រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានចេញពីរៀនមុនបងស្រីរបស់ខ្លួនម្នាក់ទៀត ហើយមិនបានទៅផ្ទះមុននោះទេ ដោយបានរង់ចាំបងស្រីចេញពីរៀនទើបទៅផ្ទះជាមួយគ្នា ខណៈនោះក៏បានឆ្លៀតចុះលេងទឹកស្រះក្នុងវត្តមួយកន្លែងដែលមានជម្រៅប្រមាណ១០ម៉ែត្រ ហើយជាអកុសលបណ្ដាលឲ្យលង់ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមុខព្រះវិហារវត្តអង្គត្រគៀត ស្ថិតនៅក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងប្រុសរូបនោះឈ្មោះង៉ែត ដេវីត អាយុ៦ឆ្នាំ ជាសិស្សថ្នាក់ទី១ រៀននៅសាលាបឋមសិក្សាវត្តអង្គត្រគៀត ជាគ្រួសារក្រីក្រ ដែលមានឪពុកធ្វើជាសន្តិសុខ និងម្ដាយជាកម្មការិនីរោងចក្រ ។ មានស្រុកកំណើតនៅភូមិដើមគ ឃុំក្អែកយំ ស្រុកបុរីជលសារ ខេត្តតាកែវ ហើយបានមកស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងភូមិកើតហេតុខាងលើស្ថិតនៅជិតសាលារៀននោះដែរ ។
បើតាមសាច់ញាតិបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ឪពុកម្ដាយបានចេញទៅធ្វើការរៀងៗខ្លួន ចំណែកក្មេងប្រុសរងគ្រោះនិងបងស្រីម្នាក់ទៀតបាននាំគ្នាទៅរៀន ប៉ុន្តែអ្នកទាំង២រៀនថ្នាក់ខុសគ្នា ហើយជារៀងរាល់ថ្ងៃពេលចេញពីរៀនតែងតែទៅផ្ទះហូបបាយថ្ងៃត្រង់ ជុំគ្នាជាមួយឪពុកម្ដាយនៅផ្ទះជួល ។ ដោយឡែកនៅថ្ងៃកើតហេតុក្មេងប្រុសរូបនោះចេញពីរៀនមុនបងស្រី ហើយអត់បានទៅផ្ទះទេមុននោះទេ គឺនៅរង់ចាំបងស្រីចេញពីរៀននៅវេលាម៉ោង១១ និងទៅផ្ទះជាមួយគ្នា បន្ទាប់មកក្មេងប្រុសរូបនេះក៏បានដើរទៅលេងនៅស្រះទឹកមុខព្រះវិហារវត្តអង្គត្រគៀត ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះក៏មានក្មេងប្រុសស្រីជាច្រើននាក់ទៀតនៅលេងទីនោះដែរ ចំណែកលោកគ្រូ អ្នកគ្រូបង្រៀនបានហាមក្មេងៗទាំងនោះរួមទាំងក្មេងប្រុសរងគ្រោះផងមិនឲ្យចុះលេងទឹកទេ និងបានហៅឲ្យដើរចេញដែរ ។ ប៉ុន្តែពួកគេមិនព្រមស្ដាប់និងចាកចេញឡើយ ក្រោយមកក្មេងប្រុសឈ្មោះង៉ែត ដេវីត ក៏បានចុះលេងទឹកស្រះនោះ ហើយក៏បានលង់លិចបាត់ទៅក្នុងទឹកតែម្ដង បន្ទាប់មកក្មេងៗដ៏ទៃទៀតបានរត់ទៅប្រាប់ជាងដែលកំពុងសាងសង់ចេតិយ៍ក្នុងវត្តនោះឲ្យជួយ ។
ប្រភពដដែលបានបញ្ជាក់ប្រាប់ថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយក្រុមជាងបាននាំគ្នារត់ទៅចុះរាវច្រើននាទីក្រោយមក ទើបរកឃើញក្មេងប្រុសរងគ្រោះខាងលើទើរនៅលើកាំជណ្ដើរក្នុងស្រះទឹកក៏ស្រង់ឡើងគោក ជួយសង្រ្គោះបឋមដោយលីលើស្មារត់រលាក់ទឹកចេញ ។ បន្ទាប់មកទៀតឪពុកម្ដាយក្មេងប្រុសរូបនោះបានទៅដល់ ហើយបាននាំកូនទៅកាន់មន្ទីរពេទ្យ ប ស ស មួយកន្លែងដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់ត្រូវគ្រូពេទ្យប្រាប់ថា កូនគាត់នោះស្លាប់បាត់ទៅហើយ ។
ក្រោយមកឪពុកម្ដាយបានដឹកសពកូនប្រុសត្រលប់ទៅកន្លែងកើតហេតុវិញដើម្បីឲ្យនគរបាលធ្វើកោសល្យវិច័យ ហើយពួកគាត់សម្រេចចិត្តថា និងយកសពទៅតម្កល់ធ្វើបុណ្យនៅឈាបនដ្ឋានវត្តជន្លង់ម្លូ ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល តាមប្រពៃណី ៕
ចែករំលែកព័តមាននេះ