ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឃឹម ហ្វីណង់ អះអាងថា សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» រកឃើញប្រាក់ចំណេញបណ្តើរៗហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និយាយ​ដល់​កសិកម្ម ពិសេស​បន្លែបង្ការ ដូច​ជា​ស្ពៃ ត្រសក់ និង​បន្លែ​ផ្សេង គឺ​កសិករ​មួយ​ភាគ​តែង​ត្អូញត្អែរ​ថា «​ដល់​ពេល​ប្រមូល​ផល​» តម្លៃ​កសិផល​ខ្មែរ…

រាជធានីភ្នំពេញ ៖ និយាយ​ដល់​កសិកម្ម ពិសេស​បន្លែបង្ការ ដូច​ជា​ស្ពៃ ត្រសក់ និង​បន្លែ​ផ្សេង គឺ​កសិករ​មួយ​ភាគ​តែង​ត្អូញត្អែរ​ថា «​ដល់​ពេល​ប្រមូល​ផល​» តម្លៃ​កសិផល​ខ្មែរ «​គឺ​ធ្លាក់​ថ្លៃ ឬ​ចុះថោក​» សឹងតែ​រក​ចំនេញ​គ្មាន ឬ​ខាត​តែ​ម្តង ។

យ៉ាងណាមិញ កន្លង​មក​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ តែងតែ​ព្យាយាម​រក​ដំណោះស្រាយ​ទីផ្សារ​ជូន​កសិករ​ខ្មែរ និង​ជួយ​ឱ្យ​តម្លៃ​កសិផល​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​លក់​បាន​ថ្លៃ​ផង​ដែរ​។

តែ​យ៉ាងណាមិញ ដើម្បី​ឱ្យ​តម្លៃ​កសិផល​របស់​ខ្មែរ មាន​ទីផ្សារ និង​រក្សា​បាន​តម្លៃ​ល្អ ជា​រឿង​ពិបាក ដោយសារ​តែ​ទាមទារ​ឱ្យ​មានការ​ចងក្រង​សហគមន៍ ជា​ជាង​ការ​ដាំ​ដុះ​មិន​សម​ស្រប​តាម​ទីតាំង​ភូមិសាស្ត្រ ឬ​ដាំ​ដុះ​ដាច់​ដោយឡែក​ពី​គ្នា​ឆ្ងាយ​ៗ​ពី​គ្នា​ជាដើម ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រសួងកសិកម្ម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​កសិករ​ចងក្រង​ជា​សហគមន៍ ដើម្បី​ងាយស្រួល​ប្រកប​អាជីវកម្ម និង​ការ​លក់ដូរ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​សហគមន៍​កសិកម្ម​ទំនើប​មួយ​កន្លែង​ចាប់ផ្តើម​ទទួល​បាន​នូវ​ផល​ចំណេញ​ពី​ការ​ចងក្រង​សហគមន៍ និង​ឈាន​ដល់​ការ​ចែករំលែក​នូវ​ភាគលាភ​ដែល​បាន​មក​ពី​ការ​លក់​ផលិតផល​កសិកម្ម​តាម​ទម្រង់ការ​ចងក្រង​សហគមន៍​ផង​ដែរ​។

បើ​តាម​លោក ឃឹម ហ្វី​ណ​ង់ ដែល​បាន​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក នា​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​អម​នូវ​រូបថត​ជា​ច្រើន​សន្លឹក​របស់​កសិករ និង​រូប​លោក​ផ្ទាល់​កំពុង​គណនា​លេខ​លើ​ចំណូល និង​ការ​គិត​អំពី​ចំណេញ និង​ការ​ចែក​ភាគលាភ​នោះ ឃើញ​ថា កសិករ​ដែល​បាន​ចងក្រង​សហគមន៍​ពិតជា​ទទួល​បាន​ផល​ចំណេញ​ពិតប្រាកដ​មែន ។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​សរសេរ​សារ​ថា «​ទីបំផុត សហគមន៍​កសិកម្ម​ទំនើប​«​បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​» អាច​បែងចែក​ភាគលាភ​ជូន​ដល់​សមាជិក​របស់​ខ្លួន​ជា​លើក​ដំបូង​បាន​ហើយ បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ដំណើរការ​អស់​រយៈពេល​៣​ខែ​រួច​មក​»​។ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​បន្ត​ថា «​ទោះបីជា​ខែ​ទី​១​មិន​មាន​ប្រាក់​ចំណូល ហើយ​ខែ​ទី​២​ប្រាក់​ចំណេញ​នៅ​ទាប​ជាង​ការ​រំពឹង​ទុក តែ​ប្រតិបត្តិការ​ក្នុង​ខែ​ទី​៣​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សហគមន៍​កំពុង​ឈាន​ទៅ​ចាប់​យក​ប្រាក់​ចំណេញ​ទៅ​តាម​ផែនការអាជីវកម្ម​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ហើយ​»​។

លោក ឃឹម ហ្វី​ណ​ង់​ក៏​បាន​បង្ហាញ​សុ​ទិ​ដ្ឋ​និយម​ថា «​លោក សង្ឃឹមថា សម្រាប់​ការ​បែងចែក​ប្រាក់​ភាគលាភ​ជា​លើក​ទី​២​នា​ចុងខែ​ធ្នូ​ខាង​មុខ​នេះ សហគមន៍​នឹង​អាច​សម្រេច​បាន​តាម​គោលដៅ​ប្រាក់​ចំណេញ​គ្រោងទុក ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សមាជិក​នីមួយ​ៗ​បាន​ច្រើន​ជាង​ពេល​ដាំ​បន្លែ​រៀង​ៗ​ខ្លួន​ជា​លក្ខណៈ​គ្រួសារ​»​។ ក្រោយ​ឃើញ​ការ​បង្ហោះ​របស់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម អំពី​ការ​បែងចែក​ភាគលាភ​នៃ សហគមន៍​កសិកម្ម​ទំនើប «​បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​» នោះ ក៏​មាន​កសិករ​ខ្មែរ​ផ្សេង​ទៀត​បាន​ចូល​ទៅ​សំណូមពរ​ឱ្យ​ខាង​ក្រសួង​ចុះ​ទៅ​ជួយ​បង្កើត​សហគមន៍​ទំនើប​បែប​នេះ​នៅ​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក ឃឹម ហ្វី​ណ​ង់ បាន​ជម្រាប​ជូន​កសិករ​ថា «​ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​ទាមទារ​ឱ្យ​មាន​តម្រូវការ​ពី​កសិករ ការ​ស្ម័គ្រ​ធ្វើការ​រួម​គ្នា និង​ភាព​សម​ស្រប​នៃ​ទំហំ ទីតាំង និង​ប្រភេទ​ដំណាំ​។ គួរ​សិក្សា​ស្វែង​យល់​ជា​មុន​សិន​»​។

ងាក​ទៅ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ធំ​បាន​សាទរ​នូវ​អ្វី​ដែល​ផ្លែផ្កា​របស់ សហគមន៍​កសិកម្ម​ទំនើប «​បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​» ដោយ​បងប្អូន​ខ្លះ​បាន​ពោល​ថា «​នេះ​ជា​សញ្ញាណ​មួយ​យ៉ាង​ល្អ ដែល​មន្ត្រី​បាន​ចុះ​ផ្ទាល់​ជាមួយ​ប្រជាជន ហើយ​ក៏​សុំ​អោយ​ក្រសួង​ផ្សេង​ៗ ចាប់ផ្តើម​ចុះ​ជាមួយ​ប្រជាជន​អោយ​បាន​ច្រើន​កុំ​សំងំ​តែ​ក្នុង​ការិយាល័យ ម៉ាស៊ីនត្រជាក់ ឬ​មក​ដើម្បី​តែ​ស្កេ​ន​មេដៃ ។ ដល់​ពេល​ដែល​យើង​ត្រូវ​កែប្រែ និង​បោះចោល​ទម្លាប់​ស្ពឹក​ស្រពន់​របស់​មន្ត្រី​ហើយ​»​។ ចុះ​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ យល់​ថា ទឹកដី​ខេត្ត​-​ក្រុង​របស់​អ្នក​សមប្រកប​នឹង​ការ​បង្កើត​សហគមន៍​ទំនើប​កសិកម្ម​លើ​ផលិតផល​កសិកម្ម​អ្វី​ដែរ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ