រាជធានីភ្នំពេញ ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះបងប្អូនខ្មែរក្រោម ដែលបានបន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់មកនេះ និងបានអញ្ជើញមកចូលរួមនៅក្នុងអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរយ៉ាងច្រើនកុះករ ។
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោមក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះបងប្អូនខ្មែរក្រោមដែលបានបន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់មកនេះ និងបានអញ្ជើញមកចូលរួមនៅក្នុងអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរយ៉ាងច្រើនកុះករ និងប្រកបដោយសេចក្តីសប្បាយរីករាយជ្រះថ្លាដោយបុណ្យកុសល ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាគមកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរពីព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតពិតជាមានសេចក្តីរំភើប និងសោមនស្សរីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តពោធិគិរីវង្សារាម នាពេលនេះ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះមិនមែនទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងសម្ដេចបានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកជាច្រើនឆ្នាំដោយសារតែមានធុរៈគ្រួសារក្នុងនោះ លោកឪពុកក្មេករបស់សម្តេចបានទទួលមរណភាព នៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតបានទទួលមរណភាព នៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យគម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះត្រូវបានពន្យារពេល ។ នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្របសម្រាប់ការធ្វើអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ ។ អង្គកឋិនទាននេះទទួលបានការជួយជ្រោមជ្រែងគាំទ្រយ៉ាងខ្លាំងពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា ។
ដោយសារតែមានការជួយសម្របសម្រួលពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំខេត្តត្រាវិញ គ្រប់ជាន់ថ្នាក់ផងដែរទើបនៅថ្ងៃនេះយើងទាំងអស់គ្នាអាចដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរមកកាន់វត្តពោធិគិរីវង្សារាម ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាល និងប្រជាជនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នានៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ជាដើម ។ នេះជាអង្គកឋិនទានជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅ ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទ, និយាយជារួម និងនិយាយដោយឡែក, ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានបង្កភាពងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្រោម រស់នៅ និងគោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនជារៀងរហូតមក និងបន្តថែរក្សាពូនជ្រុំឱ្យរីកចម្រើន រាប់ជំនាន់ទៅមុខទៀត ដើម្បីចូលរួមចំណែកនៅក្នុងការថែរក្សាបេតិកភណ្ឌដែលមនុស្សជាតិមាន ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្ថែមថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន១ម៉ឺនដុល្លារអាមេរិកស្មើនឹង២៥១លានដុង និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន១ម៉ឺនដុល្លារអាមេរិកស្មើនឹង២៥១ លានដុងផងដែរ ។
បច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែររបស់យើង នាពេលនេះ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្តប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនារួមមាន ៖ ទី១ ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២លានដុង(ម្ភៃបីប៊ីលាន ប្រាំបីរយសែសិបពីរលានដុង) ។ ទី២ បច្ច័យសង្កត់ត្រៃធំ៥០លានដុង (ហាសិនលានដុង) ទី៣ បច្ច័យសង្កត់ត្រៃសូត្រស្តាំ២៥ លានដុង (ម្ភៃប្រាំលានដុង) ។ ទី៤ បច្ច័យសង្កត់ត្រៃសូត្រឆ្វេង២៥ លានដុង (ម្ភៃប្រាំលានដុង) ។ ទី៥ ប្រគេនបច្ច័យព្រះសង្ឃចំនួន៥៧អង្គ គង់នៅវត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន១២ លាន៥សែនដុង (ដប់ពីរលានប្រាំសែនដុង)។ ទី៦ ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង (ពីរលានប្រាំសែនដុង)។ ទី៧ ប្រគេនបច្ច័យដល់វត្តចំនួន១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង១វត្ត បច្ច័យចំនួន២៥១ លានដុង (ពីររយហាសិបមួយលានដុង) ។
សរុប ថវិកាដែលត្រូវចំណាយក្នុងអង្គកឋិនទាំងមូលចំនួន៦០ប៊ីលាន ៥៥៦លាន ៥សែនដុង (ហុកសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលាន ប្រាំសែនដុង) ។ ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទានដ៏ថ្លៃថ្លានេះ ៕
ចែករំលែកព័តមាននេះ