ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុវជន​ជំនាញ​បច្ចេកទេស​ ៧ ​រូប ត្រូវ​បានជ្រើសរើស​ជា​តំណាង​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​ ១៤ នៅ​ប្រទេស​ហ្វី​លី​ពី​ន ឆ្នាំ​ ២០២៥

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ យុវជន​ដែល​សិក្សា​ជំនាញ​បច្ចេកទេស​ចំនួន ៧​រូប​ត្រូវ​បាន​ជ្រើសរើស​ជា​តំណាង​បេក្ខជន​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​ ១៤ នៅ​ប្រទេស​ហ្វី​លី​ពី​ន ឆ្នាំ​២០២៥​ ។ ការ​ជ្រើសរើស​នេះ​បន្ទាប់​ពី​ពួក​គេ​ឈ្នះ​មេដាយមាស​ពី​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​៩ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ​ ៖ យុវជន​ដែល​សិក្សា​ជំនាញ​បច្ចេកទេស​ចំនួន ៧​រូប​ត្រូវ​បាន​ជ្រើសរើស​ជា​តំណាង​បេក្ខជន​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​ ១៤ នៅ​ប្រទេស​ហ្វី​លី​ពី​ន ឆ្នាំ​២០២៥​ ។ ការ​ជ្រើសរើស​នេះ​បន្ទាប់​ពី​ពួក​គេ​ឈ្នះ​មេដាយមាស​ពី​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​៩ ឆ្នាំ​២០២៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ​២១ ដល់​ថ្ងៃ​ទី ​២៥ ខែតុលា ឆ្នាំ​២០២៤​ កន្លង​ទៅ ដោយ​មាន​បេក្ខជន​សរុប​ចំនួន​៩៣​រូប មក​ពី​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​១៦ ធ្វើការ​ប្រឡងប្រជែង​លើ​ជំនាញ​បច្ចេកទេស​យ៉ាង​ស្វិតស្វាញ ​។

យុវតី ណា​ន សុខ​ហេង ជា​បេក្ខជន​ជ័យ​លា​ភី​ទទួល​បាន​មេដាយមាស​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​៩ ឆ្នាំ​២០២៤ ជំនាញ Information Network Cabling មក​ពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស NTTI លើក​ឡើង​ថា ខ្លួន​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ទទួល​បាន​មេដាយមាស​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​៩ ជាមួយ​បណ្តា​បេក្ខជន​ជិត​១០០​នាក់ មក​ពី​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ជា​ច្រើន ដែល​សុទ្ធសឹងតែ​ជា​បេក្ខជន​ដែល​មាន​សមត្ថភាព​ខ្ពស់​លើ​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា​ ។

យុវតី​រូប​នេះ​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​បាន​ទទួល​បាន​មេដាយមាស​ក្នុង​កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤  យុវតី​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​១៤ ឆ្នាំ​២០២៥​នៅ​ប្រទេស​ហ្វី​លី​ពី​ន​។ យុវតី​មាន​សេចក្តី​រំភើប​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​តំណាង​ប្រទេស​ជាតិ និង​សាលា​របស់​ខ្លួន​លើ​ការ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​លំដាប់​អន្តរជាតិ ហើយ​ខ្លួន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ខិតខំ​រៀន​បន្ត និង​សិក្សា​ស្រាវ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ជូន​ជាតិ និង​សាលា​របស់​ខ្លួន ។

ដោយឡែក យុវជន អុល សុភា​រម្យ ជា​បេក្ខជន​ទទួល​បាន​មេដាយមាស​មួយ​រូប​ទៀត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​៩ ឆ្នាំ​២០២៤ លើ​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម (Automation) មក​ពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស NTTI ​លើក​ឡើង​ថា ការ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​១៤ ឆ្នាំ​២០២៥ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ជា​ក្តី​បំណង​ដ៏​ធំ​មួយ​របស់​ខ្លួន ហើយ​សមិទ្ធផល​ផ្លែផ្កា​នៅ​ពេល​នេះ​ជា​មោទកភាព​ដ៏​ធំ​មួយ​សម្រាប់​ខ្លួន​លើ​ផ្លូវ​នៃ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

យុវជន​រូប​នេះ​បន្ថែម​ថា ការ​នាំ​មក​នូវ​មេដាយមាស​ពី​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​១៤ ឆ្នាំ​២០២៥ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ គឺជា​គោលបំណង​ដ៏​ធំ​ថ្មី​មួយទៀត​សម្រាប់​រូបគេ ដោយ​ខ្លួន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​អាច​ពាំនាំ​កិត្តិយស​ជូន​ប្រទេស​កម្ពុជា ក៏​ដូច​ជា​សាលា​បណ្តុះបណ្តាល​របស់​ពួក​គេ ដើម្បី​បង្ហាញ​ថា​កម្ពុជា​ក៏​មាន​យុវជន​មាន​សមត្ថភាព​ខ្ពស់​លើ​ជំនាញ​បច្ចេកទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ធំ​ៗ​នៅ​ក្នុង​តំបន់​ផង​ដែរ​ ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​១៣ កាលពី​ឆ្នាំ​២០២៣ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី លើ​ជំនាញ​សរុប​ចំនួន ២២​ជំនាញ​។ ដោយឡែក ការ​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​១៤ ឆ្នាំ​២០២៥ ដែល​នឹង​ធ្វើ​នៅ​ប្រទេស​ហ្វី​លី​ពី​នខា​ង​មុខ​នេះ​មាន​ជំនាញ​សរុប​ចំនួន ៣២​ជំនាញ ដែល​ក្នុង​នោះ​ក៏​មាន​បេក្ខជន​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​ផង​ដែរ​ ៕ អត្ថបទសហការ