ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ថា​បើ​ខ្លួន​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​មែន​ក៏​ស្របតាម​​ច្បាប់​អន្តរ​ជាតិ

1 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ នៅ​ទី​បំផុត​បន្ទាប់​ពី​លោ​កពូទីន​បញ្ចេញ​សារ​នយោបាយ​ថា​ទោះបី​កូរ៉េ​ខាង​ជើង​ និង​រុស្ស៊ី​ពង្រឹង​ទំនាក់​ទំនង​ដល់​កម្រិត​ណា​ក៏​ដោយ​ក៏​វា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រុស្ស៊ី​ ថ្ងៃ​នេះ​របប​ក្រុង​ព្យុង​យ៉ាង​ក៏​បញ្ចេញ​សារ​នយោបា​យ​បន្ទរ​តាម​ពី​ក្រោយ​​ផង​ដែរ​។ ព្យុង​យ៉ាង​ប្រកាស​ថា​បើ​ទុក​ជា​ខ្លួន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​​ក្រែន​ក៏​គ្មាន​ទាស់​ខុស​អ្វី​ដែរ​។ ព្យុង​យ៉ាង​អះ​អាង​ថា​ការ​បញ្ជូន​​​ទ័ពទៅ​រុស្ស៊ី​​ជា​ទង្វើ​ដែល​ស្រប​នឹង​ច្បាប់​អន្តរ​ជាតិ​​។ ប៉ុន្តែ​ព្យុង​យ៉ាង​មិន​បាន​បញ្ជាក់​ឱ្យ​​ច្បាស់​ថា​កង​ទ័ព​របស់​ខ្លួន​ពិត​ជា​បាន​ទៅ​ដល់​ប្រទេស​រុស្ស៊ី និង​បាន​បញ្ជូន​បន្ត​ទៅ​សមរ​ភូមិ​មុខ​ដូច​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដែរ​ឬ​ទេ​។​ ឥឡូវ​នេះ ប្រទេស​មួយ​ចំនួន​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​រឿង​នេះ​។…

ទី​ក្រុង​ព្យុង​យ៉ាង៖ នៅ​ទី​បំផុត​បន្ទាប់​ពី​លោ​កពូទីន​បញ្ចេញ​សារ​នយោបាយ​ថា​ទោះបី​កូរ៉េ​ខាង​ជើង​ និង​រុស្ស៊ី​ពង្រឹង​ទំនាក់​ទំនង​ដល់​កម្រិត​ណា​ក៏​ដោយ​ក៏​វា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រុស្ស៊ី​ ថ្ងៃ​នេះ​របប​ក្រុង​ព្យុង​យ៉ាង​ក៏​បញ្ចេញ​សារ​នយោបា​យ​បន្ទរ​តាម​ពី​ក្រោយ​​ផង​ដែរ​។ ព្យុង​យ៉ាង​ប្រកាស​ថា​បើ​ទុក​ជា​ខ្លួន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​​ក្រែន​ក៏​គ្មាន​ទាស់​ខុស​អ្វី​ដែរ​។

ព្យុង​យ៉ាង​អះ​អាង​ថា​ការ​បញ្ជូន​​​ទ័ពទៅ​រុស្ស៊ី​​ជា​ទង្វើ​ដែល​ស្រប​នឹង​ច្បាប់​អន្តរ​ជាតិ​​។ ប៉ុន្តែ​ព្យុង​យ៉ាង​មិន​បាន​បញ្ជាក់​ឱ្យ​​ច្បាស់​ថា​កង​ទ័ព​របស់​ខ្លួន​ពិត​ជា​បាន​ទៅ​ដល់​ប្រទេស​រុស្ស៊ី និង​បាន​បញ្ជូន​បន្ត​ទៅ​សមរ​ភូមិ​មុខ​ដូច​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដែរ​ឬ​ទេ​។​ ឥឡូវ​នេះ ប្រទេស​មួយ​ចំនួន​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​រឿង​នេះ​។ យោង​តាម​អ៊ុយ​ក្រែន​ អាមេរិក​ និង​ក្រុម​សម្ព័ន្ធ​​មិត្ត​លោក​ខាង​លិច ពួក​គេ​មាន​ភស្តុ​តាង​បញ្ជាក់​ថា​​​របប​ក្រុង​ព្យុង​យ៉ាង​​​បាន​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់​ទៅ​រុស្ស៊ី​ពិត​មែន​។​

កាល​ពី​មុន​នេះ​​ទី​ក្រុង​ម៉ូស្គូ និង​ព្យុង​យ៉ាង​បាន​ចេញ​មុខ​បដិសេធ​ព័ត៌​មាន​​នេះ និង​ចាត់​ទុក​ថា​​វា​​ជា​ព័ត៌មាន​ចចាម​អារ៉ាម​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​។ ប៉ុន្តែ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សាក​សួរ​​លោក​ពូទីន​ដើម្បី​ស្នើ​សុំ​ឱ្យ​លោក​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ ​លោក​មិន​បាន​ឆ្លើយ​តប​ដោយ​ត្រង់​ៗ​ថា​មាន​ ឬគ្មាន​កង​ទ័ព​កូរ៉េ​ខាង​ជើង​នៅ​លើ​ទឹក​ដី​រុស្ស៊ី​ទេ​។ លោក​និយាយ​នៅ​ក្នុង​ន័យ​ទូ​ទៅ​ថា​វា​ជា​សិទ្ធិ​របស់​រុស្ស៊ី​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ព្យុង​យ៉ាង​ និង​ម៉ូស្គូ​។​

តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ជាតិ​កូរ៉េ​ខាង​ជើង​ខេ​ស៊ី​អឹន​អេ (KCNA) អនុ​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​គ្យូ (Kim Jong Gyu) ថ្លែង​ថា​ក្រសួង​មិន​បាន​​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​បញ្ហា​នេះ​ទេ​ ហើយ​វា​​ជា​កិច្ច​ការ​របស់​ក្រសួង​ការ​ពារ​ជាតិ​​ជា​អ្នក​ទទួ​លខុស​ត្រូវ​ខាង​ចាត់​ចែង​កង​ទ័ព​។ ដូច្នេះ ក្រសួង​ការ​បរទេស​សូម​មិនធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​សំណួរ​ថា​តើ​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កង​ទ័ព​ទៅ​ប្រទេស​រុស្ស៊ី​ដែរ​ឬ​ទេ​។​

ប៉ុន្តែ​អនុ​រដ្ឋ​មន្ត្រី​រូប​នេះ​បញ្ជាក់​ថា​បើ​សិន​​មាន​​​រឿង​នេះ​កើត​ឡើង​មែន​​ដូច​អ្វី​ដែល​សារ​ព័ត៌មាន​តូច​ធំ​បាន​​ចុះ​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេងទូទាំង​ពិភព​លោក​​មែន​នោះ​​ លោក​យល់​ថា​កូរ៉េ​ខាង​ជើង​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​។ ​ផ្ទុយ​ទៅវិញ​​អ៊ុយ​ក្រែន​យល់​ផ្សេង​ពី​នេះ។ អ៊ុយ​ក្រែន​យល់​ថា​បើ​​កូរ៉េ​ខាង​ជើង​ពិត​ជា​ប្រឡូក​ខ្លួន​នៅ​ក្នុង​សង្គ្រាម​នេះ​មែន បាន​ន័យ​ថា​ពួក​គេ​កំពុ​ង​ប្រព្រឹត្ត​ខុស​ច្បាប់​ហើយ​ដោយ​យោង​ទៅ​​តាម​ច្បាប់​អន្តរ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ