ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បើក​កិច្ចប្រជុំ​ដើម្បីបន្ត​អនុវត្ត​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និងប្រសិទ្ធ​ផល​ខ្ពស់​ទាំង​កម្រិត​ក្នុង​ប្រទេស និងកម្រិត​អាស៊ាន

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៧…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មាន​វត្តមាន​ចូលរួម​ពី​អនុប្រធាន អគ្គលេខាធិការ សមាជិក​អចិន្ត្រៃយ៍ អគ្គលេខាធិការ​រង រួម​និង​សមាជិក​នៃ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​។

ឯកឧត្តម ហេង សួរ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​គណៈ​វិស្វករ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ផ្លែផ្កា ដោយ​ក្នុង​នោះ​បាន​ចុះបញ្ជី​វិស្វករ នៅ​គណៈ​វិស្វករ​កម្ពុជា គិត​ត្រឹម​ខែ​ខែតុលា ឆ្នាំ​២០២៤ សរុប​ចំនួន ៩ ៣៦០​នាក់​។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម ហេង សួរ បាន​ផ្តល់​ជា​អនុសាសន៍​សំខាន់​ៗ ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​គណៈ​វិស្វករ​កម្ពុជា អនុវត្ត​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ទាំង​កម្រិត​ក្នុង​ប្រទេស និង​កម្រិត​អាស៊ាន​។ ពោល​គឺ គណៈ​វិស្វករ​កម្ពុជា មិន​ត្រឹមតែ​ជា​អ្នក​វាយតម្លៃ​សម្រាប់​វិស្វករ​គ្រប់មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម ដើម្បី​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ក្នុង​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នក​វាយតម្លៃ និង​ធ្វើ​បែបបទ​សម្រាប់​ទទួល​គោរមងារ​បន្ថែម​ជា​វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​ផង​ដែរ​។

ទន្ទឹម​នេះ ឯកឧត្តម ហេង សួរ បាន​ស្នើ​ដល់​សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា សូម​ចូលរួម​សហការ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ជាមួយនឹង​ស្ថាប័ន​វិស្វកម្ម​អាស៊ាន (AFEO) គណៈកម្មកា​សម្របសម្រួល​អាជីព​ឆ្នើម​អាស៊ាន (ACPECC) និង​ស្ថាប័ន​សហព័ន្ធ​វិស្វកម្ម​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក (FEIAP) ដើម្បី​សម្រួល​ចល័ត​ភាព​សេវា​វិស្វកម្ម​ក្នុង​តំបន់​។ បន្ថែម​ពី​នេះ អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា​ត្រូវ​រៀបចំ និង​ធ្វើ​វិសោធនកម្ម​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ឱ្យ​ស្រប​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក លើ​សេវា​វិស្វកម្ម​ក្នុង​តំបន់​អាស៊ាន (MRAs)​។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រធានកិត្តិយស​គណៈ​វិស្វករ​កម្ពុជា និង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ ៕ អត្ថបទសហការ