ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យប្រកាសថ្កោលទោស និងព្រមានតាមផ្លូវច្បាប់បុគ្គលដែលប្រើឈ្មោះឯកឧត្ដមអភិសន្តិបណ្ឌិតយកទៅធ្វើទង្វើមិនគប្បី

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​បដិសេធ​ចំពោះ​ករណី​មាន​បុគ្គល​មួយ​ចំនួន​ប្រើ​ឈ្មោះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ទៅ​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី ។

អ្នកនាំពាក្យ​រូប​នេះ​បាន​សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ថ្មី​ៗ​នេះ​មាន​បុគ្គល​ឆ្លៀតឱកាស​មួយ​ចំនួន​បាន​តាំងខ្លួន​ជា​សាច់ញាតិ ជា​ក្រុមការងារ ឬ​ជា​ជំនួយការ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដើម្បី​ធ្វើ​ជា​បង្អែក​កាង​ទំនាស់​ឯកជន ឬ​ដាក់​សម្ពាធ​លើ​អាជ្ញាធរ សមត្ថកិច្ច​ឱ្យ​ផ្ដល់​ប្រាក់​ជា​ថ្នូរ​ទៅ​នឹង​ការ​មិន​ចាត់វិធានការ​នានា និង​ខ្លះ​ទៀត​បាន​តម្រូវ​ឱ្យ​បង់ប្រាក់​ប្រចាំខែ​ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​ខុសច្បាប់​ផ្សេង​ៗ​ជាដើម ។

ទន្ទឹម​នេះ ក៏​មាន​បុគ្គល​ឆ្លៀតឱកាស​ខ្លះ​ទៀត​បាន​ប្រើប្រាស់​ទំនាក់ទំនង​សង្គម​ទូទៅ និង​រូបថត​ជាមួយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត បង្ហាញ​បង្អួត​ដោយ​កុហក​ជនបរទេស​ថា ខ្លួន​ជា​ក្រុមការងារ​ជា​ជំនួយការ ឬ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដើម្បី​ទាញ​យក​ផលប្រយោជន៍​ក្នុង​គ្រា​ដែល​ជនបរទេស​ទាំងនោះ​ពុំ​ដឹង​ពី​ការ​ពិត ។

ជាង​នេះ​ទៀត ក្នុង​កិច្ច​ប្រតិបត្តិការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​ករណី Call Center ខុសច្បាប់​ក៏​មាន​បុគ្គល​ខ្មែរ និង​ជនបរទេស​ខ្លះ ឆ្លៀតឱកាស​ប្រើ​ឈ្មោះ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ទៅ​បន្លាច​គំ​រា​.​ម​កំ​ហែ​.​ង ប​ន្ទុ​ច​បង្អាក់ការងារ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ថែម​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មានការ​បង្កើត​ពាក្យ​ចចាមអារ៉ាម ខ្សឹបខ្សៀវ​ក្នុង​ចេតនា​ទុច្ចរិត អុចអាល​ញុះញង់ បង្ខូច​កេរ្តិ៍ឈ្មោះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត​ថា ជា​អ្នក​នៅ​ពីក្រោយ​ទីតាំង Call Center ខុសច្បាប់ ឬ​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នេះ ក្រុមហ៊ុន​នោះ ដោយ​គ្រាន់តែ​ផ្អែក​លើ​រូបថត​ជាមួយ​គ្នា ឬ​ទំនាក់ទំនង​ក្នុង​សង្គម​ជា​ធម្មតា ។

អ្នកនាំពាក្យ សូម​សង្កត់ធ្ងន់​ថា ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ប្រកាន់ សុចរិតធម៌​ជា​មាគ៌ា​ជីវិត ទាំង​ក្នុង​កិច្ចការ​បម្រើ​ជាតិ និង​ប្រជាជន និង​ទាំង​ក្នុង​សកម្មភាព​ទំនាក់ទំនង​សង្គម ។ សម្រាប់​សាធារណជន ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត តែង​ផ្ដល់​ការ​គោរព ស្រលាញ់ និង​រាប់អាន​ក្នុង​ស្មារតី​ជា​ជនរួមជាតិ ហើយ​សម្រាប់​ធុរជន​ជាតិ និង​អន្តរជាតិ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត តែងតែ​ចូលរួម​ផ្ដល់​ការ​លើកទឹកចិត្ត​គាំទ្រ សម្របសម្រួល និង​បង្ក​លក្ខណៈ​ឱ្យធ្វើ​សកម្មភាព ស្រប​ទៅ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន ពោល គឺ​មិន​ប្រព្រឹត្ត និង​មិន​គាំទ្រ​ជា​ដាច់ខាត​រាល់​សកម្មភាព ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ក្រុម​គ្រួសារ ថ្នាក់ដឹកនាំ​កំពូល​ៗ រាជរដ្ឋាភិបាល និង​គណបក្ស ។

អ្នកនាំពាក្យ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ស្នើ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​រាល់​បុគ្គល​ដែល​ប្រើប្រាស់​ឈ្មោះ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ជា​ពិសេស​ចំពោះ​ជន​ដែល​បង្កើត​ពាក្យ​ចចាមអារ៉ាម លាប​ពណ៌​យ៉ាង​អរគុណ​ធម៌ ផ្ទុយ​ពី​ការ​ពិត​មក​លើ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ។ ក្នុង​ន័យ​នេះ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

ជាមួយ​គ្នា​នេះ សូម​សាធារណជន​មេត្តា​កុំ​ជឿ​លើ​បុគ្គល​ទាំងនោះ និង​សូម​ទាក់ទង​មក ខុទ្ទកាល័យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ប្រសិនបើ​មានការ​សង្ស័យ​ដោយ​ប្រការ​ណាមួយ និង​សូម​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សមត្ថកិច្ច​តាម​ផ្លូវច្បាប់​ក្នុង​ករណី​ដឹង​ថា ខ្លួន​ជា​ជន​រង​គ្រោះ ៕

កែសម្រួលដោយ