កន្លងមក មានមនុស្សមួយចំនួនចង់ដើរផ្លូវកាត់ ដោយការសូកប៉ាន់ ឬឱ្យលុយទៅនរណាម្នាក់ ដែលគេជឿថា មានឥទ្ធិលពល ដើម្បីជួយគេឱ្យក្លាយជាមន្ត្រីរាជការ ឬកងកម្លាំងក្នុងស្ថាប័នណាមួយ ។ កន្លងមក យើងក៏សង្កេតឃើញថា មានមន្ត្រីខ្លះត្រូវបានឃាត់ខ្លួនរឿងទទួលសំណូក ដើម្បីរត់ការឱ្យគេបានជាប់ចូលជាមន្ត្រីជាដើម ។
ជាថ្មីម្តងទៀត ឯកឧត្តម លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះបានអំពាវនាវដល់សាធារណជនកុំឱ្យជឿលើបុគ្គលណាដែលអះអាងជួយអន្តរាគមន៍ឱ្យលទ្ធផលល្អក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ ខណៈលោក ទើបទទួលបានព័ត៌មានថា មានជនឆ្លៀតឱកាសមួយចំនួនបានឆបោក ឬក្លែងបន្លំ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ច្បាស់ៗថា ដើម្បីបានចូលជាមន្ត្រីរាជការ គឺត្រូវឆ្លងកាត់ការប្រឡងដ៏ត្រឹមត្រូវ ពិសេសថ្មីៗនេះ ក្រសួងមុខងារសាធារណៈបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជនដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល ។
ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើទោះក្នុងរូបភាពណាក៏ដោយ ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានសរសេរលើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៦ ខែតុលាថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល គឺឈរលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ។ ការប្រឡងនេះ គឺក្រសួងមុខងារសាធារណៈដឹកនាំដោយបានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនចូលរួមស្មើៗគ្នា ។
លើសពីនេះការប្រឡង មានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់ ។ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាកូនប្រុសមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏បានសង្កត់ធ្ងន់ដដែលថា ៖ «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំមិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព» ។
តាមរយៈយន្តការខាងលើ លោក ហ៊ុន ម៉ានី សង្កេតឃើញបេក្ខជនអាណាព្យាបាល និងសាធារណជនបង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការប្រឡងប្រជែង ។
ជាមួយគ្នាដែរ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអំពាវនាវដល់សាធារណៈជន បង្កើនការប្រុងប្រយ័ត្ន ហើយបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើពាក្យថា ៖ «ចេះ គឺជាប់ ជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្ត» ។
ជាសរុប បើបងប្អូនស្រលាញ់អាជីពការងារជាមន្ត្រីរាជការត្រូវដុះខាត់ខ្លួនឱ្យមានចំណេះដឹងពិតប្រាកដ ព្រោះការប្រើលុយកាសអាចនឹងធ្វើឱ្យលោកអ្នកបង់ទាំងប្រាក់ ស្អុយទាំងឈ្មោះ ៕
ចែករំលែកព័តមាននេះ