង​លើ​ផ្លូវ​ដាំ​ដើមឈើរ​ចំនួន​០៦​ដើម​នៅ​ក្បែរ​របង​សាលា​បឋម​សិក្សា «​មោង​» ស្ថិត​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី តែ​អាជ្ញាធរ​ស្រុក​មិន​ទើសភ្នែក ហើយ​បែរជា​លើកទឹកចិត្ត​អ្នក​ដាំ​ទៅ​វិញ…

ខេត្តបាត់ដំបង ៖ មហាជន​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់ផ្ទះ​ជាងក្រឡឹង​ម្នាក់ ដែល​បាន​ជីក​គាស់​ថ្ម​បេតុង​លើ​ផ្លូវ​ដាំ​ដើមឈើរ​ចំនួន​០៦​ដើម​នៅ​ក្បែរ​របង​សាលា​បឋម​សិក្សា «​មោង​» ស្ថិត​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី តែ​អាជ្ញាធរ​ស្រុក​មិន​ទើសភ្នែក ហើយ​បែរជា​លើកទឹកចិត្ត​អ្នក​ដាំ​ទៅ​វិញ ដោយ​ផ្អែក​លើ​យុទ្ធនាការ «​ផ្ទះ​មួយ​ខ្នង ដាំ​ដើមឈើ​មួយ​ដើម​» ។

អ្នក​ភូមិ​បាន​ប្រាប់​ថា អ្នក​ដាំ​ដើមឈើ​នោះ​ឈ្មោះ បាន កេង ភេទ​ប្រុស មុខរបរ​ជាងក្រឡឹង រស់នៅ​ភូមិ ឃុំ​ខាងលើ ។ គាត់​មិន​ព្រម​ជីករណ្ដៅ ដាំ​កូន​ឈើ​នៅ​ខាង​មុខ​ផ្ទះ​គាត់​ទេ តែ​បែរជា​ទៅ​ជីក​គាស់​ផ្លូវ​បេតុងរ៉​ប​ចិញ្ចើម​ផ្លូវ​ជាប់​របង​សាលារៀន រួច​ដាំ​កូន​ឈើ​ចំនួន​០៦​ដើម ដោយ​គ្មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​ទើសភ្នែក ឬ​មាន​វិធានការ​អ្វី​ឡើយ បើ​ទោះជា​គេ​ឃើញ​លោក​អភិបាលរង​ស្រុក​ម្នាក់​បាន​ចុះ​ត្រូ​ត​ពិនិត្យ​ក្ដី​។

បើ​តាម​អ្នក​រស់នៅ​ក្បែរ​នោះ​បាន​និយាយ​ថា ដំបូង​ឡើយ​នៅ​ក្បែរ​សាលា​នោះ មាន​ដើម​ឆាត់​ធំ​ៗ ហើយ​គេ​តែ​ឃើញ​ម្ចាស់ផ្ទះ​ជាងក្រឡឹង​នោះ តែង​យក​ដែក​ទៅ​កាត់ ឬ​ធ្វើ​ការងារ​ផ្សេង​ៗ​ជ្រក​ក្រោម​ឆាត់​នោះ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សប្បុរសជន​បាន​ឧបត្ថម្ភ​ជួយ​រៀប​ការ៉ូឡា​លើ​ដី​ចំណី​ផ្លូវ​ជាប់​របង​សាលា​ឲ្យ​ស្អាត និង​សម្រាប់​ផ្លូវ​ថ្មើ​ជើង​ផង ហើយ​បាន​កាត់​ដើម​ឆាត់​ធំ​ៗ​ចេញ ចៀសវាង​កុំ​ឲ្យ​ខូច​ការ៉ូឡា ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ស្រាប់តែ​គេ​ឃើញ​ម្ខា​ស់​ផ្ទះ​ជាងក្រឡឹង​ជីក​គាស់​លើ​ផ្លូវ​បេតុង រួច​យក​កូន​ឈើ​ទៅ​ដាំ​ចំនួន​០៦​ដើម​ធ្វើ​ឲ្យ​ចិញ្ចើម​ផ្លូវ​ខូចខាត តែ​អាជ្ញាធរ​អត់​មាន​ចំណាត់ការ​អ្វី​សោះ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ដែរ​ថា រឿង​ម្ចាស់ផ្ទះ​ជាងក្រឡឹង​គាស់​ផ្លូវ​បេតុង​ដាំ​កូន​ឈើ​នេះ គេ​បាន​រាយការណ៍​ប្រាប់​លោក​អភិបាលស្រុក​មោង​ប្ញ​ស្សី​ដែរ ។ ហើយ​គេ​ឃើញ​លោក​ឡុ​ង សុ​ភឿន អភិ​បាលរង​ស្រុក ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដែរ តែ​ហាក់​មិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ដាំ​ដើមឈើ​លើ​ផ្លូវ​នេះ​ទេ ។ បើ​តាម​ប​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា គេ​ថែម​ទាំង​បាន​ទូរស័ព្ទ​ទៅ​កាន់​លោក​ទេព ហន អភិបាលស្រុក​មោង​ប្ញ​ស្សី​ថែម​ទៀត​ផង ដើម្បី​រាយការណ៍ និង​សួរនាំ​ពី​រឿង​ជាងក្រឡឹង​ដាំ​កូន​ឈើ​លើ​ផ្លូវ តែ​ការ​ឆ្លើយ​តប​របស់​លោក​អភិបាលស្រុក​រូប​នេះ ក៏​មិន​មាន​ប្រតិកម្ម​ទៅ​នឹង​រឿង​នេះ​ដែរ ។ ផ្ទុយ​ទៅ​វិញ លោក​អភិបាលស្រុក​ហាក់​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​អ្នក​ដាំ​កូន​ឈើ ព្រោះ​ជាងក្រឡឹង​នោះ​មាន​លុយ​ច្រើន ។

មិនតែប៉ុណ្ណោះ លោក​អភិបាលស្រុក​រូប​នេះ ថែម​ទាំង​និយាយ​ថា ការ​ដាំ​កូន​ឈើ​លើ​ផ្លូវ​នោះ គឺ​ស្រប​ទៅ​នឹង​គោលការណ៍​របស់​លោក​អភិបាលខេត្ត​ដែល​បាន​ប្រកាស​បើក​យុទ្ធនាការ «​ផ្ទះ​មួយ​ខ្នង ដាំ​កូន​ឈើ​មួយ​ដើម​» ដូច្នេះ មិន​ប៉ះពាល់​អ្វី​ទេ ។

ជុំវិញ​ករណី​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​ជាងក្រឡឹង​ឈ្មោះ បាន កេង ដែល​ជា​ដាំ​គាស់​បេតុង​ដាំ​កូន​ឈើ​លើ​ផ្លូវ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី ០៨ វិច្ឆិកា ។ ដោយឡែក លោក ទេព ហន អភិបាលស្រុក​មោង​ប្ញ​ស្សី ដែល​ប្រជាពលរដ្ឋ​សង្ស័យ​ថា បាន​ត្រូវ​ដង ត្រូវ​ផ្លែ​ជាមួយ​អ្នក​ដាំ​កូន​ឈើ​លើ​ផ្លូវ​នោះ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ ។

បើ​តាម​មន្ត្រី​ម្នាក់ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា គាត់​បានឃើញ​កន្លែង​គេ​ដាំ​កូន​ឈើ​នោះ​ហើយ គឺ​ដាំ​របៀប​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ដាំ​លើ​ផ្លូវ ។ មន្ត្រី​ដដែល​បាន​ផ្ដល់​ជា​មតិ​ថា លោក​ចៅហ្វាយស្រុក គួរតែ​ប្រាប់​ឲ្យ​អ្នក​ដាំ​ដើមឈើ​នោះ​ដក​ចេញ​វិញ ព្រោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គ្រប់យ៉ាង​នៅ​ពេល​ដើមឈើ​នោះ​ធំ ធ្វើ​ឲ្យ​ខូច​ទាំង​ផ្លូវ ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទៀត​ផង ។

មន្ត្រី​រូប​នេះ​ក៏​បាន​រិះគន់​ដែរ​ថា អ្នក​ដាំ​ដើមឈើ​លើ​ផ្លូវ​ខាងលើ​នេះ គឺ​មាន​ចេតនា​ដាំ​ជា​ម្លប់​ដើម្បី​ងាយ​ស្រូល​ជ្រក​ធ្វើ​ការងារ​ខ្លួនឯង តែ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ទេ ។ រីឯ​អាជ្ញាធរ​ស្រុក​វិញ បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ផ្ទាល់​ហើយ បែ​ជា​មិន​ទើសភ្នែក​បន្តិច​សោះ​ទុក​ឲ្យ​មហាជន​រិះគន់​បែកផ្សែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ