ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​ឡើងថ្លៃ អឺ​រ៉ូ​ធ្លាក់​ចុះ ចំ​ពេល​លោកត្រាំ ឈ្នះ​​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក

8 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ឡើងថ្លៃ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៤​ខែ​ចុង​ក្រោយ កាល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ពោល​បន្ទាប់​ពី​លោក ដូ​ណា​ល់ ត្រាំ (Donald Trump)…

សហរដ្ឋអាមេរិក ៖ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ឡើងថ្លៃ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៤​ខែ​ចុង​ក្រោយ កាល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ពោល​បន្ទាប់​ពី​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៧ ជាមួយនឹង​គោលនយោបាយ​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍ ពន្ធ និង​ពាណិជ្ជកម្ម​រំពឹង​ថា​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អតិផរណា​របស់​សហ រដ្ឋអាមេរិក​កាន់តែ​ខ្ពស់​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​ចុង​ក្រោយ ១.៦៦% នៅ​តម្លៃ ១០៥.០៩ និង​ឡើង​ដល់ ១០៥.៤៤ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​៣ ខែកក្កដា​។ ប្រាក់​អឺ​រ៉ូ​បាន​ធ្លាក់​ចុះ ១.៧៨% នៅ​តម្លៃ ១.០៧៣៥​ដុល្លារ​មួយ​អឺ​រ៉ូ ហើយ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ១.០៦៨៣​ដុល្លារ​ក្នុង​មួយ​អឺ​រ៉ូ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែមិថុនា​។ ប៉ុន្តែ​ទោះ​យ៉ាងណា ប្រាក់​អឺ​រ៉ូ​នៅ​តែ​ថ្លៃ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គ្រាប់​តែ​ថមថយ​តម្លៃ​។

លោក ត្រាំ បាន​ផ្តួល​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ដណ្តើម​សិទ្ធិ​ជា​ម្ចាស់​សេត​វិមាន​ម្តងទៀត​។ គណបក្ស​សាធារណរដ្ឋ​ក៏​ឈ្នះ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ផង​ដែរ ប៉ុន្តែ​ការ​គ្រប់គ្រង​សភាតំណាងរាស្ត្រ​នៅ​តែ​មិន​ទាន់​ប្រាកដ​នៅឡើយ ទោះ​បច្ចុប្បន្ន​គណបក្ស​សាធារណរដ្ឋ​កាន់​សំឡេង​ភាគច្រើន​ក៏​ដោយ​។ សំឡេង​ភាគច្រើន​នេះ នឹង​អនុញ្ញាត​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ធ្វើការ​ផ្លាស់​ប្តូរ​នីតិបញ្ញត្តិ​ច្រើន​ជាង​មុន ហើយ​លទ្ធផល​ទំនងជា​នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​កាន់តែ​ធំ​ផង​ដែរ​។

ការ​ចាប់អារម្មណ៍​ផ្តោត​លើ​គោលនយោបាយ​របស់​លោក ត្រាំ លើ​ការ​រឹត​បន្តឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ ការ​អនុម័ត​អត្រាពន្ធ​នាំ​ចូល​ថ្មី កាត់​បន្ថយពន្ធ​ក្នុងស្រុក និង​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អតិផរណា និង​អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​។

លោក Nikos Tzabouras អ្នកឯកទេស​ទីផ្សារ​ជាន់ខ្ពស់​នៅ​វេទិកា​ពាណិជ្ជកម្ម Tradu លើក​ឡើង​ថា «​ទាំងនេះ​អាច​ជំរុញ​ឱ្យ​អតិផរណា​ឡើង​ខ្ពស់ និង​បង្ខំ​ឱ្យ​ធនាគារកណ្តាល​អា​មេ​រិ​ក​បន្ធូរបន្ថយ​អត្រា​ការ​ប្រាក់​យឺត ហុច​ផល​វិជ្ជមាន​ដល់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ គោលនយោបាយ​របស់​លោក ត្រាំ ក៏​បាន​បង្ហាញ​ពី​ទស្សនៈ​អំណោយផល​លើ​រូបិយប័ណ្ណ​គ្រីប​តូ ដោយ​បាន​ជួយ​លើក​តម្លៃ Bitcoin ឬ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ច្រើន​ជាង ១០% ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​តម្លៃ ៧៦,១៣៤​ដុល្លារ​។

ធនាគារកណ្តាល​អា​មេ​រិ​ក ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ២៥ ចំណុច​មូលដ្ឋាន​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ហើយ​អ្នក​វិនិយោគ​ក៏​នឹង​មើល​តម្រុយ​ថ្មី​អំពី​ថា តើ​ធនាគារកណ្តាល​អា​មេ​រិ​ក​អាច​ផ្អាក​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ នៅ​ក្នុង​ខែធ្នូ​ខាង​មុខ​នេះ​ដែរ​ឬទេ?

តំបន់​ចាយប្រាក់​អឺ​រ៉ូ ក៏​ដូច​ជា​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចិន និង​កា​ណា​ដា ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​មាន​ហានិភ័យ​នៃ​គោលនយោបាយ​ពន្ធ​ថ្មី​របស់​អា​មេ​រិ​ក ដែល​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ថែម​ទៀត​ផង​។ ហើយ​នោះ​ក៏​នឹង​ពង្រីក​ភាព​ខុស​គ្នា​នៃ​អត្រា​ការ​ប្រាក់​របស់​ប្រទេស​ទាំង នោះ​ជាមួយ​សហរដ្ឋអាមេរិក និង​ថ្លឹងថ្លែង​លើ​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​ទាំងនោះ​ផង​ដែរ​។
ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រាក់​អឺ​រ៉ូ​ក៏​អាច​ត្រូវ​បាន​ថ្លឹងថ្លែង​ដោយ​ភាព​មិន​ច្បាស់លាស់​ខាង​នយោបាយ នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ផង​ដែរ​។

អធិការបតី​អា​ល្លឺ​ម៉​ង់ លោក Olaf Scholz បាន​បណ្តេញ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លោក​គឺ​លោក Christian Lindner កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​ថ្មី​ៗ​នេះ បន្ទាប់​ពី​មាន​ជម្លោះ​ជា​ច្រើន​ស​ប្តា​ហ៍​ជុំវិញ​ទិស​ដៅ​សេដ្ឋកិច្ច​រដ្ឋាភិបាល​។ កាសែត​អា​ល្លឺ​ម៉​ង់ Bild បាន​រាយការណ៍​ថ្មី​ៗ​នេះ​ថា លោក Christian Lindner បាន​ផ្តល់​អនុសាសន៍​ឱ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​ជា​ដំណោះស្រាយ​ចំពោះ​ការ​ជាប់​គាំង​ថវិកាជាតិ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​លោក Olaf Scholz៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ