ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ជួប​ពិភាក្សា​ការងារ​ជាមួយរដ្ឋមន្ត្រី​ការងារ​ប្រទេស​ថៃ អំឡុង​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន លើក​ទី ​២៨

1 ខែ មុន

ប្រទេសសិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង កឧត្តម ភីផាត់…

ប្រទេសសិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង កឧត្តម ភីផាត់ រាតចាគីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ប្រទេស​ថៃ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី នា​ព្រឹក​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០២៤ នា​ឱកាស​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន លើក​ទី ​២៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ។

ឯកឧត្តម ហេង សួរ បាន​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​សារ​ជា​ថ្មី ចំពោះ កឧត្តម ភីផាត់ រាតចាគីតប្រាកន (Phiphat Ratchakitprakarn) ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ នា​ពេល​ថ្មី​ៗ​នេះ ​។ ក្នុង​ជំនួប​ទ្វេភាគី​នេះ ភាគី​ទាំង​ពីរ​បាន​សម្រេច​នូវ​លទ្ធផល​ជា​ផ្លែផ្កា ដូច​ខាងក្រោម ​៖

១- ​ភាគី​ថៃ​ឯកភាព​នឹង​ស្នើ​សុំ​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ តាម​សំណើ​របស់ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry Permit) សម្រាប់​បងប្អូន​ពលករ​ខ្មែរ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ខែមេសា ឆ្នាំ​២០២៥ ខាង​មុខ ដូច​ទៅ​នឹង​ឆ្នាំ​នេះ​ដែរ ​។

២- ភាគី​ថៃ​បាន​ជម្រាប​ភាគី​កម្ពុជា​ថា គណៈរដ្ឋមន្ត្រី​ថៃ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​បន្ត​បណ្ណ​អនុញ្ញាត​ការងារ (Work Permit) និង​ការ​ស្នាក់​នៅ​ចំពោះ​ពលករ​ខ្មែរ​ដែល​មាន​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៥ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​រយៈពេល ២​ឆ្នាំ​បន្ត​ទៀត រហូត​ឆ្នាំ​២០២៧ ដោយ​មិនបាច់​ចាក​ចេញពី​ប្រទេស​ថៃ​ទេ​ ។

៣- ​ភាគី​ថៃ​នឹង​ពិចារណា​លើ​សំណើ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ដល់​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ក្លាយជា​ពលករ​ជំនាញ ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​ពលករ​គ្មាន​ជំនាញ និង​ការ​បញ្ជាក់​ទទួលស្គាល់​ជំនាញ​របស់​ពលករ​ខ្មែរ​ដែល​បាន​បញ្ចប់​ការងារ និង​វិល​ត្រលប់​មក​មាតុប្រទេស​វិញ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា នឹង​ទទួលស្គាល់​រាល់​ការ​បញ្ជាក់​ជំនាញ​របស់​ភាគី​ថៃ​ដល់​ពលករ​ខ្មែរ​ ។

៤- ​ភាគី​ថៃ​ជម្រាប​ជូន​ភាគី​កម្ពុជា​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម ដូច​កម្មករនិយោជិត​ជនជាតិ​ថៃ​ដែរ​ ។ ជាមួយ​គ្នា​នេះ ភាគី​កម្ពុជា​ស្នើ​ដល់​ភាគី​ថៃ បន្ត​សិក្សា​លើ​គំនិត​ផ្តួចផ្តើម​ជាមួយ​ស្ថាប័ន​សន្តិសុខ​សង្គម​កម្ពុជា ដើម្បី​អាច​ធ្វើ​ចល័ត​ភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេ​សន្តរ​ប្រវេ​សករ​នៃ​ប្រទេស​ទាំង​ពីរ នៅ​ពេល​ដែល​ពួក​គាត់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ស្រប​តាម​គោលការណ៍​ណែនាំ​អាស៊ាន ស្តី​ពី​ចល័ត​ភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេស​ន្ត​ប្រវេ​សករ​ក្នុង​តំបន់​អាស៊ាន ​។

៥- ​ភាគី​ទាំង​ពីរ​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​គ្រប់គ្រង​លើ​ដំណើរការ​បញ្ជូន និង​ទទួល​ពលករ​ខ្មែរ​ឱ្យ​មាន​ភាព​ពេញលេញ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ពលករ​ខ្មែរ និង​និយោជក​ថៃ ជា​ពិសេស​កាត់​បន្ថយ​ពេលវេលា​សម្រាប់​ដំណើរការ​ឯកសារ និង​កាត់​បន្ថយ​លំហូរ​នៃ​ពលករ​កម្ពុជា ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ ចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ​។

កិច្ចប្រជុំ​ទ្វេភាគី​រវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងកឧត្តម ភីផាត់ រាតចាគីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ប្រទេស​ថៃ បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល និង​មិត្តភាព ​៕ អត្ថបទសហការ