ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ ​ប្រកាស​ពី​ឱកាស​ការងារ ​ជាង​៤​ម៉ឺនកន្លែង​ នៅ​ទូ​ទាំង​ប្រទេស

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ៧ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ៧ ខែវិច្ឆិកា ឆ្នាំ​ ២០២៤​ នេះ បានឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន ៤៤៩៣៥​កន្លែង ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​បី​ធំ​ៗ​នៅ​ទូ​ទាំង​ប្រទេស សម្រាប់​សាធារណជន យុវជន ងាយស្រួល​ជ្រើសរើស ​ចូល​បម្រើ​ការងារ​ តាម​ជំនាញ​ដែល​ខ្លួន​មាន​ ។

បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ ឱកាស​ការងារ​ជាង​ ៤​ ម៉ឺន​កន្លែង​នោះ មាន​ក្នុង​វិស័យ​ដូច​ជា វិស័យ​ឧស្សាហកម្ម ចំនួន ៣២១៥៥​ កន្លែង វិស័យ​កសិកម្ម​ចំនួន ៣០៧៦​កន្លែង និង​សេវាកម្ម​ចំនួន ៩៧០៤​កន្លែង ដែល​ត្រូវ​បាន​ប្រកាស​ជ្រើសរើស​នៅ​ក្នុង​បណ្តា​ខេត្ត​ជា​ច្រើន​ដូច​ជា​៖ ខេត្តកំពង់ស្ពឺ​, ខេត្តកំពង់ឆ្នាំង​, រាជធានី​ភ្នំពេញ​, ខេត្តស្វាយរៀង​, រតនគីរី​, ក្រចេះ​, តាកែវ​, កណ្តាល​, បន្ទាយ​មាន​ជ័យ​, ស្ទឹង​ត្រែង​, កំពង់ចាម និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ ។

ក្នុង​នោះ​ដែរ តម្រូវការ​កម្លាំង​ពលកម្ម​មាន​ដូច​ជា មន្ត្រី​ឥណទាន និង​ប្រាក់​កម្ចី​, អ្នកបញ្ជា​ម៉ា​សុ​ី​ន​ដេរ​, អ្នកត្រួតពិនិត្យ​ដំណើរការ​ផលិត​លោហធាតុ​, យន្តការី និង​អ្នក​ដំឡើង​អគ្គិសនី និង​បុគ្គលិក​ផ្នែក​កត់ត្រា​ស្ថិតិ ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង និង​មុខរបរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ បងប្អូន យុវជន សិស្ស និស្សិត មេត្តា​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​ទូរ​សព្ទ 1297 ឬ 1286 ឬ តេ​លេ​ក្រាម និង CoolApp លេខ 077 23 23 78 ដើម្បី​ចុះ​ឈ្មោះ និង​សម្ភាស​ភ្លាម​ៗ ​។

ទន្ទឹម​នឹង​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ច្រើន​សម្បូរ​បែប ឯកឧត្តម​រដ្ឋលេខាធិការ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​សូម​ចាប់​យក​ឱកាស​ការងារ​ដែល​នៅ​ក្បែរ​ខ្លួន ហើយ​សូម​កុំទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្រៅប្រទេស ខណៈ​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ត្រូវ​បាន​ប្រកាស​ជា​ហូរហែរ និង​ជា​ច្រើន​មុឺ​ន​កន្លែង​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ថែម​ថា បងប្អូន​ប្រជាពលរដ្ឋ សូម​ធ្វើការ​ពិចារណា​អំពី​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ដែល​កំពុង​មាន​តម្រូវការ​ជា​ខ្លាំង​នៅ​ឆ្នាំ​ ២០២៤ និង​ឆ្នាំ ​២០២៥​ ខាង​មុខ ខណៈ​ការ​ធ្វើការ​នៅ​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​គឺ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ផង​ដែរ​ ។ ក្នុង​នោះ ទី​ ១ ប្រាក់​ឈ្នួល​សមរម្យ ទី​២​កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ និង​ទី ​៣ ការ​ចំណាយ​ទាប​ដែល​អាច​ឱ្យ​បងប្អូន​សន្សំ​សំចៃ​ការ​ចាយវាយ​ជា​ប្រចាំ​បាន ​។

គួរ​បញ្ជាក់​ថា ចាប់ពី​ខែសីហា ឆ្នាំ​២០២៣ ដល់​ខែសីហា ឆ្នាំ​ ២០២៤ ពោល​គឺ​មួយ​ឆ្នាំ​ដំបូង​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេច​បាន​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​លើ​កិច្ចការ​ស្វែងរក​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ ។

ទន្ទឹម​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) បាន​រៀបចំ​កម្មវិធី “​វេទិកា​ការងារ​” ជា​ប្រចាំ​ដើម្បី​បង្កើត​កន្លែង​ជួប​គ្នា​ដោយ​ងាយស្រួល​រវាង​និយោជក និង​អ្នក​ស្វែងរក​ការងារ ក្នុង​ការ​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ ដែល​រួម​មាន​៖ កិច្ច​សម្ភាស​ការងារ វេទិកា​ការងារ និង​ពិព័រណ៍​ការងារ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ដែល​ក្រុមហ៊ុន សហ​គ្រាប់​ធំ​ៗ​ជា​ច្រើន​អាច​ចូលរួម​ដាក់​តាំង​បង្ហាញ​ឱកាស​ការងារ​ជូន​សាធារណជន​ ។ លើស​ពី​នេះ NEA ក៏​មាន​មជ្ឈមណ្ឌល​ការងារ​ចំនួន ១៤ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន ៧ ដើម្បី​ផ្តល់​ព័ត៌មាន និង​សេវា​ការងារ​ដោយ​ផ្ទាល់ ជូន​យុវជន សិស្ស​/​និស្សិត​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល និង​សាកលវិទ្យាល័យ​នានា​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ​៕ អត្ថបទសហការ