ទីក្រុងម៉ានីឡា៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះត្រាមី (Trami) នៅហ្វ៊ីលីពីនកើនឡើងដល់៦៦នាក់គិតត្រឹមល្ងាចថ្ងៃសុក្រ ខណៈដែលមនុស្សម្ភៃនាក់ទៀតបាត់ខ្លួន។ ថ្វីដ្បិតខ្យល់ព្យុះស្ងប់ស្ងាត់ទៅវិញក៏ពិតមែន ប៉ុន្តែវានឹងវិលត្រឡប់មកវាយប្រហារសាជាថ្មីនៅកន្លែងដដែលវិញជាលក្ខណៈហោះចាក់កួរមួយជុំ។ ដូច្នះនឹងមានភ្លៀង និងខ្យល់កន្ត្រាក់នៅសប្ដាហ៍ក្រោយជាបន្តទៀត។
សព្វថ្ងៃនេះ ប្រជាជនជិត២,៤សែននាក់រស់នៅក្នុងទីជម្រកបណ្ដោះអាសន្នដើម្បីគេចចេញពីខ្យល់ព្យុះ។ អ្នកដែលត្រូវធ្វើដំណើរតាមជើងទឹក៧៥១០នាក់ត្រូវជាប់គាំងនៅតាមកំពង់ផែ។ ជើងហោះហើរ៣៦ខ្សែត្រូវលុបចោលនៅថ្ងៃសុក្រ។ ប្រធានាធិបតីហ្វ៊ីលីពីនបានចេញបញ្ជាឱ្យដឹកជញ្ជូនជំនួយយកទៅចែកជូនប្រជាជនដែលរស់នៅតំបន់រងគ្រោះខ្លាំងជាងគេ។
ជនរងគ្រោះភាគច្រើនរងរបួស និងស្លាប់ដោយសារការបាក់ដី ទឹកជំនន់ និងហេតុការណ៍ដទៃទៀតនៅតំបន់ប៊ីខូល (Bicol) ដែលបានលិចបាត់ទៅក្នុងទឹក។ លោកម៉ាកូសសន្យាថានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយប្រជាជនតាមគ្រប់វិធីទាំងអស់ទាំងជើងគោក ជើងទឹក និងជើងអាកាស។ ខ្យល់ព្យុះបានបក់ទៅដល់កោះលូហ្សន (Luzon) កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងល្បឿនជិត១០០គីឡូម៉ែត្រក្នុង១ម៉ោង។ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ កន្លែងខ្លះទទួលបានរបបទឹកភ្លៀងស្មើនឹង២ខែ។
នៅទីក្រុងថាលីសៃ (Talisay) នៃខេត្តបាថាន់ហ្កាស់ (Batangas) អ្នកស្រុកចាប់ផ្ដើមបោសសម្អាតទីតាំងរស់នៅរបស់ខ្លួនឡើងវិញបន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ និងជំនន់ទឹកភ្លៀងស្រកទៅវិញ។ ផ្ទះ និងរថយន្តត្រូវកប់នៅក្នុងដីល្បាប់ត្រឹមពាក់កណ្ដាល។ នៅតាមដងផ្លូវនានាពោរពេញដោយសំរាមអណ្ដែតត្រា។ អ្នកមើលស្រះចិញ្ចឹមត្រីម្នាក់ឈ្មោះរ៉ូម៉េអូ (Romeo) ប្រាប់ថាភ្លៀងធ្លាក់ខ្លាំងណាស់នៅពេលមនុស្សមិនបានត្រៀមខ្លួនទុកជាមុន។ ដូច្នេះ ពួកគេខ្លះក៏បានស្លាប់នៅក្នុងគ្រោះធម្មជាតិនេះទៅ។
គាត់ប្រាប់ថាផ្ទះរបស់គាត់ត្រូវបំផ្លិចបំផ្លាញអស់ទាំងស្រុង។ គាត់គ្មានបានយករបស់របរអ្វីមកតាមខ្លួនសូម្បីតែបន្តិច។ ឥឡូវនេះ គាត់ត្រូវចាប់ផ្ដើមកសាងជីវិតសាជាថ្មីចេញពីចំណុចសូន្យ។ នៅបាថាន់ហ្កាស់ អាជ្ញាធរប្រាប់ថាគេរកឃើញសាកសពជនរងគ្រោះយ៉ាងតិច៩នាក់ដែលស្លាប់ដោយសារការបាក់ដីក្រោយពេលភ្លៀងធ្លាក់ខ្លាំង។ ចំណែកនៅតំបន់ប៊ីខូលភាគកណ្ដាល មនុស្សយ៉ាងតិច២៧នាក់បានស្លាប់ដោយសារខ្យល់ព្យុះ៕
ចែករំលែកព័តមាននេះ