ទីក្រុងសេអ៊ូល៖ មានហេតុការណ៍លិចទូកនេសាទរបស់កូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះនៅលើតំបន់មាត់ច្រាំងនៃកោះជេជូ (Jeju) បណ្ដាលឱ្យស្លាប់មនុស្ស២នាក់ គិតតែសាកសពជនរងគ្រោះដែលបានរកឃើញ។ ក្រៅពីនេះបាត់ខ្លួនមនុស្ស១២នាក់ទៀត មិនដឹងថាពួកគេអាចរួចផុតពីសេចក្ដីស្លាប់ ឬយ៉ាងណា។ នេះបើតាមការបង្ហើបឱ្យដឹងពីឆ្មាំសមុទ្រកូរ៉េខាងត្បូង។
នៅពេលកើតមានហេតុការណ៍នេះភ្លាមៗ ទូកនេសាទខ្នាតធំជាច្រើនគ្រឿងក៏ប្រញាប់ចុះធ្វើអន្តរាគមន៍ និងស្រង់បានបុគ្គលិក១៥នាក់ចេញពីក្នុងទឹកសមុទ្រ។ ទោះជាយ៉ាងណាក្ដី មនុស្ស២នាក់ដែលគេស្រង់បាននៅក្នុងចំណោមអ្នកទាំង១៥នោះត្រូវគេបញ្ជាក់ថាពួកគេបានផុតដង្ហើមបាត់ទៅហើយបន្ទាប់ពីដឹកជញ្ជូនទៅដល់មាត់ច្រាំង និងខិតខំជួយសង្គ្រោះបឋម។
មនុស្ស១៣នាក់ទៀតដែលស្រង់ឡើងគោកជាមួយគ្នានោះក៏រងរបួសផងដែរ។ គ្រាន់តែថារបួសរបស់ពួកគេមិនធ្ងន់ធ្ងរដល់ស្លាប់ទេ។ នេះបើយោងតាមការឱ្យដឹងពីអ្នកស្រីគីមហានណា (Kim Han-na) ជាមន្ត្រីបម្រើការផ្នែកល្បាតដែនសមុទ្រប្រចាំកោះជេជូ។ អ្នកស្រីថ្លែងបន្តទៀតថាទូកនេសាទដែលរងគ្រោះនោះមានទម្ងន់សរុប១២៩តោន ដឹកបុគ្គលិកសរុប២៧នាក់។
នៅក្នុងចំណោមនោះ ១៦នាក់ជាជនជាតិកូរ៉េខាងត្បូង និង១១នាក់ជាពលករឆ្លងដែនពីប្រទេសដទៃ។ ទូកនេសាទនេះបានចាកចេញដំណើរពីកំពង់ផែសឹងវីផូ (Seongwipo) នៃកោះជេជូកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីចាប់ត្រីម៉ាក់កឺរ៉ែល (mackerel)។ ក្រោយមក ឆ្មាំការពារដែនសមុទ្រកូរ៉េខាងត្បូងទទួលសញ្ញាអាសន្ននៅម៉ោង៤:៣០ទៀបភ្លឺឆ្លងចូលព្រឹកថ្ងៃសុក្រនេះ។
នោះគឺសំឡេងអំពាវនាវរបស់ទូកនេសាទក្បែរនោះដែលខិតខំជួយទូកនេសាទរងគ្រោះដែលចាប់ផ្ដើមលិចបន្តិចម្ដងៗទៅក្នុងទឹកសមុទ្រ។ ទូកនោះស្ថិតនៅចម្ងាយ២៤គីឡូម៉ែត្រពីកោះជេជូ។ គិតត្រឹមព្រឹកថ្ងៃសុក្រ គេឃើញនាវា និងយន្តហោះ១១គ្រឿងរបស់ក្រុមល្បាតដែនសមុទ្រ សហការជាមួយនគរបាលជើងទឹក ភ្នាក់ងារពន្លត់អគ្គិភ័យ និងកងទ័ព ត្រូវគេបញ្ជូនទៅលំហសមុទ្រដើម្បីស្វែងរកមនុស្សបាត់ខ្លួន។ ក្រៅពីនេះ នាវាឯកជន១៣គ្រឿងក៏ចូលរួមនៅក្នុងប្រតិបត្តិការនេះផងដែរ។
ដំណឹងនេះបានលេចឮដល់ប្រមុខដឹកនាំកូរ៉េខាងត្បូង លោកយូនស៊ុកយូលហើយ (Yoon Suk Yeol)។ លោកបានអំពាវនាវឱ្យមន្ត្រីក្រោមឱវាទបញ្ចេញធនធានដែលមានទាំងប៉ុន្មានដើម្បីស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនឱ្យបានទាន់ពេលវេលា។ បុគ្គលិកដែលអាចរស់រានមានជីវិតពីហេតុការណ៍នេះប្រាប់ថានៅពេលផ្ទេរត្រីដែលនេសាទបានទៅទូកមួយទៀតនៅក្នុងក្រុមនេសាទជាមួយគ្នា នាវារងគ្រោះខាងលើនេះក៏ស្រាប់តែលិចទៅក្នុងសមុទ្រតែម្ដងដោយមិនដឹងមូលហេតុពិតប្រាកដ៕
ចែករំលែកព័តមាននេះ